
ភ្នំពេញៈ គណៈកម្មការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានចេញសេចក្តីប្រកាសបដិសេធ នៅថ្ងៃទី១៦ ខែកក្កដានេះ បដិសេធទៅលើការស្នើសុំរបស់គណបក្សស័ម្ពន្ធដើម្បីប្រជាធិបតេយ្យ (LDP) ទាក់ទងនឹងការកំណត់សញ្ញាគាំទ្រលើសន្លឹកឆ្នោត ដោយត្រូវធ្វើវិសោធនកម្ម លើមាត្រា៥, មាត្រា១០៦, មាត្រា១២០ នៃច្បាប់ ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦។
សូមជម្រាបជូនថា លោក ខឹម វាសនា កាលពីថ្ងៃទី១១ ខែកក្កដាសប្ដាហ៍មុន បានស្នើឲ្យ គ.ជ.ប ធ្វើវិសោធកម្មកំណត់យកសញ្ញាធិក(√) តែមួយប៉ុណ្ណោះ សម្រាប់គូសក្នុងប្រអប់បួនជ្រុងទ្រវែងតូច នៃគណបក្សនយោបាយណាមួយ ដែលអ្នកបោះឆ្នោតពេញចិត្ត។
ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ លោក ខឹម វាសនា តាមរយៈលិខិតផ្ញើទៅលោក ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប បានបញ្ជាក់ថា ការអនុញ្ញាតឲ្យអ្នកបោះឆ្នោត អាចគូសសញ្ញាគាំទ្រគណបក្សនយោបាយ ក្នុងចំណោមគំនូសសញ្ញាដ៏ច្រើនប្រភេទ គឺជាការសម្រេចចិត្ត ដែលខ្វះសុក្រិតភាព ព្រោះបង្កឲ្យមានការទិញលក់សន្លឹកឆ្នោត និងគំរាមកំហែងអ្នកបោះឆ្នោតជាដើម។
លោក ខឹម វាសនា ថា ភាពមិនច្បាស់លាស់ នៃការកំណត់គំនូសសញ្ញាគាំទ្រគណបក្សនយោបាយលើសន្លឹកឆ្នោត នឹងនាំឲ្យមានវិវាទក្នុងការបកស្រាយ និងអនុវត្ត ចាប់តាំងពីដំណាក់កាលគណៈកម្មការការិយាល័យរាប់សន្លឹកឆ្នោត រហូតដល់ក្រុមប្រឹក្សាធម្មនុញ្ញទៀតផង។
ឆ្លើយតបចំពោះសំណើរបស់ប្រមុខគណបក្ស LDP នេះ គ.ជ.ប បានបញ្ជាក់ថា បន្ទាប់ពីបានពិនិត្យយ៉ាងយកចិត្តទុកដាក់លើទិដ្ឋភាពច្បាប់ និងទិដ្ឋភាពបច្ចេកទេស ដែលជាបទពិសោធន៍នៃការអនុវត្តការងារបោះឆ្នោតកន្លងមក គ.ជ.ប មិនអាចធ្វើវិសោធនកម្មលើចំណុច៨.១១.១ តាមការស្នើសុំបានឡើយ។ ការសម្រេចរបស់ គ.ជ.ប គឺផ្អែកលើមូលដ្ឋានច្បាប់ និងបទពិសោធន៍។
សូមអានសេចក្តីប្រកាសបដិសេធទាំងស្រុង មានខ្លឹមសារដូចតទៅ ៖

