ក្រុមអ្នកវិភាគរិះគន់សម្តេច ស ខេង រឿងបញ្ជាឱ្យផាកពិន័យអ្នកធ្វើយុទ្ធនាការម្រាមដៃស្អាតតាមបណ្តាញសង្គមហ្វេសប៊ុក។ លោកបណ្ឌិត មាស នី អ្នកសិក្សាពីការអភិវឌ្ឍសង្គម និងជាអ្នកវិភាគនយោបាយឯករាជ បានលើកឡើងថា ការថ្លែងរបស់សម្តេច ស ខេង គឺជាការសម្រួលដល់ស្ថានការណ៍នយោបាយ ស្របពេលដែលគណបក្សកាន់អំណាចបានដឹងខ្លួនមុនជាស្រេចថា ពួកគេនឹងឈ្នះការបោះឆ្នោតអាណត្តិនេះ។
មកដល់ពេលនេះហើយ ទោះបីជាយើងចាប់មនុស្សដាក់គុកមួយពាន់ឬមួយម៉ឺននាក់ ដោយសារតែការបង្ហាញម្រាមដៃស្អាត ក៏វាមិនអាចផ្លាស់ប្តូរលទ្ធផលនៃការបោះឆ្នោតហ្នឹងប៉ុន្មានដែរ។ អីចឹង វាអត់មានបានប្រយោជន៍អីលើការគំរាមប្តឹង គំរាមអីទេ មកដល់ពេលនេះហើយ ព្រោះយើងដឹងហើយថាគណបក្សប្រជាជនកម្ពុជានឹងឈ្នះ១០០ភាគរយបាត់ទៅហើយ។ នេះជាការបន្ថែមរបស់លោកបណ្ឌិត មាស នី
ចំណែកឯ លោក កន សាវាង្ស មន្រ្តីសម្របសម្រួលអង្គការខុមហ្វ្រែល លើកឡើងថា ការធ្វើយុទ្ធនាការបង្ហោះម្រាមដៃរបស់ខ្លួនបង្ហាញថាមិនទៅបោះឆ្នោតដោយខ្លួនឯង គឺជាការបញ្ចេញមតិ មិនមែនជាសកម្មភាពខុសច្បាប់ណាមួយដែលចែងពីការបោះឆ្នោតនោះទេ។
លោក កន សាវាង្ស បន្ថែមថាការថ្លែងរបស់សម្តេច ស ខេង នឹងអាចធ្វើឱ្យមានការចាប់អ្នកបង្ហោះសារទាំងនោះដើម្បីផាកពិន័យកាន់តែច្រើន ដោយសារការអនុវត្តច្បាប់របស់អាជ្ញាធរមានភាពខ្វះចន្លោះ។
យោងតាមមាត្រា១៤២ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តចែងថា៖ ត្រូវផាកពិន័យជាប្រាក់ពី ៥ ០០០០០០ (ប្រាំលានរៀល) ទៅ ២០ ០០០ ០០០ (ម្ភៃលានរៀល) ចំពោះជនណាដែលតាមគ្រប់មធ្យោបាយទុច្ចរិត រារាំងប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតមិនឱ្យទៅបោះឆ្នោតធ្វើឲ្យមានការភាន់ច្រឡំ នាំឲ្យបាត់ទំនុកចិត្តលើការបោះឆ្នោតនិងបង្កការរំខានមិនឲ្យដំណើរការបោះឆ្នោតបាន។
សូមរំលឹកថាកាលពីថ្ងៃចន្ទ ទី២៣ ខែកក្កដា ឆ្នាំ២០១៨ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជាបានបញ្ជាឱ្យអាជ្ញាធរចាប់អ្នកបង្ហោះសារម្រាមដៃស្អាត លើបណ្តាញអ៊ីនធើណិត ដែលបង្ហាញពីការមិនទៅបោះឆ្នោត ឱ្យបង់ពិន័យជាប្រាក់ពី៥លានរៀលទៅ២០លានរៀល។ ការបញ្ជានេះធ្វើឡើងនៅស្រុកបាណន់ ខេត្តបាត់ដំបង។
សម្តេចក្រឡាហោមបានគូសបញ្ជាក់ថា៖ អ្នកដែលបង្ហោះយុទ្ធនាការម្រាមដៃស្អាតលើបណ្តាញសង្គម គឺជាការប្រឆាំងទៅនឹងការបោះឆ្នោត។ កម្ពុជាមិនមានច្បាប់ចាប់អ្នកបង្ហោះយុទ្ធនាការម្រាមដៃស្អាតយកទៅដាក់ពន្ធនាគារនោះទេ ប៉ុន្តែអាជ្ញាធរអាចចាប់ពួកគេ ដើម្បីផាកពិន័យជាប្រាក់ទៅតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៦។
ស្របពេលដែលយុទ្ធនាការឃោសនាបោះឆ្នោតកំពុងតែប្រព្រឹត្ត ថ្នាក់ដឹកនាំ អ្នកគាំទ្រអតីតគណបក្សសង្គ្រោះជាតិ ទាំងក្នុង និងក្រៅប្រទេសបានធ្វើយុទ្ធនាការតាមរយៈការបង្ហោះម្រាមដៃស្អាត បង្ហាញពីការមិនទៅបោះឆ្នោតផងដែរ។