header ads

Sponsor

ពិសី

កណ្ដាលៈ​ សព​ស្ដ្រី​ជា​កម្មការិនី​រោងចក្រ​កាត់ដេរ​ម្នាក់​ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ដេក​ស្លាប់​ក្នុង​បន្ទប់​ជួល​របស់​ខ្លួន​ ដោយ​ការ​ស្លាប់​របស់​ស្ដ្រី​រង​គ្រោះ​មាន​ស្នាម​កាប់​ដោយ​កា​បិត​ចំនួន​៥​កាំបិត​ សន្និដ្ឋាន​ថា​ ជា​ករណី​ឃាតកម្ម​។​ ករណី​ខាងលើ​នេះ​ បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​កាលពី ​ម៉ោងជាង៨យប់​ ថ្ងៃ​ទី​១៦​ ខែកក្កដា​ ឆ្នាំ​២០១៨​ នៅ​ចំណុច​លើ​ផ្ទះ​ជួល​ ស្ថិត​ក្នុងភូមិ​អង្គ​ព​ពាយ​ ឃុំ​ក្រាំង​ម្កាក់​ ស្រុក​អង្គស្នួល​ ខេត្តកណ្តាល​។​

​ប្រភព​ពី​មន្ដ្រី​នគរបាល​ស្រុក​អង្គស្នួល​ បានឱ្យ​ដឹង​ថា​ ស្ដ្រី​រង​គ្រោះ​ដែល​ត្រូវ​ជន​ដៃដល់​កាប់សម្លាប់​មានឈ្មោះ​ ឈិ​ត​ ម៉ាច​ អាយុ​៣៦​ឆ្នាំ​ ជាកម្ម​កា​នី​រោងចក្រ​កាត់ដេរ​ មាន​ទីលំនៅ​ភូមិ​ក្រាំងក្រូច​ ឃុំ​ភ្នំ​តូច​ ស្រុក​ឧត្តុង្គ​ ខេត្តកំពង់ស្ពឺ​ បច្ចុប្បន្ន​ស្នាក់​នៅផ្ទះ​ជួល​ស្ថិត​ក្នុងភូមិ​អង្គ​ព​ពាយ​ ឃុំ​ក្រាំង​ម្កាក់​ ស្រុក​អង្គស្នួល​ ខេត្ដកណ្ដាល​។​ ស្ដ្រី​រង​គ្រោះ​មាន​ប្ដី​ និង​កូន​៣​នាក់​ ប្រុស​២​នាក់​ ស្រី​ម្នាក់​។​

​ប្រភព​ដដែល​បន្ដ​ថា​ តាម​ការ​បំភ្លឺ​របស់​បុរស​ឈ្មោះ​ ឈិ​ន​ តាក់​ ភេទ​ប្រុស​ អាយុ​២៧​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​អង្គ​ព​ពាយ​ ឃុំ​ក្រាំង​ម្កាក់​ ស្រុក​អង្គស្នួល​ ដែល​ត្រូវជា​ប្អូន​ស្ដ្រី​រង​គ្រោះ​ បានឱ្យ​ដឹង​ថា​ កន្លង​មក​ស្ដ្រី​រង​គ្រោះ​និង​ប្ដី​បាន​នាំ​គ្នា​ចាក​ចេញពី​ស្រុក​កំណើត​ពី​ខេត្ដកំពង់ស្ពឺ​ មក​ស្នាក់​នៅផ្ទះ​ជួល​នៅ​ស្រុក​អង្គស្នួល​ ខេត្ដកណ្ដាល​ ដើម្បី​មក​ធ្វើ​ការងារ​រោងចក្រ​ ដោយ​ផ្ទះ​ជួល​របស់​ក្រុម​គ្រួសារ​រង​គ្រោះ​ នៅ​ជិត​ផ្ទះ​របស់​ខ្លួន​។​

បុរស​ជា​ប្អូន​ ឱ្យ​ដឹង​ទៀត​ថា​ ស្ដ្រី​រង​គ្រោះ​ និង​ប្ដី​តែងតែ​មានការ​ឈ្លោះប្រកែក​គ្នា​ជា​ញឹកញាប់​ លុះ​មក​ដល់​ល្ងាច​ថ្ងៃ​ទី​១៦​ ខែកក្កដា​ ឆ្នាំ​២០១៨​ បុរស​ជា​ប្អូន​ជន​រង​គ្រោះ​បានឃើញ​ផ្ទះ​បងស្រី​ (​ស្ដ្រី​រង​គ្រោះ​)​ មាន​ភាព​ងងឹត​មិន​បើក​អំ​ពូ​ល​ភ្លើង​ ហើយ​ក៏​មានការ​ងឿងឆ្ងល់​ រួច​ក៏​ដើរទៅ​មើល​ និង​បាន​ស្រែកហៅ​បងស្រី​របស់​ខ្លួន​ តែ​មិន​លឺ​ឆ្លើយ​តប​ ភ្លាម​នោះ​ខ្លួន​ក៏​ឡើង​ទៅ​មើល​លើ​ផ្ទះ​បញ្ចាំង​ភ្លើង​ពិល​មើល​ ក៏​បានឃើញ​ជន​រង​គ្រោះ​ដេក​ដណ្ដប់ភួយ​ជិត​ ដោយ​ចេញ​តែ​ចុងជើង​ ហើយ​ខ្លួន​ក៏​ចូល​ទៅ​ជិត​ចាប់​អង្រួន​ន​ជើង​ ស្រាប់តែ​ជើង​ស្ត្រី​រង​គ្រោះ​មាន​សភាព​រឹង​បាត់​ទៅ​ហើយ​ បន្ទាប់​មក​ក៏​បាន​បើក​ភួយ​មើល​ ស្រាប់តែ​ឃើញ​ស្នាម​កាំបិត​កាប់​ត្រង់​ក្បាល​ជា​ច្រើន​កន្លែង​ ទើប​មានការ​ភ្ញាក់ផ្អើល​ និង​បាន​រាយការណ៍​ជូន​មេ​ភូមិ​ និង​នគរបាល​ប៉ុស្តិ៍​ក្រាំង​ម្កាក់​ ដើម្បី​ធ្វើការ​ពិនិត្យ​។​

​ក្រោយ​ពី​នគរបាល​ប៉ុស្ដិ៍​ទទួល​បាន​ព័ត៌មាន​ ភ្លាម​នោះ​ក៏​បាន​រាយការណ៍​បន្ដ​ទៅ​មន្ដ្រី​ជំនាញ​ស្រុក​ និង​សហការ​ជាមួយ​មន្ដ្រី​ជំនាញ​ខេត្ដ​ ចុះ​មក​ពិនិត្យ​កោសល្យ​វិ​ច្ច័​យ​សាកសព​ រួច​បញ្ជាក់​ថា​ ស្ដ្រី​រង​គ្រោះ​ គឺ​ពិតជា​ស្លាប់​ដោយសារ​ករណី​ឃាតកម្ម​ប្រាកដ​មែន​ ដោយនៅ​លើ​ក្បាល​ជន​រង​គ្រោះ​ផ្នែក​ខាងស្តាំ​មាន​ស្នាម​កាប់​ចំនួន​៥​កន្លែង​ ២​កាំបិត​ផុង​លលាដ៍ក្បាល​,​ ២​កាំបិត​ទៀត​ដល់​លលាដ៍​ និង​១​កាំបិត​ទៀត​ចំ​ឆ្អឹង​ក​ និង​ដាច់​ក្រ​ចៀក​ខាងស្តាំ​ជា​ចំរៀកៗ​។​

​ក្រោយ​ពី​មន្ដ្រី​ជំនាញ​ធ្វើការ​ពិនិត្យ​រួច​ ក៏​បាន​ប្រគល់​សាកសព​ទៅ​ឱ្យ​ក្រុម​គ្រួសារ​យក​ទៅ​ចាត់ចែង​ធ្វើបុណ្យ​តា​ប្រពៃណី​។​ ចំពោះ​ករណី​ខាងលើ​នេះ​ មន្ដ្រី​ជំនាញ​កំពុង​កសាង​សំណុំរឿង​ និង​ធ្វើការ​ស្រាវជ្រាវ​ដើម្បី​រក​ជន​ដៃដល់​មក​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post