កញ្ញា ធី សុវណ្ណថា មន្ត្រីពង្រឹងគណបក្សប្រជាជនកម្ពុជា ប្រចាំឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល បានបង្ហោះសារ អបដោយរូបថតជាច្រើនសន្លឹកនៅលើគេហទំព័ររបស់កញ្ញា នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨ នេះ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍បំផុតនោះគឺ កញ្ញា ស្លៀកពាក់ឈុតប្រជាការពារឃុំត្រើយស្លា។
ប្រជាការពារឃុំត្រើយស្លា ២០០នាក់ សហការជាមួយអាជ្ញាធរឃុំ បើកយុទ្ធនាការសម្អាតព្រែក និងបង្ក្រាបបទល្មើសនេសាទខុសច្បាប់។ នេះគឺជាសាររបស់កញ្ញា ធី សុវណ្ណថា។
កញ្ញាដែលមានពហុជំនាញបានផ្ញើសារព្រមាន ដល់មេខ្លោងធំបទល្មើសនេសាទ នៅឃុំប្រសាទ ឃុំស្វាយប្រទាល និងនៅពាមសូ សូមរុះរើសៃយឺនខុសច្បាប់ ចេញជាបន្ទាន់។
កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ កន្លងទៅ កញ្ញា ធី សុវណ្ណថា ក៏បានផ្ញើសារទៅជនល្មើសនេសាទថា៖ ១- ហាមដាក់ព្រួល ឬសាយឺនកាត់ព្រែក ២- ហាមឆក់ ឬប្រើឧបករណ៍នេសាទខុសច្បាប់ សូមរុះរើ ឧបករណ៍ល្មើសច្បាប់របស់លោកអ្នកចេញពីព្រែក ទន្លេ បឹង ក្នុងរយៈពេល២៤ម៉ោង ពីនាងខ្ញុំ ធី សុវណ្ណថា មន្ត្រីគណៈពង្រឹងឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល។
គេសង្កេតឃើញថា អ្វីដែលកញ្ញា ធី សុវណ្ណថា ប្តឹងឬអន្តរាគមន៍ តែងតែទទួលបានផលល្អ។ បច្ចុប្បន្ន កញ្ញា កំពុងតែអនុវត្តគម្រោងសាងសង់ផ្លូវ នៅឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល។