កណ្ដាលៈ ប្រជាពលរដ្ឋបានរិះគន់មេប៉ូលិសប៉ុស្ដិ៍ព្រែកឫស្សី ថា បានផ្អឹបសំណុំរឿងចោលមិនចាត់ការ មិនស្វែងរកយុត្តិធម៌ជូនជនរងគ្រោះ បន្ទាប់ពីជនបង្កបានប្រើហិង្សាវាយដំអ្នកភូមិម្នាក់ បណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ អស់រយៈពេលជាង៤ថ្ងៃហើយ សមត្ថកិច្ចមិនដោះស្រាយរកយុត្តិធម៌ បើទោះជាមានពាក្យបណ្ដឹងក្ដី។
ប្រជាពលរដ្ឋបានឲ្យដឹងថា ជនបង្កក្នុងករណីហិង្សាខាងលើនេះ មានឈ្មោះ ណាក់ ភេទប្រុស អាយុជាង៣០ឆ្នាំ បច្ចុប្បន្នរស់នៅភូមិពាមស្ដី ឃុំព្រែកឫស្សី ស្រុកល្វាឯម ខេត្តកណ្ដាល។ ចំណែកជនរងគ្រោះឈ្មោះ ហេង ភា ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិឃុំជាមួយជនបង្ក បានរងរបួសភ្នែកខាងឆ្វេងយ៉ាងធ្ងន់ធ្ងរ។
ជនរងគ្រោះរៀបរាប់ថា ខ្លួនមិនបានដឹងថា ជនបង្កមានគំនុំនឹងគេតាំងពីពេលណាមកទេ ប៉ុន្តែកាលពីវេលាម៉ោង១០យប់ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ នៅសុខៗជនបង្កឈ្មោះ ណាក់ បានដាល់មុខគេបណ្ដាលឲ្យរងរបួសធ្ងន់ ហើយជេរប្រមាថដោយគំរាមថា “អញគំហ្អែងយូរហើយ”។ ក្រោយពេលកើតហេតុភ្លាមៗ ក្រុមគ្រួសារបានបញ្ជូនខ្លួនទៅមន្ទីរពេទ្យទាំងយប់។
ជនរងគ្រោះបន្តថា លុះព្រឹកឡើងថ្ងៃទី១៦ ខែកក្កដា ខ្លួនបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍ព្រែកឫស្សី ដើម្បីរកយុត្តិធម៌ ប៉ុន្តែត្រូវបានលោក ជឿន សេង មានតួនាទីជានាយប៉ុស្ដិ៍នគរបាលព្រែកឫស្សី ចេញមុខមកសម្របសម្រួល ដោយពុំមានវត្តមានជនបង្កនោះទេ ហើយថែមទាំងព្យាយាមបញ្ចប់រឿងដោយគ្មានដំណោះស្រាយ ឬយុត្តិធម៌សម្រាប់ខ្លួន ដែលជាភាគីរងគ្រោះ។
ជនរងគ្រោះបញ្ជាក់ថា គិតតាំងពីថ្ងៃកើតហេតុ រហូតមកទល់នឹងថ្ងៃទី១៨ ខែកក្កដានេះ មានរយៈពេល៤ថ្ងៃហើយ ដែលការទន្ទឹងរង់ចាំយុត្តិធម៌របស់ជនរងគ្រោះស្ងាត់សូន្យឈឹង ហាក់បីដូចគ្មានបទល្មើសអ្វីកើតឡើងក្នុងឃុំព្រែកឫស្សី អ៊ីចឹង បើទោះជាជនរងគ្រោះបានដាក់ពាក្យបណ្ដឹងហើយក្ដី។ ហើយនៅពេលនៅសួរម្ដងៗ លោក ជឿន សេង មេប៉ុស្ដិ៍ព្រែកឫស្សី ឆ្លើយថា ម្ដងរវល់នេះ ម្ដងរវល់នោះ យកលេសគេចមិនដោះស្រាយរហូត សង្ស័យមានបំណងផ្អឹបសំណុំរឿងចោល ព្រោះជនបង្កជាសាច់ញាតិរបស់ខ្លួន។
ពាក់ព័ន្ធករណីហិង្សា និងការរិះគន់ខាងលើនេះ អង្គភាពសារព័ត៌មាន Cam Post បានព្យាយាមទាក់ទងសួរទៅនាយប៉ុស្ដិ៍រដ្ឋបាលនគរបាលព្រែកឫស្សី លោក ជឿន សេង នៅរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨នេះ ប៉ុន្តែទូរស័ព្ទចូលហើយ គ្មានអ្នកទទួល៕