header ads

Sponsor

ពិសី

ភ្នំពេញៈ ឆាកប្រយុទ្ធគ្នា រវាងម្ចាស់បំណុល និងកូនបំណុល ដោយសាររឿងជំពាក់លុយ ឈានដល់បង្កហិង្សា បណ្ដាលឲ្យស្រ្តីម្នាក់ ហូរឈាមខៀវភ្នែក និងមនុស្ស៤នាក់ (ស្រី២នាក់ ប្រុស២នាក់) ត្រូវបានសមត្ថកិច្ចហៅនាំទៅសាកសួរនៅប៉ុស្តិ៍ កាលពីវេលាម៉ោង៥៖៥០នាទីព្រលប់ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅក្នុងភូមិប៉ប្រ៉កត្បូង សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា ករណីហិង្សារខាងលើនេះ បណ្ដាលឲ្យស្រ្តីម្នាក់ ឈ្មោះ ម៉ៅ ស្រីណុច អាយុ៣៨ឆ្នាំ ស្នាក់នៅផ្ទះកើតហេតុ មានស្រុកកំណើត ខេត្តកំពង់ស្ពឺ រងរបួសធ្ងន់។ ចំណែកជនបង្ក២នាក់ប្តីប្រពន្ធ ឈ្មោះ ណាត អាយុ៣៤ឆ្នាំ មុខរបរលក់ដូរ និងប្តីឈ្មោះ សល់ អាយុ៣៥ឆ្នាំ មុខរបរ រត់ម៉ូតូកង់បី រស់នៅក្នុងភូមិកើតហេតុខាងលើ ជាមួយស្រ្តីរងគ្រោះ។ ដោយឡែក២នាក់ទៀត ប្រុសម្នាក់និងស្រីម្នាក់ ត្រូវជាសាច់ញាតិខាងជនបង្កមិនស្គាល់ឈ្មោះ ។

តាមប្រភពបានឲ្យដឹងថា មុនកើតហេតុ ភាគីខាងបង្ក មានស្រ្តីឈ្មោះ ណាត បានទៅទារលុយជនរងគ្រោះ តែត្រូវបាន ស្រ្តីរងគ្រោះ ជេរជ្រះឆ្អេះ ក៏កើតជាទំនាស់សម្តី ហើយត្រូវបានជនរងគ្រោះ ទាញកាំបិតយកមកគម្រាមកាប់ ទៅលើភាគីបង្ក តែត្រូវបានតដៃវិញ បណ្តាលឲ្យហូរឈាម ជាំមុខ ហើមភ្នែក ទើបផ្អើលឆោឡោ ជនរងគ្រោះត្រូវបានសាច់ញាតិដឹកបញ្ជូនទៅសង្រ្គោះភ្លាមៗ ហើយត្រូវបានសមត្ថកិច្ចចុះទៅអន្តរាគមន៍ ហៅភាគីម្ចាស់បំណុលទៅសាកសួរ នៅប៉ុស្តិ៍កាកាប១ ។

តាមប្រភពអ្នកឃើញហេតុការណ៍ បានឲ្យដឹងថា បើគ្រាន់ត្រឹមតែមួយនឹងមួយ ខាងរងគ្រោះមិនខ្លាចញញើតឡើយ បុ័ងតោដេញកាប់ស្លាប់ឥឡូវ តែនេះដោយសារសាច់ញាតិខាងក្រុមបង្ក គ្នាច្រើនចូលជួយចាប់ ទើបជនរងគ្រោះប៉ោងភ្នែកដូចក្តាម ។

តាមសម្តីស្រ្តីដៃដល់វិញ បានឲ្យដឹងថា ជំពាក់លុយគេ ដល់ទៅទារវិញ បែរជាចេញមករករឿង ប្រដាប់ដោយកាំបិតបុ័ងតោ មកគម្រាមកាប់ ទើបតដៃវិញ ដោយគ្មានសាច់ញាតិណាជួយចាប់ឲ្យវ៉ៃឡើយ ។

ភាពចម្រូងចម្រាស់គ្នា រវាងម្ចាស់បំណុល និងកូនបំណុល បង្កឲ្យមានរបួសស្នាម ក្រោយពីបញ្ជូនស្រ្តីម្នាក់របួសជាំភ្នែកប៉ោងដូចក្តាមទៅពេទ្យ មនុស្ស៤នាក់ ជាភាគីខាងទៀត ត្រូវបាននគរបាលនាំទៅសាកសួរនៅប៉ុស្តិ៍កាកាប១ ។

តាមសមត្ថកិច្ចបានឲ្យដឹងថា ករណីហិង្សាខាងលើនេះ ក្រោយពីហៅមនុស្ស៤នាក់ ទៅសាកសួរនាំរួច សមត្ថកិច្ចសម្រេចឃាត់ខ្លួនមនុស្ស៤នាក់ ស្រី២នាក់ និងប្រុសម្នាក់ ដើម្បីអនុវត្តន៍បន្តតាមនីតិវិធីច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post