
ព្រះសីហនុៈ ក្រុមប្រជាពលរដ្ឋប្រមាណ៣៧គ្រួសារ នៅក្នុងភូមិរាម ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី១៤កក្កដាឆ្នាំ២០១៨នេះ បានផ្ទុះប្រតិកម្មយ៉ាងខ្លាំងទៅនឹងលោក ភឿន ផល្លា និង លោក លឹម សុជាតិ ក្រោយពីបានបែកធ្លាយឯកសារថា ដីប្រមាណ១៩២ហិកតា ដែល ឈ្មោះខាងលើ បានមកស៊ុមេដៃ ដោយអះអាងថា ដើម្បីសុំសិទ្ឋស្របច្បាប់ពីប្រមុខរាជរដ្ឋាភិបាលជូនពួកគាត់ បែជាមានតែឈ្មោះចំនួន២នាក់តែប៉ុណ្ណោះ ក្នុងការគ្រប់គ្រងដីប្រមាណ១៩២ហិកតា។


លោក គឹម ចំណាន ជួសមុខអោយប្រជាពលរដ្ឋចំនួន៣៧គ្រួសារ ដែលបានចាត់ទុកថា ជាជនរងគ្រោះ បានបង្ហាញទស្សនៈនិងមតិទាំងការសោកស្តាយថា ពួកគាត់មិនស្មានថា អ្វី គឺជាឆាកល្ខោន សោះ ព្រោះកន្លងមកឈ្មោះភឺន ផល្លា និង លោក លឹម សុជាតិ បានមកប្រាប់ពួកគាត់ និង សុំអោយពួកគាត់ផ្តិតមេដៃ ដើម្បីដាក់ជួនប្រមុខរាជរដ្ឋាភិបាល ក្នុងការកាត់ង្វៀលដីជូនពួកគាត់ ប៉ុន្តែអ្វីៗផ្ទុយពីការពិតទាំងអស់ ស្រាប់តែថ្មីៗនេះ ពួកគាត់បានទទួលឯកសារមួយច្បាប់ ដែលមន្ទីជំនាញ ស្ថាប័នពាក់ព័ន្ឋប្រគល់ដីជូនតែឈ្មោះភឺន ផល្លា និង លោក លឹម សុជាតិ ទៅវិញ ដែលផ្ទុយពី ស ជ ណ របស់ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និង ស ជ ណ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កាត់ង្វៀលដីចំនួន ១៩២ហិកតានេះ ជូនឈ្មោះភឿន ផល្លា និង លោក លឹម សុជាតិ រួមជាមួយប្រជាពលរដ្ឋចំនួន២៩ គ្រួសារផ្សេងទៀត។ ដូចនេះ ក្នុងនាមប្រជាពលរដ្ឋទាំង៣៧គ្រួសារ សូមស្នើយ៉ាងទទួចដល់ស្ថាប័ន ពាក់ព័ន្ឋថ្នាក់លើ ជាពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សូមមេត្តាជួយរកយុត្តិធម៏ជូនពួកគាត់ផង ហេតុអីពួកគាត់រស់នៅអាស្រ័យផលជាក់ស្តែងបែជាពុំមានឈ្មោះ បែជាមានឈ្មោះបុគ្គលដែលពុំមានទីលំនៅអាស្រ័យផលទីនេះទៅវិញ។


ជុំវិញការបែកធ្លាយឯកសារនេះ ផងដែរ លោក សាមុត សុធារិទ្ឋ ប្រធាន មន្ទីបរិស្ថាន បានអះអាងថា ចំពោះបញ្ហានេះ លោកពុំដឹងនោះទេ ការអនុវត្តន៍និតិវិធី គឺជាការសម្រេចរបស់សាលាខេត្ត និង មន្ទីសុរិយោដី និង ថ្នាក់ក្រសួង ឯ មន្ទីរបស់លោកពុំមានសិទ្ឋនោះទេ។ បើចង់ដឹងថា ហេតុអីឯកសារកម្មសិទ្ឋមានឈ្មោះតែបុគ្គលពីរនាក់នោះ លោក អាចទៅសាកសួររដ្ឋបាលខេត្ត និង មន្ទីរជំនាញ គេច្បាស់ជាង ព្រោះគេអាចមានឯកសារពាក់ព័ន្ឋផ្សេងទៀត។

ដោយឡែក លោក លិន សារិន មេឃុំរាម ស្រុក ព្រៃនប់ជុំវិញការសម្រេចង្វៀលដីចំនួន១៩២ហិកតាជាងនេះ ទៅអោយ បុគ្គលឈ្មោះភឺន ផល្លា និង ឈ្មោះ លឹម សុជាតិ តែពីរនាក់នេះ លោក ក៏ពុំដឹងច្បាស់ដែរ ព្រោះកន្លងមក មុនបែកធ្លាយឯកសារនេះ ក៏មានប្រជាពលរដ្ឋប្រមាណ៦០គ្រួសារចេញមកធ្វើការតវ៉ា ទាមទាទប់ស្កាត់ម្តងដែរ ហើយក៏បានស្ងាត់ទៅវិញ ហើយនៅពេលថ្មីៗនេះ ត្រូវបានស្ថាប័នថ្នាក់លើសម្រេចកាត់ង្វៀលដីចំនួន១៩២ហិកតា ទៅឈ្មោះ ភឺន ផល្លា និង ឈ្មោះ លឹម សុជាតិទៅវិញ។
Campost ក៏បានព្យាយាមទាក់ទង ទៅឈ្មោះ ភឺន ផល្លា និង ឈ្មោះ លឹម សុជាតិ ដើម្បីបកស្រាយ លើបញ្ហានេះ ប៉ុន្តែមិនអាចទាក់ទងបាន៕

