ភ្នំពេញៈ មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលផ្សារដើមគរ ចុះទៅសាកសួរជនល្មើស តាមពាក្យបណ្តឹង របស់អ្នករត់ម៉ូតូកង់បី ដែលកើតជម្លោះជាមួយម្ចាស់ស្តង់លក់ផ្លែឈើនៅផ្សារនាគមាស ស្រាប់តែត្រូវជនល្មើសកាប់ រងរបួសធ្ងន់ធ្ងរ។
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៣៖៣០នាទីរសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៨ សិ្ថតក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោល រាជធានីភ្នំពេញ។
យោងតាមសម្ដីសាច់ញាតិជនរងគ្រោះ បានឲ្យដឹងថា នៅរសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៨ បន្ទាប់ពីមានពាក្យបណ្តឹងពីអ្នករត់កង់បីថា មានបញ្ហាជម្លោះជាមួយម្ចាស់ស្តង់លក់ផ្លែឈើនៅមុខផ្សារនាគមាស លោក ឃិន ទិត្យ (ជនរងគ្រោះ) និងមន្ត្រីនគរបាលប៉ុស្តិ៍ផ្សារដើមគរសរុបចំនួន៣នាក់ បានចុះទៅកន្លែងកើតហេតុ គ្រាន់តែទៅដល់មុខផ្សារនាគមាស មិនទាំងបានសួរនាំផង ក៏ត្រូវជនល្មើសស្ទុះមកកាប់ជាច្រើនកាំបិតតែម្តង។ ហើយជនល្មើស ក៏ត្រូវនគរបាលចាប់ខ្លួនបានភ្លាមៗផងដែរ។
បច្ចុប្បន្នជនរងគ្រោះកំពុងសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត ដោយមានសភាពធ្ងន់ធ្ងរជាទីបំផុត។ សាច់ញាតិជនរងគ្រោះ បានបញ្ជាក់ថា បន្ទាប់ពីធ្វើការស្កេនក្បាលជនរងគ្រោះរួចមកឃើញថា ជនរងគ្រោះប៉ះត្រូវខួរក្បាលពីរកន្លែង ដែលត្រូវការយកចិត្តទុកដាក់ខ្លាំងបំផុត។ ដូច្នេះសាច់ញាតិជនរងគ្រោះ ស្នើសុំឲ្យនាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងគនរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ជួយសម្រួលឲ្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចេញលិខិតឆ្លងដែន ជួនលោក ឃិន ទិត្យ ដែលកំពុងរងរបួសធ្ងន់ អាចចេញទៅសង្គ្រោះជីវិតនៅប្រទេសថៃ។
សាច់ញាតិជនរងគ្រោះសង្ឃឹម និងជឿជាក់ថា នាយឧត្តមសេនីយ៍ អគ្គស្នងការរងនគរបាលជាតិ និងជួយសម្រួលបានទាន់ពេលវេលា៕