
ភ្នំពេញៈ បុរសម្នាក់ កំពុងបណ្តើរម៉ូតូមួយគ្រឿងតាមផ្លូវ ស្រាប់តែមានជនសង្ស័យមួយក្រុមប្រដាប់ដោយដាវ បានរត់មកកាប់ទៅលើជនរងគ្រោះចំកណ្តាលកញ្ជឹងក បណ្តាលឲ្យស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ។
ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង២និង៣០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ ចាវ អាយុ២៥ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិក្បាលកោះ ស្រុកស្អាង ខេត្តកណ្ដាល ជាម្ចាស់ម៉ូតូ MSX ពណ៌ទឹកក្រូច លាយក្រហម ពាក់ស្លាកលេខភ្នំពេញ 1GJ-8218។


អ្នកឃើញហេតុការណ៍ បានប្រាប់ CAM POST ឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូតាមបណ្តោយផ្លូវភូមិព្រែកថ្មី លុះមកដល់ចំណុចកើតហេតុ អស់សាំង ជនរងគ្រោះក៏បានបណ្តើរម៉ូតូ ស្រាប់តែលេចមុខក្រុមជនសង្ស័យ ប្រដាប់ដោយដាវ បានស្ទុះមកកាប់មួយដាវចំកញ្ជឹង.ក ដាច់បំពង់ខ្យល់ ស្លាប់ក្រោយពេលបញ្ជូនទៅកាន់មន្ទីរពេទ្យកាល់ម៉ែត។
ក្រោយកើតហេតុរថយន្តសាមុយ ក៏បានដឹកមកដាក់កន្លែងកើតហេតុវិញ ដើម្បីធ្វើកោសល្យវិច័យទៅលើសាកសព ហើយនឹងកំណត់អត្តសញ្ញាណក្រុមជនដៃដល់ទាំងអស់នោះ យកមកដាក់ទោសទៅតាមផ្លូវច្បាប់ ។


ករណីខាងលើនេះ សមត្ថកិច្ចមិនទាន់អាចបញ្ជាក់ពីមូលហេតុនៅឡើយទេថា ជាគំនុំ ឬជាករណីកាប់ប្លន់យកម៉ូតូនោះទេ ព្រោះម៉ូតូអស់សាំងទុកចោលនៅកន្លែងកើតហេតុ ប៉ុន្តែប្រជាពលរដ្ឋសង្ស័យថា ជាករណីកាប់ប្លន់យកម៉ូតូ៕



