
រតនគិរីៈ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្ត បានចុះបង្រ្កាបការជួញដូរ និងប្រើប្រាស់គ្រឿងញៀន ហើយឃាត់ខ្លួនជនសង្ស័យប្រុសស្រី៣នាក់។
ប្រតិបត្តិការចុះបង្ក្រាបខាងលើនេះ ធ្វើឡើងនៅវេលាម៉ោង៩នឹង៣០នាទីព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចផ្ទះជួលមួយកន្លែង ស្ថិតនៅក្នុងភូមិភ្នំស្វាយ សង្កាត់អូរកន្សែង ក្រុងបានលុង។

សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យប្រុសស្រី៣នាក់ទាំង៣នាក់ ទី១.ឈ្មោះ មិន នី ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិខ្មែរ ទី២.ឈ្មោះ ហេង សោវឌី ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ ព្រមទាំងដកហូតម្សៅក្រាមពណ៌សថ្លា សង្ស័យសារធាតុញៀនចំនួន១កញ្ចប់តូច ទម្ងន់០.៥២ក្រាម (ទាំងសំបកថង់)។ ក្រោយពីឃាត់ខ្លួន បានធ្វើតេស្តទឹកនោមជនសង្ស័យទាំងពីរ លទ្ធផលមានសារធាតុគ្រឿងញៀនក្នុងខ្លួន។



សមត្ថកិច្ច បន្តថា បន្ទាប់ពីសាកសួរជនសង្ស័យពីរនាក់រួចមក ក៏ឈានទៅដល់ឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត ឈ្មោះ អែម សុភី ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ ព្រមទាំងដកហូតម្យៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀនចំនួន២ ថង់ធំល្មម ទម្ងន់ ៤.១២ ក្រាម (ទាំងសំបកថង់)។
បច្ចុប្បន្នជនសង្ស័យប្រុសស្រី៣នាក់ ត្រូវបានសមត្ថកិច្ចជំនាញឃុំខ្លួនបណ្តោះអាសន្ននៅការិយាល័យ ដើម្បីកសាងសំណុំរឿងចាត់វិធានការបន្តតាមនីតិវិធីច្បាប់៕