កោះកុងៈ នារី២នាក់ ជិះម៉ូតូឌុបគ្នា ជ្រុលទៅបុករថយន្តពីក្រោយពេញទំហឹង បណ្ដាលឲ្យរងរបួសធ្ងន់ទាំងពីរ ត្រូវបានរថយន្តដឹកយកទៅសម្រាកព្យាបាលនៅមន្ទីពេទ្យបង្អែកខេត្តភ្លាមៗផងដែរ។
គ្រោះថ្នាក់ចរាចរណ៍នេះ កាលពីវេលាម៉ោង៤៖២០នាទីទៀបភ្លឺថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចរង្វង់មូលស្រីរែកកញ្ជើរ ស្ថិតក្នុងភូមិ២ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
សមត្ថកិច្ច បានឲ្យដឹងថា រថយន្តម៉ាកម៉ាស្ដា ២បាំង ពណ៌ទឹកមាស ពាក់ស្លាកលេខភ្នំពេញ 2AA-6802 ចំណែកម៉ូតម៉ាក ZOOMER X ពណ៌ខ្មៅ គ្មានស្លាកលេខ។
សមត្ថកិច្ច បន្តថា នារីរងគ្រោះទី១/ ឈ្មោះ ចេង កីរ៉ា អាយុ១៧ឆ្នាំ រស់នៅភូមិ៣សង្កាត់ ស្មាច់មានជ័យ របួសបាក់ភ្លៅខាងឆ្វេង និងបែកមាត់។ ២/ឈ្មោះ យិន អុសារ អាយុ១៨ឆ្នាំ រស់នៅភូមិ៣សង្កាត់ ស្មាច់មានជ័យ របួសបាក់ភ្លៅខាងឆ្វេង និងបែកចុងចិញ្ចើមខាងឆ្វេង។ ចំណែកអ្នកបើករថយន្ត បានចាកចេញពីកន្លែងកើតហេតុបាត់ស្រមោល។
បច្ចុប្បន្នរថយន្ត និងម៉ូតូ សមត្ថកិច្ចយកទៅរក្សារទុកនៅអធិការដ្ឋានក្រុង ដើម្បីស្រាវជ្រាវរកម្ចាស់រថយន្ត មកធ្វើការដោះស្រាយ៕