ភ្នំពេញៈ គូសង្សារមួយគូ បានជិះម៉ូតូមួយគ្រឿងឌុបគ្នាដើរលេង បើកបរក្នុងល្បឿនលឿន ហើយរេចង្កូតទៅបុកទ្រូងផ្លូវផ្លោងទៅបុកបង្គោលប៉ាណូពេញទំហឹង បណ្ដាឲ្យនារីជាសង្សារ ស្លាប់យ៉ាងអាណោចអាធ័ម រីឯយុវជនអ្នកឌុប រងរបួសធ្ងន់។
គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ កើតឡើងកាលពីវេលាម៉ោង១២និង១០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅចំណុចមុខកងរាជអវុធហត្ថរាជធានីភ្នំពេញ តាមបណ្តោយផ្លូវវេងស្រេង ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សពនារីរងគ្រោះ និងយុវជន រងរបួសធ្ងន់ នៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ។
អ្នកឃើញហេតុការណ៍ បានប្រាប់ភ្នាក់ងារ CAM POST ឲ្យដឹងថា មុនពេលកើតហេតុ គេឃើញយុវជនម្នាក់ បានជិះម៉ូតូមួយគ្រឿងម៉ាក Suzuki Nex ពណ៌ស ពាក់ស្លាកលេខព្រៃវែង 1M-6831 ឌុបនារីម្នាក់ ធ្វើដំណើរទិសដៅពីជើងបត់ទៅលិច ក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុខាងលើ ដោយសារផ្លូវកោងផង ក៏បានជ្រុលចង្កូតទៅបុកខឿនផ្លូវ បណ្តាលឲ្យនារីរងគ្រោះផ្លោងទៅបោកនិងបង្គោលផ្លាកប៉ាណូស្លាប់ភ្លាមៗតែម្ដង ចំណែកខាងប្រុស បានរងរបួសធ្ងន់ ត្រូវបានរថយន្តគិលានសង្គ្រោះដឹកយកទៅសង្គ្រោះភ្លាមៗ។
ក្រោយកើតហតុសមត្ថកិច្ចជំនាញបានធ្វើការវាស់វែងយក ម៉ូតូទៅរក្សាទុករង់ចាំសាច់ញាតិយកឯកសារមកផ្ទៀងផ្ទាត់ ដើម្បីយកត្រឡប់ទៅផ្ទះវិញ។ ចំណែកសព ត្រូវបានសមត្ថកិច្ចប្រគល់ឲ្យរថយន្តដឹកយកមកតម្កល់ទុកនៅវត្តទឹកថ្លា ដើម្បីរង់ចាំប្រកាសស្វែងរកសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕