header ads

Sponsor

ពិសី

ភ្នំពេញៈ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានបង្ហាញទឹកខ្មៅជ្រលក់ដៃសម្រាប់ការបោះឆ្នោតនាពេលខាងមុខនេះ ដើម្បីបំរើអោយការប្រព្រឹត្ដទៅដោយរលូត ត្រឹមត្រូវ និងយុត្ដិធម៌។

ក្នុងពិធីបង្ហាញទឹកខ្មៅ សម្រាប់ជ្រលក់ដៃ ក្នុងថ្ងៃបោះឆ្នោតនោះ លោក ចៅ តឹង តំណាងគណបក្សប្រជាជនកម្ពុជា និងលោកសួង សារ៉ាត់ តំណាងគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានទទួលស្គាល់ និងជឿជាក់លើទឹកខ្មៅជ្រលក់ដៃនេះ ដោយលោកអះអាងថា ទឹកខ្មៅជ្រលក់ដៃនេះ គឺមានគុណភាពខ្ពស់ ដោយលប់លាងមិនជ្រះពិតមែន។

ថ្លែងក្នុងកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធស្ដីពីដំណើរប្រព្រឹត្ដទៅនៃឃោសនាបោះឆ្នោត និងការបង្ហាញទឹកខ្មៅជ្រលក់ដៃ នាព្រឹកថ្ងៃទី១៧ ខែកក្កដា នៅទីស្ដីការក្រសួងមហាផ្ទៃ លោក ទេព នីថា អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានមាន្រសាសន៍ថា ក្រោយពិនិត្យ និងពិសោធន៍ទឹកខ្មៅជ្រលក់ដៃ មកពីប្រទេសឥណ្ឌា បានបញ្ជាក់ឱ្យឃើញថា ទឹកខ្មៅជ្រលក់ដៃដែលបម្រើដល់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី០៦ ឆ្នាំ២០១៨នេះ មានគុណភាពល្អខ្ពស់ គឺដូចទឹកខ្មៅដែលបានប្រើសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នៅអាណត្តិទី០៤ ផងដែរ។

លោក បានបញ្ជាក់ថា គ.ជ.ប បានបញ្ជាទិញទឹកខ្មៅជ្រលក់ដៃ មានចំនួន៥១,០០០ដប ពីប្រទេសឥណ្ឌា ដោយប្រើប្រាស់ថវិកាប្រមាណ ៨០០ពាន់ដុល្លារអាមេរិក ហើយត្រូវបានបញ្ជូនមកដល់ប្រទេសកម្ពុជា កាលពីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៨។ ទឹកខ្មៅទាំងនេះ គឺសម្រាប់ប្រើនៅតាមការិយាល័យបោះឆ្នោត ជាង២ម៉ឺនការិយាល័យនៅទូទាំងប្រទេស ដោយក្នុង១ការិយាល័យ តម្រូវឱ្យប្រើទឹកខ្មៅចំនួន២ដប។

លោក ទេព នីថា បានបញ្ជាក់ថា ទឹកថ្នាំជ្រលក់ដៃ និងសម្ភារដែលបម្រើដល់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី០៦ ឆ្នាំ២០១៨ ដែលនឹងប្រព្រឹត្តឡើងនៅថ្ងៃទី២៩ ខែកក្កដា ខាងមុខនេះ គឺខាង គ.ជ.ប បានដឹកជញ្ជូនទៅតាមបណ្តាលខេត្តមួយចំនួនបណ្តើរៗផងដែរ។ ជាមួយគ្នានេះ លោក ទេព នីថា បានអំពាវនាវអោយចូលរួមទៅបោះឆ្នោតទាំងអស់គ្នា ដោយកុំជឿពាក្យចរចាមរាមថា ការលក់ដៃទឹកខ្មៅដែលធ្វើអោយស្លាប់នោះ វាមិនពិតនោះទេ។

សូមបញ្ជាក់ថា ការបង្ហាញគុណភាពទឹកខ្មៅជ្រលក់ដៃនេះ គ.ជ.ប ក៏បានអញ្ជើញក្រុមហ៊ុនឥណ្ឌាដែលផលិតទឹកខ្មៅជ្រលក់ដៃនេះ មកធ្វើការបង្ហាញពីគុណភាពទឹកខ្មៅដល់តំណាងគណបក្សនយោបាយ និងអង្គការជាតិ-អន្តរជាតិ សាកល្បងជ្រលក់ ដើម្បីឱ្យដឹងពី គុណភាពនៃទឹកខ្មៅ ជ្រលក់ដៃនេះ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post