កណ្ដាលៈ ក្រុមក្មេងស្ទាវពីរក្រុម ផឹកស៊ីនៅក្នុងហាង “អឹម ដឺ បេសហ្វូត” ក្រោយសាលាសេរីភាពក្រុងតាខ្មៅ បានបង្កជម្លោះវាយតប់គ្នាទៅវិញទៅមក បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចក្រុងតាខ្មៅ ចុះទៅជួយអន្តាគមន៍ភ្លាមៗ។ ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង១១៖៣០នាទីយប់ ស្ថិតក្នុងភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
សាក្សីនៅក្បែរកន្លែងកើតហេតុ រៀបរាប់ប្រាប់ភ្នាក់ងារ ខេម ប៉ុស្តិ៍ ថា នៅមុនពេលកើតហេតុ ក្រុមទាំង២ ពោល គឺភាគីក និងភាគីខ បានផឹកស៊ីនៅកន្លែងតែមួយ (អឹម ដឺបេសហ្វូត) ដោយអង្គុយតុក្បែរគ្នា។ ស្របពេលនោះ ម្ចាស់ហាងបានហៅភាគីក និងភាគីខ មកផ្សះផ្សារជម្លោះតាំងពីកន្លងមក ដែលក្រុមទាំងពីរ ធ្លាប់មានជម្លោះ ដោយមិនចាំថ្ងៃ។
តែផ្ទុយទៅវិញ ភាគីទាំងសងខាងមិនបានស្តាប់តាមអ្វីដែលម្ចាស់ហាងជួយផ្សះផ្សារទេ ក៏បង្កជម្លោះរហូតឈានដល់បង្កការវាយតប់គ្នាទៅវិញទៅមក ផ្អើលភ្ញៀវរត់ពេញហាង ទើបសមត្ថកិច្ចក្រុងតាខ្មៅ ចុះទៅជួយអន្តរាគមន៍ដល់កន្លែងកើតហេតុភ្លាមៗ ហើយកម្លាំងជំនាញព្រហ្មទណ្ឌនាំភាគីទាំងសងខាង មកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីធ្វើការសាកសួរ។
ក្រោយពីមានការសម្របសម្រួលរបស់សមត្ថកិច្ច ភាគីទាំងសងខាង ព្រមសម្រុះសម្រួលគ្នា ដោយព្រមផ្ដិតមេដាយធ្វើកិច្ចសន្យានៅចំពោះមុខសមត្ថកិច្ច ដើម្បីបញ្ចប់រឿងតែម្ដង៕