ស្វាយរៀងៈ កូនប្រុសរមិលគុណម្នាក់ ខឹងឪពុកមកពីផឹកស៊ីរករឿងជេរម្ដាយ និងកូនៗ ស្ទុះទៅទាញយកកាំបិតខ្វែវកាប់ជិញ្ច្រាំទៅឪពុកចំនួន៣កាំបិត បណ្តាលឲ្យប្រកាច់ស្លាប់ក្នុងថ្លុកឈាមមួយរំពេច។
ករណីខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៦៖៣០នាទីល្ងាចថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចភូមិព្រៃតាធឹក ឃុំគគីរសោម ស្រុកស្វាយទាប ខេត្តស្វាយរៀង។
ស្នងការរងទទួលផែននគរបាលព្រហ្មទណ្ឌ លោកឧត្តមសេនីយ៍ត្រី កុយ សុភាព បានឲ្យដឹងថា ជនបង្កឈ្មោះ ផល ឆាយយ៉ា ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ ធ្វើស្រែ មានទីលំនៅភូមិឃុំកើតហេតុខាងលើ បានធ្វើសកម្មភាពយកកាំបិតខ្វែវកាប់ទៅលើឪពុកបង្កើតរបស់ខ្លួនឈ្មោះ សុក មន អាយុ៥៦ ឆ្នាំ ចំនួន៣កាំបិត ត្រូវចំដើមទ្រូងមួយកាំបិត ស្មាខាងឆ្វេងមួយកាំបិត និងត្រូវចំ.ក មួយកាំបិត បណ្តាលឲ្យប្រកាច់ស្លាប់មួយរំពេច ព្រោះខឹងឪពុកស្រវឹងស្រា មកដល់ផ្ទះស្រែកជេរស្តីប្រពន្ធ និងកូនៗ។ ក្រោយបង្កហេតុជនល្មើសទម្លាក់ចោល រួចរត់គេចខ្លួនបាត់។
លោកស្នងការរង បានបន្តថា លុះដល់វេលាម៉ោង៨យប់ថ្ងៃដដែល បន្ទាប់ពីទទួលបានព័ត៌មាន ពីលោកអធិការនគរបាលស្រុកស្វាយទាប កម្លាំងជំនាញ នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ កម្លាំងជំនាញការិយាល័យនគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រ បានចុះមកដល់កន្លែងកើតហេតុ សហការជាមួយកម្លាំងជំនាញអធិការស្រុកស្វាយទាប ដើម្បីស្រាវជ្រាវរកទីតាំងលាក់ខ្លួនរបស់ជនសង្ស័យ ដើម្បីតាមចាប់ខ្លួនយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕