header ads

Sponsor

ពិសី

ភ្នំពេញៈ មេខ្លោងជួញដូរស្ត្រីក្មេងឆ្លងដែនយកទៅលក់អោយធ្វើជាស្ត្រីផ្លាមាសម្នាក់ត្រូវបាននាំខ្លួនមកកាត់ទោសនាថ្ងៃនេះក្រោមការចោទប្រកាន់ពីបទការនាំយកចេញដោយមិនស្របច្បាប់សម្រាប់នាំឆ្លងដែន។

ជនជាប់ចោទឈ្មោះស៊ូ ចំរើន ហៅស៊ូ សុភាព ហៅលីលី ហៅ លីហ្សា អាយុ៣៣ឆ្នាំ រស់នៅផ្ទះលេខ៩៤បេ ផ្លូវលេខ១៥០ សង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក គឺជាមេខ្លោងនៅស្រុកចិនដែលបានរៀបការមានប្ដីជនជាតិចិន តែមករស់នៅស្រុកខ្មែរបោកប្រាសនារីខ្មែរយកទៅលក់នៅបករទេសចិនជាច្រើនលើកច្រើនសារ។

ជនរងគ្រោះនៅក្នុងរឿងក្ដីនេះឈ្មោះស្រី ម៉ៅ អាយុ២២ឆ្នាំ ជាកូនកសិករក្រីក្រ។

នៅក្នុងសវនាការ ជនជាប់ចោទ ស៊ូ ចំរើន បានសារភាពថា ខ្លួនបានស្គាល់ជនរងគ្រោះតាមរយៈស្ត្រីម្នាក់ទៀត ហើយឈ្មោះស្រី ម៉ៅ ប្រាប់ថាខ្លួនចង់ទៅរកការងារធ្វើនៅស្រុកចិនក្រែងបានលុយច្រើនជួយគ្រួសារ។ ពេលនោះខ្លួនក៏យល់ព្រមជួយស្រី ម៉ៅ ព្រោះប្ដីរបស់ខ្លួននៅឯស្រុកចិនស្រាប់។ បន្ទាប់មកខ្លួនក៏នាំស្រីម៉ៅ ទៅធ្វើលិខិតឆ្លងដែនអស់លុយ ២២០ដុល្លារ ហើយក៏បាននាំមកស្នាក់នៅផ្ទះសំណាក់រងចាំមួយសប្ដាហ៍ដើម្បីចេញទៅប្រទេសចិន។ លុះដល់ថ្ងៃកំណត់ពេលកំពង់ឡើងជិះរថយន្តទៅប្រទេសវៀតណាម ក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនតែម្ដង។

ចំណែកជនរងគ្រោះវិញបាននិយាយថា ខ្លួនពិតជាចង់ទៅរកការងារធ្វើនៅប្រទេសចិនមែន ប៉ុន្តែខ្លួនចាញ់កល់ល្បិចមេខ្លោង ដោយសារមិនមែនគេនាំទៅរកការងារធ្វើទេ គឺគេនាំទៅរៀបការប្ដីចិនទៅវិញ ទើបនាងប្ដឹងតែម្ដងទៅ។

លោកស្រីកែវ សុគន្ធា ព្រះរាជអាជ្ញារងអមសាលាដំបូងបានធ្វើសេចក្ដីសន្និដ្ឋានថា អំពើរបស់ជនជាប់ចោទជាបទល្មើសជួញដូរមនុស្សឆ្លងដែន មានគោលដៅនិងបក្សពួក និងជាអំពើល្មើសមិនរាងចាលដោយសារសមត្ថកិច្ចបានចាប់ខ្លួនច្រើនដងរួចមកហើយនៅក្នុងរឿងក្ដីដូចគ្នានេះ។ ដូច្នេះតំណាងអយ្យការបានស្នើអោយចៅក្រមដសម្រេចតាមច្បាប់។

លោកចៅក្រម សាន សុផាត បានសម្រេចលើកពេលប្រកាសសាលក្រមរឿងក្ដីនេះទៅថ្ងៃក្រោយ។

សូមរំលឹកថាសមត្ថកិច្ចនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានចុះបង្ក្រាបមេខ្យល់១ក្រុម ដែលបានធ្វើសកម្មភាពនាំនារីខ្មែរ ចំនួន៣០នាក់ ចាប់តាំងពីឆ្នាំ២០១៤ ដល់ខែឧសភា ឆ្នាំ២០១៨ យកទៅលក់ឲ្យបុរសជនជាតិចិន នៅប្រទេសចិន ធ្វើជាប្រពន្ធ។

ក្នុងប្រតិបត្តិការនេះ ដឹកនាំបញ្ជាដោយលោកឧត្តមសេនីយ៍ឯក ប៉ុល ភិធេយ្យ ប្រធាននាយកដ្ឋាន ក្រោមការសម្របសម្រួលពីលោក សៀង សុខ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ សហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងស្នងការដ្ឋាននគរបាលខេត្ដកំពងស្ពឺ កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨។

ក្នុងប្រតិបត្ដិការ ខាងលើនេះ កម្លាំងសមត្ថកិច្ច ចាប់ខ្លួនបានជនសង្ស័យចំនួន៤នាក់ រួមមាន៖

១៖ ឈ្មោះ ស៊ូ សុភាព ហៅស៊ូ ចំរើន ហៅលីលី  ហៅស្រីតា ភេទស្រី អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មានតួនាទីជាមេខ្លោង

២៖ ឈ្មោះ ឃួន សារ៉ាវុធ ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ មានតួនាទីជាអ្នកសម្របសម្រួល

៣៖ ឈ្មោះ សុខ សុទ្ធារក្ស ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មានតួនាទីជាអ្នកនាំស្រ្ដីខ្មែរទៅចិន

៤៖ ឈ្មោះ ផល ផា ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មានតួនាទីជាអ្នកដឹកជញ្ជូន។

អ្នកទាំង៤នាក់នេះ ស្នាក់នៅផ្ទះជួលលេខ ៩៤B ផ្លូវ១៥០ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមការស្រាវជ្រាវជនសង្ស័យខាងលើ បានធ្វើសកម្មភាព ឃោសនាជ្រើសរើស នាំនារីខ្មែរបានចំនួន៣០នាក់ ចេញពីប្រទេសកម្ពុជានាំឆ្លងដែន ដោយខុសច្បាប់ទៅប្រទេសចិន ដើម្បីរៀបអាពាហ៍ពិពាហ៍ផ្ទុយពីឆន្ទៈ ដោយបានតម្លៃក្នុងម្នាក់ៗ ចាប់ពី៥.០០០ ដល់១០.០០០ដុល្លារ។

សមត្ថកិច្ចបានធ្វើការដកហូតចេញសម្រាប់ដឹកជញ្ជូនស្ដ្រីខ្មែរ២គ្រឿង (១គ្រឿងម៉ាក Lexus RX330 ពណ៌ស្ក ស្លាក់លេខ ភ្នំពេញ 2AS-8028 និង១គ្រឿងទៀតម៉ាក Lexus RX330 ពណ៌ខ្មៅ ស្លាក់លេខ ភ្នំពេញ 2N-6180) និងលុយ៩.៥០០ដុល្លារអាមេរិក និងទូរស័ព្ទដៃចំនួន៨គ្រឿង។

ចំពោះឈ្មោះស៊ូ ចំរើន ហៅស៊ូ សុភាព នេះសមត្ថកិច្ចបានចាប់ខ្លួនចំនួន៣ដងរួចមកហើយប៉ុន្តែមិនដឹងចៅក្រមសើបសួរគាត់សម្រេចបែបណាទេឃើញជននេះនៅតែមានមុខមករកស៊ីជួញដូរមនុស្សឆ្លងដែនដដែលៗ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post