header ads

Sponsor

ពិសី

ភ្នំពេញៈ ក្មេងស្រីស្រស់ស្អាតវ័យ១៨ឆ្នាំម្នាក់ បានជិះទូកជាមួយមិត្តភ័ក្ត ហើយលិច បណ្ដាលឲ្យលង់ស្លាប់នៅខណ្ឌព្រែកព្នៅ យ៉ាងអាណោចអាធ័ម ដោយសារខ្លួនមិនចេះហែលទឹក។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលម៉ោង១៖៣០នាទីរសៀល ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅចំណុចភូមិឌួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

សមត្ថកិច្ចឲ្យដឹងថា សពមានឈ្មោះ ឡាយ ស្រីកា ភេទស្រី អាយុ១៨ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅផ្ទះគ្មានលេខ ស្ថិតក្នុងភូមិព្រែករទាំង សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ស្លាប់នៅកន្លែងកើតហេតុ។

សមត្ថកិច្ចបន្តថា នៅមុនពេលកើតហេតុ ឈ្មោះ ឡយ រ៉ាហ្វីន និងមិត្តភ័ក្តិមានគ្នាប្រហែល១០នាក់ បានអុំទូកទៅក្នុងបឹងសំរោង ខណ្ឌព្រែកព្នៅ ដើម្បីទៅផឹកស៊ីក្នុងរោងចិញ្ចឹមត្រីរបស់អ្នកភូមិ។ លុះបានប្រហែល៣០នាទី ស្រាប់តែជនងគ្រោះឈ្មោះ ឡាយ ​ស្រីកា បានទូរស័ព្ទមកឈ្មោះ ឡយ រ៉ាហ្វីន ឲ្យអុំទូកមកយកខ្លួនទៅផឹកស៊ីដែរ ទើបឈ្មោះ ឡយ រ៉ាហ្វីន មកដឹកជនរងគ្រោះ និងមិត្តភ័ក្តិ២នាក់ទៀត ត្រឡប់ទៅរោងចិញ្ចឹមត្រីវិញបានប្រហែល៣០០ម៉ែត្រ ក៏ប៉ះនឹងខ្យល់បក់ខ្លាំង និងរលកធំៗ ធ្វើឲ្យលិចទូកតែម្តង ធ្វើឲ្យជនរងគ្រោះដែលមិនចេះហែលទឹក ក៏លិចទៅក្នុងទឹកបាត់។ ឃើញដូចនោះ ប្រជាពលរដ្ឋនៅក្បែរនោះ ក៏ចុះជួយមុជរកឃើញជនរងគ្រោះ ប៉ុន្តែនាងបានដេកស្លាប់ក្នុងបាតបឹង ហើយប្រជាពលរដ្ឋក៏បញ្ជូនជនរងគ្រោះមកមណ្ឌលសុខភាពព្រែកព្នៅ។

ប្រភពដដែលបញ្ជាក់ថា ដោយជនរងគ្រោះមានសភាពធ្ងន់ធ្ងរ នាងបានស្លាប់តាំងពីមុនពេលមកដល់មណ្ឌលសុខភាពព្រែកព្នៅម៉្លេះ។

ឆ្លងតាមការស្រាវជ្រាវរបស់សមត្ថកិច្ច ស្តាប់ការបំភ្លឺ និងការពិនិត្យរបស់ផ្នែកជំនាញ សពជនរងគ្រោះពិតជាស្លាប់ដោយលង់ទឹកប្រាកដមែន។ សមត្ថកិច្ចបានប្រគល់សពទៅក្រុមគ្រួសារ យកធ្វើបុណ្យតាមប្រពៃណីនៅភូមិទ័ពសៀម ឃុំកន្សោមអក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post