
កណ្តាលៈ ម្តាយជនរងគ្រោះ ដែលត្រូវក្រុមជនដៃដល់កាប់ប្រហារកូនគាត់ បណ្តាលឲ្យស្លាប់ក្នុងថ្លុកឈាម នៅចំណុចលើចិញ្ចើមផ្លូវជាតិលេខ២១ ស្ថិតក្នុងភូមិព្រែកគង់ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល កាលពីអំឡុងខែមីនា ឆ្នាំ២០១៨ កន្លងទៅ បានស្រែកដង្ហើយសុំឲ្យសម្តេចតេជោ ហ៊ុន សែន ជួយរកយុត្តិធម៌ជូនកូនគាត់ ខណៈដែលលោក ងួន វុទ្ធី អនុប្រធានតុលាការខេត្តកណ្តាល បានដោះលែងជនសង្ស័យម្នាក់ឈ្មោះ បេង តាំងអេង ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិព្រែកមេស្រុក ឃុំព្រែកស្តី ស្រុកកោះធំ ដែលជាប់ពាក់ព័ន្ធនឹងករណីឃាតកម្មខាងលើ ។


ស្ត្រីឈ្មោះ គីម ស៊្រីម ជាម្តាយរបស់ជនរងគ្រោះ បាននិយាយរៀបរាប់ថា កូនរបស់គាត់ឈ្មោះ ចេក ភាព ភេទប្រុស អាយុ២០ឆ្នាំ ត្រូវបានក្រុមក្មេងស្ទាវតាមកាប់ប្រហារបណ្តាលឲ្យស្លាប់ រហូតមកដល់ពេលនេះ តុលាការមិនទាន់រកយុត្តិធម៌បាននៅឡើយទេ ឥឡូវបែរជាដោះលែងជនសង្ស័យម្នាក់ ក្នុងចំណោមជនសង្ស័យទាំង៦ ដែលសមត្ថកិច្ចចាប់បញ្ជូនទៅតុលាការខេត្តកណ្តាល កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៨ ។

ហើយក៏ត្រូវបានលោក ងួន វុទ្ធី អនុប្រធានសាលាដំបូងខេត្តកណ្តាល និងជាចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល សម្រេចចេញដីកាបង្គាប់ឲ្យដោះលែងឈ្មោះ បេង តាំងអេង ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកមេស្រុក ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរកាប់ជ្រូកលក់ កាលពីថ្ងៃទី២ ខែកក្តដា ឆ្នាំ២០១៨ ដែលជាប់ចោទពីបទ ”សមគំនិតក្នុងអំពើរឃាតកម្ម” ដែលប្រព្រឹត្តនៅភូមិព្រែកគង់ ឃុំសំពៅលូន ស្រុកកោះធំ ខេត្តកណ្តាល កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៨ ។


សូមបញ្ជាក់ថា នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោងប្រមាណជា៦៖០០នាទី ជនរងគ្រោះបានជិះម៉ូតូ១គ្រឿង ម៉ាកSUZUKI NEX ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1DH-2039 តែម្នាក់ឯងចេញពីផ្ទះទៅលេងបុណ្យបញ្ចុះខណ្ឌសីមាវត្តកោះទៀវ ស្ថិតនៅភូមិកោះទៀវ(ខ) ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល ។ លុះនៅវេលាម៉ោងកើតហេតុខាងលើ ខណៈពេលដែលជនរងគ្រោះ ចេក ភាព ជិះម៉ូតូចេញពីវត្តត្រលប់មកផ្ទះវិញ ដល់ចំណុចខាងត្បូងស្ពានព្រែកគង់ ចម្ងាយប្រមាណ៥៥ម៉ែត្រ ស្ថិតនៅលើចិញ្ចើមផ្លូវជាតិ២១ចំហៀងខាងកើត ស្រាប់តែមានជនសង្ស័យពុំស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះចំកខាងឆ្វេង បណ្ដាលឲ្យស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុតែម្ដង ។
ក្រោយពីទទួលបានព័ត៌មាននេះ កម្លាំងនគរបាលជំនាញ នៃអធិការដ្ឋាន ដឹកនាំដោយលោកអធិការ សហការជាមួយការិយាល័យនគរបាលបច្ចេកទេស នឹងវិទ្យាសាស្រ្តខេត្ត ប៉ុស្ដិ៍រដ្ឋបាលសំពៅពូន លោកគ្រូពេទ្យ នឹងក្រុមគ្រួសារសព ដើម្បីធ្វើការពិនិត្យកន្លែងកើតហេតុ នឹងពិនិត្យសាកសព ឃើញថា ជនរងគ្រោះមានស្លាកស្នាម នៅលើកខាងឆ្វេងប៉ះទង្គិចនឹងវត្ថុរឹងមុខមុត មានទំហំ០៦សង់ទីម៉ែត្រx០៨សង់ទីម៉ែត្រ ជម្រៅដល់ឆ្អឹង ក្រៅពីនេះពុំមានស្លាកស្នាមអ្វីទៀតឡើយ ។



វត្ថុតាងចាប់យករួមមាន៖ ម៉ូតូចំនួន២គ្រឿង ម៉ាក Honda SL ពណ៌ទឹកប្រាក់ គ្មានស្លាកលេខ មួយគ្រឿង និងម៉ាកSuzuki Nex ពណ៌ក្រហមលាយខ្មៅ ពាក់ស្លាកលេខ 1U-5738 មួយគ្រឿង, ដាវចំនួន២ដើម កាំបិតចំនួន២ដើម, ទូរស័ព្ទចល័ត ចំនួន៦គ្រឿង ។
សមត្ថកិច្ចបន្តថា ជនសង្ស័យទាំង៦នាក់ ទី១-ឈ្មោះ គាត សំណាង (ហៅឡេង) ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកថ្មី ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ រត់តុការ ជាជនដៃដល់។ ទី២-ឈ្មោះ ហោ សោភ័ណ្ឌ (ហៅឡុង) ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកប៉ុក ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ រត់តុការ ជាអ្នកចូលរួម ទី៣-ឈ្មោះ ឌី ឌឿន ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិពោធិ៍រាម្មា ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ មិនពិតប្រាកដ។ ទី៤-ឈ្មោះ បេង តាំងអេង ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកមេស្រុក ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ មុខរបរ កាប់ជ្រូកលក់។ ទី៥-ឈ្មោះ វ៉ាន់ សំណាង ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកធន់ ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ កសិករ។ ទី៦-ឈ្មោះ យឹម ឌីណា ភេទប្រុស អាយុ១៨ឆ្នាំ ភូមិព្រែកស្តី ឃុំព្រែកស្តី ស្រុកកោះធំ ខេត្តតាកែវ៕

