header ads

Sponsor

ពិសី

ភ្នំពេញៈ ពលការិនី កែន ចន្ថា ដែលចាញ់បោកមេខ្យល់៤ឆ្នាំ ទៅធ្វើការតាមផ្ទះនៅប្រទេស អារ៉ាប៊ី សាអូឌីត ដោយគ្មានប្រាក់បៀវត្ស និងរងការធ្វើទុក្ខបុកម្មេញពីសំណាក់ថៅកែ ត្រូវបានសង្រ្គោះឲ្យត្រឡប់មកកម្ពុជាវិញហើយ។ ពលការិនីរូបនេះ នឹងមកដល់រាជធានីភ្នំពេញ នៅវេលាម៉ោងជាង៩ព្រឹក ថ្ងៃពុធ ទី៤ ខែកក្កដានេះ។

លោក អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានផ្តល់កិច្ចអន្តរាគមន៍ដល់ពលការិនី កែន ចន្ថា ដែលចាញ់បោកមេខ្យល់បានបញ្ជូននាងទៅបម្រើការងារដោយខុសច្បាប់នៅ អារ៉ាប៊ី សាអូឌីត អស់រយៈពេលជាង៤ឆ្នាំ។

ការផ្តល់កិច្ចអន្តរាគមន៍នេះ ឆ្លើយតបនឹងការទទូចស្នើសុំជំនួយពីពលការិនីខាងលើ នៅលើបណ្តាញសង្គមហ្វេសបប៊ុក ដែលបានរៀបរាប់ពីដំណើរដើមទងនៃការដែលខ្លួនត្រូវបានចាញ់បោកមេខ្យល់ មកធ្វើជាពលការិនីបម្រើការងារផ្ទះនៅ អារ៉ាប៊ី សាអូឌីត ដោយរងការកេងប្រវ័ញ្ចកម្លាំងពលកម្ម ការធ្វើទុក្ខបុកម្នេញពីថៅកែ និងការមិនផ្តល់ប្រាក់បៀវត្សជាដើម។

យោងតាមទំព័រហ្វេសប៊ុកផ្ទាល់របស់លោក អូស្មាន ហាស្សាន់ ដែលបានបង្ហោះនៅរសៀលថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៨ ភ្ជាប់ជាមួយនឹងរូបភាពរបស់ពលការិនីរងគ្រោះខាងលើ ដែលមានទឹកមុខរីករាយ ខណៈកំពុងនៅលើយន្តហោះធ្វើដំណើរពីទីក្រុងជុដះ ប្រទេស អារ៉ាប៊ី សាអូឌីត ឆ្ពោះមកកាន់ទីក្រុងបាងកក ដើម្បីបន្តដំណើរត្រឡប់មកកម្ពុជា ដែលនឹងមកដល់អាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ នៅព្រឹកថ្ងៃទី៤ ខែកក្កដានេះ។

លោកឧកញ៉ា អូស្មាន ហាស្សាន់ បានសរសេរថា "ពលការិនីខ្មែរ ឈ្មោះ កែន ចន្ថា មានទីលំនៅកំណើតភូមិវត្តបូព៌ ឃុំសៀមរាប ស្រុកសៀមរាប ខេត្តសៀមរាប ដែលបានទៅធ្វើការបម្រើតាមផ្ទះនៅប្រទេស អារ៉ាប៊ី សាអ៊ូឌីត រយៈជាង4ឆ្នាំ ដោយចាញ់បោកពួកមេខ្យល់ បានសុំឲ្យខ្ញុំ និងក្នុងនាមរដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជួយរំដោះនាងមកកម្ពុជាវិញនោះ នឹងមកដល់កម្ពុជា នៅព្រឹកថ្ងៃស្អែក ទី04.7.18 វេលាម៉ោង 9.30 ព្រឹកតាមជើងយន្តហោះ បាងកក PG"។

លោកឲ្យដឹងទៀតថា “នេះជានារីរងគ្រោះទី4ហើយ ដែលខ្ញុំបានដោះស្រាយឲ្យបានវិលត្រឡប់មកកម្ពុជាវិញ នោះដោយសារតែនៅប្រទេសអារ៉ាប់នោះ មិនទាន់មានស្ថានទូត ឬស្ថានកុងស៊ុល រាល់ការដោះស្រាយបញ្ហាម្ដងៗ មានការលំបាក យឺតយ៉ាវ ដែលលើកទី1 ខ្ញុំបានសហការនឹងទូតយើងប្រចាំនៅគុយវ៉ែតផង អេហ្ស៊ីបផង ឯលើកទី2,3,4 សហការនឹងទូតយើង ប្រចាំនៅអេហ្ស៊ីប។ ការត្រឡប់មកវិញនេះ ពលការិនីមិនទទួលបាន ប្រាក់ខែពីថៅកែទី1នោះទេ តែបានពីថៅកែទី2”។

លោកបន្ថែមថា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នឹងសហការជាមួយស្ថាប័នមានសមត្ថកិច្ច ដើម្បីចាត់វិធានការទៅតាមផ្លូវច្បាប់ លើជនខិលខូចជាមេខ្យល់នោះ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post