
នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ នេះ កម្មករ កម្មការិនី ដែលកំពុង់បម្រើការនៅរោងចក្រផលិតស្បែកជើង ជូហួយ (Juhui) ដែលមានទីតាំងស្ថិតនៅភូមិអំពិល ឃុំខ្វិតធំ ស្រុកព្រៃឈរ ខេត្តកំពង់ចាម បានបន្ដដួលសន្លប់ចំនួន១០នាក់បន្ថែមទៀត ដោយក្នុងនោះក៏មានការស្ដ្រីមានផ្ទៃពោះចំនួន៥នាក់ផងដែរ។

លោក ចេង ហ៊ាន ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ចាម ប្រាប់ថាកម្មករនៅរោងចក្រនេះបានបន្តដួលសន្លប់ទៀត ប៉ុន្តែលោកមិនបានដឹងចំនួនពិតប្រាកដនៅឡើយទេ ខណៈកម្មករទាំងនោះបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យអស់ហើយ។ លោក ចេង ហ៊ាន បានបញ្ជាក់ថាករណីកម្មករដួលសន្លប់នេះ បណ្តាលមកពីខ្យល់អាកាសកន្លែងកម្មករបំពេញការងារមិនល្អ និងគ្រប់គ្រាន់។
សូមបញ្ជាក់ថា ការដួលសន្លប់នេះកើតឡើងកាលពីរសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨ ម្តងហើយ ដោយកម្មករ-កម្មការិនី ចំនួន៤៦នាក់បានដួលសន្លប់ ហើយក្នុងនោះមានស្ត្រីមានផ្ទៃពោះ ចំនួន៥នាក់ផងដែរ។
ទាក់ទងនឹងបញ្ហានេះ លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា ធ្លាប់បានលើកឡើងថា តាមការស្រាវជ្រាវមូលហេតុដែលធ្វើឱ្យកម្មករដួលសន្លប់ ដោយសារបរិយាកាសទាំងក្នុង និងក្រៅរោងចក្រមិនល្អ ការប្រើប្រាស់ថ្នាំគីមីផ្សេងៗ ការធ្វើការងារហួសកម្លាំង ការហូបចុកមិនគ្រប់គ្រាន់ ការធ្វើការយូរឆ្នាំនិងច្រើនម៉ោងជាដើម។
យោងតាមរបាយការណ៍របស់បេឡាជាតិរបបសន្តិសុខសង្គម (បសស) បង្ហាញថាក្នុងឆ្នាំ២០១៧ កម្មករ កម្មការិនី ចំនួន ១ ១៦០នាក់ បានដួលសន្លប់ ប៉ុន្តែថយចុះបើធៀបនឹងតួលេខឆ្នាំ២០១៦ ដែលមានកម្មករ កម្មការិនីដល់ទៅ ១ ៦០៣នាក់បានដួលសន្លប់។
