header ads

Sponsor

ពិសី

ភ្នំពេញៈ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានអះអាងថា សម្រាប់ការបោះឆ្នោតជ្រើសតាំងអ្នកតំណាងរាស្ត្រអាណត្តិទី៦នេះ គណបក្សប្រជាជនកម្ពុជា និងបន្តឈ្នះទៀតតាមរយៈស្នាដៃកសាងមានច្រើនលើសលុបជូនប្រជាជន។

លោក សុខ ឥសាន បានឲ្យដឹងនៅថ្ងៃទី២០ កក្កដា តាមប្រព័ន្ធតេឡេក្រាមថា គណបក្សប្រជាជនកម្ពុជា ពិតជាឈ្នះឆ្នោតច្រើនលើសលុប ដោយសារគណបក្សមានស្នាដៃ និងគុណសម្បត្តិធំធេង សម្រាប់ផលប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា។

លោកក៏បានប្រាប់មូលហេតុនៃការឈ្នះឆ្នោតយ៉ាងដូច្នេះថា «ប្រជាជនសុទ្ធតែបានមើលឃើញផ្ទាល់ ស្ទាបត្រូវនឹងដៃ បានទទួលផលប្រយោជន៍។ ស្នាដៃទាំងនេះរបស់គណបក្សប្រជាជន កម្ពុជា គឺជាទឡ្ហីករណ៍ និងភស្តុតាងដ៏មានសក្តានុពល ដើម្បីប្រជាជនបន្តគាំទ្រគណបក្សប្រ ជាជនកម្ពុជា ឲ្យដឹកនាំជោគវាសនាប្រទេសតទៅទៀត ដោយមានសម្តេចតេជោ ហ៊ុន សែន ជា នាយករដ្ឋមន្ត្រី ដែលមានបទពិសោធន៍យ៉ាងច្រើនក្នុងការដឹកនាំប្រទេស»

លោកបន្ដែមថា បញ្ហាសំខាន់ គឺមេដឹកនាំគណបក្សប្រជាជនកម្ពុជា ជាអ្នកសង្គ្រោះប្រជាជនឲ្យរួចផុតពីការកាប់សម្លាប់ពីរបបប៉ុលពត នាំមកនូវកិច្ចព្រមព្រៀងទីក្រុងប៉ារីស ជាពិសេសស្វែងរកបានសន្តិភាព ការឯកភាពជាតិជូនមាតុភូមិកម្ពុជា ជាឱកាសសម្រាប់កសាង និងអភិវឌ្ឍន៍ប្រទេសឲ្យមានការរីកចម្រើនតទៅ។

សម្រាប់ធ្វើយុទ្ធនាការបោះឆ្នោតអ្នកនាំពាក្យគណបក្សកាន់អំណាចក៏បានលើកឡើងថា ការធ្វើសកម្មភាពយុទ្ធនាការបោះឆ្នោតគគ្រឹកគគ្រេងរបស់គណបក្សប្រជាជនកម្ពុជា បង្ហាញថា គ ណបក្សមានអ្នកគាំទ្រចំនួនច្រើនលើសលុបជាងគណបក្សផ្សេងៗ។

លោកក៏បានលើកឡើងនៅពេលដែលឃើញគណបក្សប្រជាជនកម្ពុជាគគ្រឹកគគ្រេងក្នុងយុទ្ធនាការឃោសនាបោះឆ្នោត ស្រាប់តែមានជនមួយចំនួននិយាយថា ក្នុងយុទ្ធន្នាកាឃោសនាបោះឆ្នោត គណបក្សប្រជាជនកម្ពុជា មិនបាច់ខំប្រឹង ក៏នឹងឈ្នះឆ្នោតដែរ ដោយសារ អត់មានអតីតបក្សប្រឆាំងផងនោះ។ តាំងពីដើមមកសកម្មភាពនយោបាយរបស់គណបក្សប្រជាជនកម្ពុជា មិនរណបលើការមាន ឬគ្មានគណបក្សណាមួយទេ។ គណបក្សប្រជាជនកម្ពុជា ខិតខំធ្វើសកម្មភាពនយោបាយនៅគ្រប់កាលៈទេសៈ ដើម្បីផលប្រយោជន៍ជាតិ និងផលប្រយោជន៍ប្រជាជន។ ជាពិសេសក្នុងរយៈពេលយុទ្ធនាការឃោសនា គឺគណបក្សប្រជាជនកម្ពុជាខិតខំអនុវត្តឲ្យបានត្រឹមត្រូវតាមច្បាប់បោះឆ្នោត និងគោលការណ៍នីតិវិធី ក្រមសីលធ៌មរបស់ គ.ជ.ប ហើយមិនចំណុះទៅលើមានវត្តមាន ឬអវត្តមានរបស់គណបក្សណាមួយនោះទេ។ ម៉្យាងទៀតចំពោះគណបក្សនានា ដែលមានឈ្មោះប្រកួតប្រជែងក្នុងការបោះឆ្នោត វាអាស្រ័យលើគណបក្សទាំងនោះផ្ទាល់។

លោកក៏បានគូសបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា ទោះបីមាន ឬគ្មានវត្តមានអតីតបក្សប្រឆាំង ក៏គណបក្សប្រជាជនកម្ពុជា នៅតែមានសកម្មភាពប្រយុទ្ធដដែល មិនរាថយ ឬថមថយអ្វីឡើយ មិនមែនអតីតបក្សប្រឆាំងងាប់  ហើយគណបក្សប្រជាជនកម្ពុជា ស្លាប់តាមនោះទេ គឺនៅតែរស់រវើក និងសកម្មថែមទៀតផង ។ ឯគណបក្សដទៃទៀត ក៏ដូច្នេះដែរ ។ អត់អតីតបក្សប្រឆាំង លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា នៅតែស្រស់បំព្រងជានិច្ច៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post