ភ្នំពេញៈ ក្មេងស្ទាវមួយក្រុម ជិះម៉ូតូប្រដេញគ្នាយ៉ាងលឿន បានជ្រុលទៅបុកចូលក្រោមរថយន្ត ឡង់គ្រីស័រ ស៊េរីទំនើបមួយគ្រឿង ដែលកំពុងបត់ឆ្លងផ្លូវ បណ្ដាលឲ្យយុវជន២នាក់ បោកក្បាលនឹងថ្នល់របួសធ្ងន់ សន្លប់ស្ដូកស្ដឹងក្នុងថ្លុកឈាម បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។
ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៩៖១០នាទីយប់ ថ្ងៃច័ន្ទ ទី១៦ ខែកក្ដដា ឆ្នាំ២០១៨នេះ នៅចំណុចជិតមជ្ឈមណ្ឌលម៉ូឌែន២ ស្ថិតតាមកំណត់ផ្លូវជាតិលេខ២ ភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុ ប្រាប់ឲ្យភ្នាក់ងារ ខេម ប៉ុស្ដិ៍ ដឹងថា នៅមុនពេលកើតហេតុ គេឃើញក្រុមក្មេងស្ទាវជាច្រើននាក់ ជិះម៉ូតូ៣-៤គ្រឿង ឌុបគ្នាក្នុងល្បឿនយ៉ាងលឿន ដោយខ្លះមានកាន់ខ្សែក្រវ៉ាត់ជាប់ដៃ តាំងពីជិតរង្វង់ព្រះនរាយណ៍ ក្នុងទិសដៅពីត្បូងទៅជើង តាមបណ្ដោយផ្លូវជាតិលេខ២ ដេញវាយគ្នាយ៉ាងអនាធិបតេយ្យ។ លុះជិះមកដល់ចំណុចកើតហេតុខាងលើ រថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាក LAND CRUISER ពណ៌ស (គ្មានស្លាកលេខ) បើកបរដោយនារីរូបស្រស់ម្នាក់ ធ្វើដំណើរពីជើងទៅត្បូង ហើយបានបត់ឆ្លងផ្លូវត្រឡប់ក្រោយបានពាក់កណ្ដាលផ្លូវ ក៏ត្រូវបានក្មេងស្ទាវ២នាក់ ដែលជិះម៉ូតូម៉ាក Nex ពណ៌ស ស្លាកលេខ កំពង់ឆ្នាំង 1D-5732 ឌុបគ្នាក្នុងលឿនយ៉ាងលឿននោះ បុកចំពីចំហៀងរថយន្តខាងស្ដាំរថយន្តពេញទំហឹង បណ្ដាលឲ្យម៉ូតូចូលទៅក្រោមរថយន្ត។ ចំណែកយុវជនទាំង២នាក់ ខ្ទាតផ្លោងពីលើម៉ូតូបោកក្បាលនឹងថ្នល់ហូរឈាមសន្លប់ស្ដូកស្ដឹងទាំង២នាក់តែម្ដង។
ប្រភពដដែលបន្តថា ភ្លាមនោះ នារីម្នាក់ ដែលជាអ្នកបើករថយន្ត បានចុះពីលើរថយន្តទាំងអារម្មណ៍ភ័យស្លន់ស្លោ រួចទាក់ទងទៅប្រាប់សាច់ញាតិឲ្យមកកន្លែងកើតហេតុ ដើម្បីជួយដោះស្រាយ។ រីឯក្មេងស្ទាវទាំង២នាក់ ដែលរងរបួសធ្ងន់សន្លប់ស្ដូកស្ដឹងនោះ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់របស់មណ្ឌលសុខភាពចាក់អង្រែ ចេញមកដឹកយកទៅសង្គ្រោះបន្ទាន់ នៅឯមន្ទីរពេទ្យបង្អែកច្បារអំពៅ។
បន្តិចក្រោយមក កម្លាំងនគរបាលផ្នែកសណ្ដាប់ធ្នាប់ចរាចរណ៍ បានចុះមកធ្វើការវាស់វែង រួចយករថយន្ត និងម៉ូតូទៅរក្សាទុកនៅផែននគរបាលសណ្ដាប់ធ្នាប់ចរាចរណ៍ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីរង់ចាំភាគីទាំងសងខាងចូលមកដោះស្រាយគ្នាពេលក្រោយ៕