header ads

Sponsor

ពិសី

ភ្នំពេញៈ ប្តីប្រពន្ធ២នាក់ ដោយសារការថ្នាំងថ្នាក់នឹងគ្នា ដោយខាងប្តីអត់មានការងារអ្វី ត្រូវប្រពន្ធឲ្យមើលថែតែកូនតូច៣នាក់ ទុកឲ្យប្រពន្ធរាប់រ៉ងជាមេផ្ទះផង ជាមេគ្រួសារផង ដើររែកនំបញ្ចុកដើរលក់ គ្រាន់បានកំរ៉ៃបន្តិចបន្តួចផ្គត់ផ្គង់ជីវភាពគ្រួសារ តែអស្ចារ្យលោកប្តីគ្មានមុខរបរអ្វីជួយដោះបន្ទុកក្រៅពីមើលកូននោះ បែរជាបង្កបញ្ហាក្នុងគ្រួសារដោយរករឿង មួរម៉ៅដាក់ប្រពន្ធ ដែលថ្ងៃណាក៏ឲ្យមើលកូនរកទៅណាមិនរួច ក្លាយជាបញ្ហាមួយឈ្លោះទំនាស់សម្តីចោទប្រកាន់គ្នាទៅវិញទៅមក។ ដោយសារខាងប្រពន្ធមិនសុខចិត្ត ដោយខ្លួនមួយថ្ងៃៗ រែកនំបញ្ចុកក្រិនស្មាហើយលោកប្តីរករឿងទៀត ទើបចាប់អូសដៃបបួលគ្នាចូលប៉ុស្តិ៍កាកាប១ ខណ្ឌពោធិ៍សែនជ័យ ដើម្បីនិយាយនៅមុខប៉ូលិសឲ្យដឹងសខ្មៅ និងឲ្យមានលក្ខខ័ណ្ឌមួយបញ្ឈប់ការរករឿងទៀត កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨។

ភាគីខាងប្តីមានឈ្មោះ តិល សេន អាយុ៣៣ឆ្នាំ មុខរបរគ្មាន នៅផ្ទះមើលកូន។ ចំណែក ប្រពន្ធឈ្មោះ អ៊ឹម នី អាយុ៣៥ឆ្នាំ មុខរបរលក់នំបញ្ចុក។ គ្រួសារនេះ មានកូនប្រុសតូចៗ៣នាក់ ស្នាក់នៅក្នុងភូមិតាងួន សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ស្រ្តីជាប្រពន្ធ បានឲ្យដឹងថា គាត់បានគ្នាជាប្តីប្រពន្ធជាមួយប្តីរូបនេះ អស់រយៈពេល៥ឆ្នាំមកហើយ និងមានកូនប្រុស៣នាក់។ ចំណែកកូនប្តីមុន កូនស្រី២នាក់។ ស្រ្តីរូបនេះ បន្តថា ក្នុងរបរចិញ្ចឹមជីវិតរាល់ថ្ងៃ គាត់ស៊ូទ្រាំលក់នំបញ្ចុក រែកដើរលក់។ ចំណែកប្តីអត់ធ្វើការងារអ្វី សូមឲ្យជួយមើលតែកូនតូចៗទាំងបីនាក់នេះទៅបានហើយ ហាមកូរក្នុងគ្រួសារ តែផ្ទុយទៅវិញ បែរជាលោកប្តីរករឿងថា ឲ្យគេមើលតែកូន រកទៅណាមិនរួចទៅវិញ ទើបកើតជាហិង្សាក្នុងគ្រួសារ ទ្រាំលែងបាន ដឹកដៃគ្នាចូលប៉ុស្តិ៍ប៉ូលិស ដើម្បីរកខុសត្រូវ។

បញ្ហាគ្រួសារសម្រាប់គូស្នេហ៍ខាងលើ ត្រូវបានលោក ប៉ាល់ យុត្ថា នាយប៉ុស្តិ៍កាកាប១ ធ្វើការអប់រំផ្តោតធ្ងន់លើភាគីខាងប្តី កាលបើមិនជួយរកអ្វី ប្រពន្ធឲ្យមើលតែកូនសោះ មិនសុខចិត្ត ហើយក្រោយពីអប់រំ ផ្តល់គំនិតល្អៗ ទើបបុរសជាប្តីខាងលើយល់ ហើយសុខចិត្តមានលក្ខខ័ណ្ឌមួយបញ្ឈប់ប្រើអំពើហិង្សាក្នុងគ្រួសារទៀត ដោយចូលរួមជាមួយការងារប្រពន្ធ ដើម្បីដោះបន្ទុកក្នុងគ្រួសារ រួចអ្នកទាំង២ និងកូន៣នាក់ឲ្យរហង់ វិលត្រឡប់ទៅផ្ទះវិញ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post