កណ្ដាលៈ សាកសពបុរសជនជាតិចិនម្នាក់ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញអណ្ដែតទឹកទន្លេសាប ហើយរាយការណ៍សមត្ថកិច្ចទាញយកមកច្រាំង។ ហេតុការណ៍នេះ បានបង្កការភ្ញាក់ផ្អើលឡើងកាលពីវេលារសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចតាមដងទន្លេសាប ស្ថិតក្នុងភូមិតាមែ ឃុំកំពង់អុស ស្រុកពញឮ ខេត្តកណ្ដាល។
សមត្ថកិច្ចឲ្យដឹងថា សពបុរសនេះមានឈ្មោះ ZHANG YULO អាយុ២១ឆ្នាំ ជនជាតិចិន មុខរបរជាងជួសជុលគ្រឿងចក្រ មានទីលំនៅខេត្ត HUANN ប្រទេសចិន។ បច្ចុប្បន្នស្នាក់នៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាន់លិខិតឆ្លងដែនលេខ EB4823468។
សមត្ថកិច្ចបន្តថា នៅថ្ងៃខែឆ្នាំកើតហេតុខាងលើ បានទទួលព័ត៌មានថា មានប្រជាពលរដ្ឋប្រទះឃើញមានសាកសពមួយអណ្តែតទឹកតាមដងទន្លេសាប ក្រោយទទួលបានព័ត៌មាន កម្លាំងប្រជាការពារបាននាំគ្នាយកទូកទៅទាញយកសពមកអែបច្រាំង ហើយរាយការណ៍មកសមត្ថកិច្ចប៉ុស្តិ៍។ ក្រោយទទួលបានព័ត៌មានភ្លាម កម្លាំងជំនាញបានចុះទៅដល់កន្លែងកើតហេតុ ដោយមានការចូលរួមពីមន្ត្រីជំនាញថ្នាក់ក្រសួង ខេត្ត ស្រុក លោកក្រុមប្រឹក្សា ឃុំ និងគ្រូពេទ្យចូលរួមពិនិត្យលើសាកសពពុំមានស្លាកស្នាមអី្វទេ។
ក្រោយពិនិត្យរួចរាល់ សមត្ថកិច្ចជំនាញបានសន្និដ្ឋានថា សពបានស្លាប់ដោយសារលង់ទឹក។ សពត្រូវបានយកទៅតម្កល់ទុកនៅវត្តស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដើម្បីរង់ចាំសាច់ញាតិមកទទួល៕