ភ្នំពេញៈ លោក ខេមរៈ សិរីមន្ត និងកំពូលតារាចម្រៀងថៃលោក តិក ឈីរ៉ូ បានចាប់ផ្តើមសាងប្រវត្តិក្នុងវិស័យបទចម្រៀងជាថ្មីនៃប្រទេសទាំងពីរ បន្ទាប់ពីពួកគេបានសម្រេចចេញអ៊ាល់ប៉ុមបទចម្រៀងរួមគ្នា។
គម្រោងនៃការចេញអ៊ាល់ប៊ុមរួមគ្នាពីសំណាក់កំពូលតារាចម្រៀងទាំងពីរដួងរូបនេះ ត្រូវបានគេផ្សព្វផ្សាយរួចហើយ តាមរយៈស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៣ថៃ ក្នុងនោះគេក៏សង្កេតឃើញវត្តមានលោក ខេមរៈ សិរីមន្ត បានចូលរួមសម្តែងផងដែរ។
នេះជាការងារមួយថ្មី និងជាប្រវត្តិថ្មីមួយទៀតសម្រាប់ប្រទេសទាំងពីរ ដែលមានអរិយធម៌ និងវប្បធម៌ស្រដៀងគ្នា ដែលកន្លងមកប្រទេសទាំងពីរក៏ធ្លាប់បានសហការផលិតទាំងខ្សែភាពយន្ត និងបទចម្រៀងរួមគ្នាជាបន្តបន្ទាប់ផងដែរ។
បងប្រុសរបស់លោក ខេមរៈ សិរីមន្ត លោក ខេមរៈ ភារុណ បានអះអាងប្រាប់តាមសារអេឡិចត្រូនិចថា ការងារនេះយើងបានរៀបចំរួចអស់ហើយ រង់ចាំឲ្យបងប្អូនទស្សនិកជនប្លែកអារម្មណ៍តែប៉ុណ្ណោះ។
លោកបញ្ជាក់ថា ការងារនេះមានការអញ្ជើញពីសំណាក់លោក តិក ឈឺរូ ព្រោះគាត់ចង់សាងប្រវត្តិសាស្ត្ររវាងប្រទេសទាំងពីរ ហើយនឹងចេញក្នុងអាល់ប៊ុមនៅផលិតកម្មហង្សមាស។
ដោយឡែកក្នុងសន្និសីទសារព័ត៌មានរួមគ្នានៅប្រទេសថៃវិញ ម្ចាស់បទ ខ្ញុំលេងត្រូវការស្នេហា លោក ខេមរៈ សិរីមន្ត បានអះអាងថា លោកពិតជាសប្បាយរីករាយ ដែលបានសហការជាមួយភាគីប្រទេសថៃ ហើយនេះជាអ្វីដែលថ្មី ប្លែក ព្រោះកន្លងមកមិនដែលមានកិច្ចសហការក្នុងការធ្វើបទចម្រៀងជាមួយគ្នាបែបនេះនោះទេ។
ចំណែកម្ចាស់បទ ម៉ា ចយ កាន់ លោក តិក ឈីរ៉ូ ក៏បានបញ្ជាក់ដែរថា នេះជាប្រវត្តិសាស្ត្រថ្មីមួយទៀតរបស់ប្រទេសទាំងពីរ កម្ពុជា-ថៃ ក្នុងការសាងស្នាដៃរួមគ្នាលើវិថីចម្រៀង ដោយក្នុងនោះយើងនឹងនិពន្ធបទចម្រៀងទាក់ទងនឹងគ្រូបង្វឹក និងកីឡាករទាំង១៣រូបដែលបានជាប់នៅក្នុងល្អាងថាំហ្លួង នាពេលកន្លងមកដែរ៕
វីដេអូ៖