header ads

Sponsor

ពិសី

ភ្នំពេញៈ គូស្នេហ៍វ័យក្មេងមួយគូ បានបោកក្បាលធ្លាយខួរស្លាប់យ៉ាងអាណោចអាធ័ម បន្ទាប់ពីពួកគេជិះម៉ូតូឌុបគ្នាមកពីរាំលេងក្នុងក្លឹប បំណងត្រឡប់ទៅផ្ទះវិញ ដោយជិះក្នុងល្បឿនលឿនពេកក៏ជ្រុលបុកខឿនទ្រូងផ្លូវ កាលពីវេលាម៉ោង២៖១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៨នេះ​ នៅត្រង់ចំណុចផ្លូវកោង មុខបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានី​ភ្នំពេញ តាមបណ្តោយផ្លូវវេងស្រេង​ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ១​ ខណ្ឌមានជ័យ រាជធានីភ្នំពេញ​។

សមត្ថកិច្ចឲ្យដឹងថា ជនរងគ្រោះទី១ មានឈ្មោះ​ ហាន់​ ណា​ ភេទស្រី អាយុ១៩​ឆ្នាំ​ មុខរបរនៅផ្ទះ ស្នាក់នៅភូមិទួលពង្រ​ សង្កាត់ចោមចៅទី១​ ខណ្ឌពោធិ៍សែនជ័យ និងជនរងគ្រោះ​ទី២ ឈ្មោះ ហាន់​ ហៃ​ ភេទប្រុស អាយុ២០ឆ្នាំ​ មុខរបរបុគ្គលិកចាក់សាំង នៅសង្កាត់ចោមចៅទី១​ ខណ្ឌពោធិ៍សែនជ័យ​ និងមានស្រុកកំណើតនៅខេត្តកោះកុង។

យុវតីម្នាក់ ដែលជាមិត្តភ័ក្តិជនរងគ្រោះ រៀបរាប់ឲ្យភ្នាក់ងារ Cam Post ដឹងថា នៅមុនពេលកើតហេតុ រូបនាង និងមិត្តភ័ក្តប្រុសស្រីមានគ្នា៤នាក់ បបួលគ្នាទៅក្លឹប ហើយក៏បានជិះម៉ូតូ២គ្រឿង ឌុបគ្នាម្នាក់មួយគូ ដើម្បីរាំលេង។ លុះពេលចូលរាំលេងរួចហើយ ពួកគេក៏នាំគ្នាចេញមកដោយរូបនាងបានជិះម៉ូតូមួយគ្រឿង ជាមួយសង្សាររបស់នាង ចំណែកឯយុវតីរងគ្រោះដែលជាមិត្តភ័ក្តរបស់នាង បានជិះម៉ូតូមួយគ្រឿងទៀតម៉ាក Suzuki Let's ពណ៌ស បិតពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 1FO-7731 ជាមួយយុវជនរងគ្រោះ ដែលជាសង្សាររបស់នារីរងគ្រោះនោះ បំណងត្រឡប់ទៅផ្ទះវិញ ដោយមិនបានពាក់មួយសុវត្ថិភាពទាំងអស់គ្នា។ លុះពេលធ្វើដំណើរតាមបណ្តោយផ្លូវមុនីរ៉េត ហើយបត់ឡើងមកផ្លូវវេងស្រេង ក្នុងល្បឿនយ៉ាងលឿន ដោយសារស្ថានភាពផ្លូវកោងផង ហើយណាមួយមិនបន្ថយល្បឿនទៀត ទើបជ្រុលទៅបុកខឿនទ្រូងផ្លូវ បណ្តាលឲ្យយុវតីដែលជិះខាងក្រោយ ហោះផ្លោងទៅបោកផ្ទប់ក្បាលនឹងបង្គោលស្លាកប៉ាណូផ្សាយពាណិជ្ជកម្ម​ បែកក្បាលរងរបួសធ្ងន់ធ្ងរ តែដោយសារស្ថានភាពធ្ងន់ធ្ងរពេក បន្តិចក្រោយមកនាងក៏ដាច់ខ្យល់ស្លាប់ក្នុងថ្លុកឈាម។ ចំណែកយុវជន ដែលអ្នកបើកម៉ូតូបានអូសជាមួយម៉ូតូបែកផ្កាភ្លើងប្រហែល២០ម៉ែត្រ បោកក្បាលនឹងថ្នល់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុយ៉ាងអាណោចអាធ័មទាំងពីរនាក់តែម្ដង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចផ្នែកចរាចរណ៍ខណ្ឌមានជ័យ បានចុះមកធ្វើកំណត់ហេតុប្រគល់សពឲ្យរថយន្តដឹកយកតម្កល់ទុកនៅវត្តទឹកថ្លា ដើម្បីរង់ចាំមិត្តភ័ក្តិរបស់ជនរងគ្រោះ ធ្វើការទាក់ទងទៅសាច់ញាតិ និងក្រុមគ្រួសារឲ្យមកទទួលយកទៅធ្វើបុណ្យតា​មប្រពៃណី។ ចំណែកម៉ូតូ Suzuki Let's ខាងលើ ត្រូវបានសមត្ថកិច្ចយកទៅក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ រង់ចាំសាច់ញាត្តិយកឯកសារមកទទួលយកទៅវិញ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post