ភ្នំពេញៈ បន្ទាប់ពីធ្វើដំណើរអស់រយៈជាង១០ម៉ោងនោះ រថភ្លើងពីខេត្តពោធិ៍សាត់ ទៅកាន់រាជធានីភ្នំពេញ បានមកដល់គោលដៅដោយសុវត្ថិភាព ខណៈប្រជាពលរដ្ឋខ្មែរបានសាទរចំពោះដំណើរការរថភ្លើងជាបណ្ដោះអាសន្ន។
លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានធ្វើពិធីអបអរសាទរ ចំពោះរថភ្លើងដែលធ្វើដំណើរបានជោគជ័យនេះផងដែរ។

ការស្តារឡើងវិញនូវផ្លូវរថភ្លើងពី ភ្នំពេញ-ប៉ោយប៉ែត-បន្ទាយមានជ័យ ត្រូវបានចំណាយថវិកាប្រមាណ ៩៦.៦លានដុល្លារ ដែលមានប្រវែងប្រមាណ៣៨៦គីឡូម៉ែត្រ។ក្នុងនោះទឹកប្រាក់ប្រមាណ១៣លានដុល្លារ ជារបស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB ហើយក្រៅពីនោះទឹកប្រាក់ ៨៣.៦លានដុល្លារ ជាថវិការបស់រាជរដ្ឋាភិបាល។
កម្ពុជាមានសុខសន្តិភាព និងស្ថិរភាពនយោបាយពេញលេញ បានធ្វើឲ្យកំណាត់ផ្លូវរថភ្លើងទាំងនេះ ត្រូវបានដាក់ឲ្យដំណើរការជាបណ្តោះអាសន្នជាថ្មីម្តងទៀត បន្ទាប់ពីការកាត់ផ្តាច់ដោយសង្គ្រាម អស់រយៈពេល៤៥ឆ្នាំ។
ជាមួយគ្នានេះដែរ អាជ្ញាធរដែនដី និងប្រជាពលរដ្ឋ ដែលមានភូមិឋាននៅអមសងខាងផ្លូវរថភ្លើង ត្រូវបន្តសហការដើម្បីឲ្យគម្រោងនេះ អាចសម្រេចបានជោគជ័យជាស្ថាពរ និងជួយថែរក្សាសម្បត្តិ ដ៏មហាសាលនេះឲ្យបានគង់វង្សយូរអង្វែង ព្រមទាំងប្រុងប្រយ័ត្នចំពោះកូនចៅក៏ដូចជាសត្វពាហនៈ ដែលឆ្លងកាត់លើផ្លូវដែក ដើម្បីចៀសផុតពីគ្រោះថ្នាក់ផ្សេងៗជាយថាហេតុ ។

សូមរំលឹកថា កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៦ ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានដាក់ឲ្យដំណើរការផ្លូវរថភ្លើងពីភ្នំពេញ ទៅព្រះសីហនុ ដើម្បីជួយសម្រួលដល់ចរាចរណ៍ បានមួយកម្រិតផងដែរ៕
