header ads

Sponsor

ពិសី

ភ្នំពេញៈ បុរសម្នាក់ បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ដោយសារជួបគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តម៉ាក តាកូមា បុកជាមួយម៉ូតូម៉ាក Zoomer X កាលពីវេលាម៉ោង៩៖១៥នាទីយប់ ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៨ នៅចម្ងាយប្រហែល៣០០ម៉ែត្រ ខាងត្បូងរង្វង់មូលនាងបីគួរស្រូវ នៅតាមបណ្តោយផ្លូវជាតិលេខ២ ស្ថិតក្នុងភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សាកសពរបស់ជនរងគ្រោះ ត្រូវបានគេស្គាល់ឈ្មោះ ផាន តុលា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរធ្វើការសំណង់ ជំនាញជាងដែក មានស្រុកកំណើតរស់នៅក្នុងភូមិពូនភ្នំ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។

ប្រភពពីកន្លែងកើតហេតុ ឲ្យដឹងថា មុនដំបូងគេឃើញរថយន្តម៉ាក តាកូមា ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AS-3694 នៅក្នុងរថយន្តមានទង់ជ័យគណបក្ស​សម្ព័ន្ធ​ដើម្បីប្រជាធិបតយ្យ ហៅកាត់ LDP និងមានមួកពណ៌ខ្មៅ មានអក្សរ LDP បើកតាមបណ្តោយផ្លូវជាតិលេខ២ ទិសដៅពីជើងទៅត្បូងយ៉ាងលឿន បានវ៉ារថយន្តមួយគ្រឿងទៀត។ ខណៈមកដល់កន្លែងកើតហេតុខាងលើ រថយន្តក៏បានទៅបុកម៉ូតូម៉ាក Zoomer X ពណ៌សលាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FW-2881 បើកដោយបុរសម្នាក់ តាមបណ្តោយផ្លូវជាតិលេខ២ ទិសដៅពីត្បូងទៅជើងបញ្រ្ចាសគ្នា យ៉ាងពេញទំហឹង បណ្តាលឲ្យបុរសម្នាក់ ហោះប្លោងទៅបោកក្បាលនឹងថ្នល់ បែកមុខបែកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។

ចំណែកម៉ូតូបានរងការខូចខាតផ្នែកខាងមុខដោយខ្ទេចម៉ត់មើលលែងយល់ ខណៈឯរថយន្តបង្កបានព្យាយាមបើករត់ប្រហែល១០០ម៉ែត្រ ទើបបន្តដំណើរទៅមុខលែងរួច ដោយរងការខូចខាតផ្នែកមុខខាងឆ្វេង បែកកង់ និងផ្ទុះពោងទាំង២។

ក្រោយពីកើតហេតុ គេបានឃើញអ្នកជិះក្នុងរថយន្តមិនដឹងមានប៉ុន្មានអ្នកនោះទេ បានចុះរត់បាត់ស្រមោល បន្សល់ទុកតែរថយន្តនៅកន្លែងកើតហេតុ។ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ហើយទំនាក់ទំនងទៅជំនាញចរាចរណ៍ក្រុង មកស្ទូចយករថយន្ត និងម៉ូតូយកទៅរក្សាទុក ដើម្បីរង់ចាំម្ចាស់រថយន្តបង្ក ចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post