រតនគិរីៈ បុរស២នាក់ មានមុខងារជាអ្នកសារព័ត៌មានដូចគ្នា តែស្ថាប័នខុសគ្នា ផឹកស្រាស្រវឹង ទាស់ពាក្យសម្ដីរហូតផ្ទុះហិង្សា ដោយភាគីម្ខាងយកកូនកាំបិតចាក់ភាគីម្ខាងទៀត បណ្ដាលឲ្យរងរបួសធ្ងន់។
ករណីហិង្សារវាងអ្នកកាសែត និងកាសែតដូចគ្នានេះ កើតឡើងកាលពីវេលាម៉ោង១០៖៣០ នាទីយប់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចម្ដុំផ្សាររាត្រី ស្ថិតក្នុងភូមិ អូរកន្សែង សង្កាត់ បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី ។
ជនបង្កឈ្មោះ ណាត ពៅ ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាអ្នកសាព័ត៌មាន CPN មានលំនៅភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។ ជនរងគ្រោះឈ្មោះ អោ ឧត្ដម ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ្នកសាព័ត៌មាន “តាដំបងគ្រញូង” មានទីលំនៅភូមិអូរកន្សែង សង្កាត់ បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី ( រងរបួសធ្ងន់ )។
បច្ចុប្បន្នជនរងគ្រោះ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្ត។ ចំណែកជនបង្កកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការក្រុង ដើម្បីចាត់ការតាមនីតិវិធី៕