header ads

Sponsor

ពិសី

ភ្នំពេញៈ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨នេះ បានសម្ដែង ការខកចិត្តយ៉ាងខ្លាំង ចំពោះការអធិប្បាយនាពេលថ្មីៗនេះ របស់លោកស្រីសាស្រ្តាចារ្យ រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ដែលបានសរសេរក្នុងទំព័របណ្តាញសង្គម(Facebook)របស់ការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សប្រចាំប្រទេសកម្ពុជា ដោយបង្ហាញពីការព្រួយបារម្ភរបស់ខ្លួនពីភាពស្របច្បាប់នៃការមិនចូលរួមបោះឆ្នោត និងពីការចោទប្រកាន់ស្តីពីការផ្អាកសេវាសាធារណៈចំពោះជនទាំងឡាយណាដែលមិនបោះឆ្នោតឲ្យគណបក្សកាន់អំណាច នៅក្នុងដំណើរការការបោះឆ្នោតតំណាងរាស្រ្តនៅកម្ពុជា។

យោងតាមសេចក្តីថ្លែងការណ៍របស់ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងថា ពេលវេលា និងគោលបំណងនៃការធ្វើការកត់សំគាល់របស់លោកស្រីសាស្រ្តាចារ្យ រ៉ូណា ស្មីត នេះ បានធ្វើឲ្យមានសំណួរចោទសួរមួយចំនួន ដោយហេតុថា ខ្លឹមសារនៃការកត់សំគាល់របស់គាត់មានភាពលំអៀង និងមានការវិនិច្ឆ័យទុកជាមុន នៅក្នុងបរិបទនៃការរៀបចំការបោះឆ្នោតដែលទទួលបានការយកចិត្តទុកដាក់នៅកម្ពុជា។

ការអំពាវនាវរបស់គាត់ហាក់ដូចជាបានបង្ហាញឲ្យឃើញពីការគាំទ្រដល់យុទ្ធនាការ ដែលមានការសម្របសម្រួលដោយ សម រង្ស៊ី និងសមាជិកនៃគណបក្សសង្រ្គោះជាតិ ដែលត្រូវបានរំលាយដោយស្របច្បាប់រួចទៅហើយនោះ ហើយដែលកំពុងព្យាយាមធ្វើឲ្យអន្តរាយដល់ការប្រកួតប្រជែងតាមបែបប្រជាធិបតេយ្យនៅកម្ពុជា តាមរយៈការលើកទឹកចិត្តអ្នកបោះឆ្នោតឲ្យធ្វើពហិការការបោះឆ្នោត និង បង្រៀនគូស​ធ្វើឲ្យខូចសន្លឹកឆ្នោត នៅថ្ងៃបោះឆ្នោត។

មិនដូចប្រទេសខ្លះនោះទេ កម្ពុជាមិនមានច្បាប់ណាមួយដាក់ទោសដល់អ្នកដែលមិនបានទៅបោះឆ្នោតនោះទេ។ ទោះជាយ៉ាងណា ច្បាប់បោះឆ្នោតរបស់កម្ពុជាដាក់ទោសតែអ្នកដែលទប់ស្កាត់អ្នកដទៃមិនឲ្យបោះឆ្នោត ដូចដែលមានចែងនៅក្នុងមាត្រា១៤២នៃច្បាប់បោះឆ្នោត តែប៉ុណ្ណោះ។

អ្នករាយការណ៍ពិសេស ហាក់ដូចជាមើលមិនឃើញពីទង្វើប្រជានិយមដ៏គ្រោះថ្នាក់របស់ សម រង្ស៊ី និងក្រុមរបស់គាត់ ដែលបានអំពាវនាវឲ្យយោធាបះបោរប្រឆាំងនឹងរដ្ឋាភិបាល អុចអាលឲ្យមានការស្អប់ខ្ពើមពូជសាសន៍ និងជនបរទេស ព្រមទាំងបង្កគំនិតជាតិនិយមជ្រុល ដែលធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងសន្តិភាពជាមួយប្រទេសជិតខាងមួយរបស់កម្ពុជា។

ការប្រព្រឹត្តបែបនេះ ពុំមានជាលក្ខណៈលទ្ធិប្រជាធិបតេយ្យទាល់តែសោះ ហើយដែលត្រូវទទួលបានការថ្កោលទោសយ៉ាងខ្លាំងនៅក្នុងសង្គមប្រជាធិបតេយ្យ។ ទាក់ទងបញ្ហានេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សូមធ្វើការកត់សំគាល់ប្រកបដោយការសោកស្តាយយ៉ាងខ្លាំងចំពោះអ្នករាយការណ៍ពិសេស ដែលមិនបានលើកឡើងទាល់តែសោះពីការប្រព្រឹត្តអប្រជាធិបតេយ្យ ដូចដែលបានលើកឡើងខាងលើ។

ការសង្កេតប្រកបដោយយុត្តិធម៌ និងសត្យានុម័តនៃដំណើរការបោះឆ្នោត គួរគូសបញ្ជាក់ពីធម្មជាតិបក្សប្រឆាំងដ៏កម្សោយ​ ដែលប៉ុនប៉ងរំខានដល់សន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍ ដែលទទួលបានដោយលំបាកនៅកម្ពុជា។ ពាក់ព័ន្ធបញ្ហានេះ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ សូមស្នើដល់អ្នករាយការណ៍ពិសេសឲ្យគោរពឲ្យបានហ្មត់ចត់នូវ " ក្រមប្រតិបត្តិសម្រាប់អ្នកដែលមានអាណត្តិនៅក្នុងកិច្ចដំណើរការពិសេសនៃក្រុមប្រឹក្សាសិទ្ធិមនុស្ស " និង " កូនសៀវភៅណែនាំអំពីប្រតិបត្តិការនៃនីតិវិធីពិសេសនៃក្រុមប្រឹក្សាសិទ្ធិមនុស្ស " 

ចំពោះរបាយការណ៍ដែលថា អាជ្ញាធរមូលដ្ឋានបានគំរាមមិនផ្តល់សេវាសាធារណៈដល់អ្នកដែលមិនបោះឆ្នោតឲ្យគណបក្សកាន់អំណាច ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិសូមបញ្ជាក់ជាថ្មីម្តងទៀតថា រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាធានាផ្តល់ដល់ប្រជាជនកម្ពុជាទាំងអស់នូវសេវាសាធារណៈ ដោយមិនគិតពីនិន្នាការនយោបាយ និងឋានៈសង្គមរបស់ពួកគេឡើយ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post