header ads

Sponsor

ពិសី

កំពង់ស្ពឺ៖ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨នេះ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានចេញលិខិតបំភ្លឺជុំវិញករណី អគ្គិភ័យឆេះរថយន្ដ ម៉ាក Highlander ១គ្រឿង ខណៈរថយន្ដកំពុងបញ្ចូលហ្គាស ហើយមានការរិះគន់ លើសមត្ថកិច្ចថា ធ្វើកំណត់ហេតុជនរងគ្រោះ ជាការពន្យារពេលការបញ្ជូន ជនរងគ្រោះទៅកាន់មន្ទីរពេទ្យ និងទើបបណ្ដាលឲ្យជនរងគ្រោះទទួលមរណភាព។

ក្នុងសេចក្ដីបំភ្លឺ របស់ស្នងការដ្ឋានខេត្តកំពង់ស្ពឺ ជុំវិញករណីខាងលើនេះ មានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖

កាលពីថ្ងៃច័ន្ទ ១២ រោច ខែបឋមាសាឍ ឆ្នាំ ច សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង ០៨៖១០នាទី មានករណីអគ្គិភ័យឆេះរថយន្ដ១គ្រឿង (នៅពេលរថយន្ដបញ្ចូលហ្គាស) ម៉ាក Highlander ពណ៌ទឹកប្រាក់ ស្កាកលេខភ្នំពេញ 2AR-6124 កម្មសិទ្ធរបស់ឈ្មោះ តាំង គីមហេង ភេទប្រុស អាយុ២៨ឆ្នាំ នៅចំណុចស្ថានីយ៍ប្រេងឥន្ធនៈ យីហោ តេលា ម្ចាស់ឈ្មោះ សៀក ម៉ៅ ភេទប្រុស អាយុ៣៦ឆ្នាំ នៅភូមិចំបក់ក្អែ ឃុំទឹកល្អក់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ សូមធ្វើការបំភ្លឺជូនសាធារណៈជន ក៏ដូចជាបណ្ដាញសារព័ត៌មានមួយចំនួនជូនជ្រាប ចំពោះករណីអគ្គិភ័យឆេះរថយន្ដ១គ្រឿង ម៉ាក Highlander​ ពណ៌ទឹកប្រាក់ ស្កាកលេខភ្នំពេញ 2AR-6124 នៅចំណុចស្ថានីយ៍ប្រេងឥន្ធនៈ យីហោ តេលា ម្ចាស់ឈ្មោះ សៀក ម៉ៅ តាមបណ្ដោយផ្លូវជាតិលេខ ៤១ ស្ថិតនៅភូមិចំបកក្អែ ឃុំទឹកល្អក់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

ក្រោយទទួលបានព័ត៌មានសមត្ថកិច្ចនគរបាលប៉ុស្ដិ៍ អធិការដ្ឋាននគរបាលស្រុកគងពិសី បានសហការអន្ដរាគមន៍ជួយពន្លត់ និងជួយសង្គ្រោះជនរងគ្រោះ ក្នុងនោះ មានជនជាតិខ្មែរ-ចិន ចំនួន២នាក់ មានឈ្មោះ តាំង គីមហេង ភេទប្រុស ជាតៃកុងឡាន និងឈ្មោះ លីន ប៊ីនប៊ីន ភេទប្រុស ជនជាតិចិន អ្នករួមដំណើរ រយៈប្រមាណ២០នាទី ក្រោយហេតុការណ៍សមត្ថកិច្ចគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង។

ក្នុងពេលនោះ សមត្ថកិច្ចបានទំនាក់ទំនងទៅរថយន្ដសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកស្រុកគងពិសី និងរថយន្ដសង្គ្រោះឯកជន ដើម្បីដឹកជនរងគ្រោះទៅកាន់មន្ទីរពេទ្យ ក្នុងរយៈពេលរង់ចាំរថយន្ដសង្គ្រោះមកដល់ សមត្ថកិច្ចរួមជាមួយប្រជាពលរដ្ឋ បានជួយសង្គ្រោះបឋម (ប្រើស្បៃ និងភួយសើម ហើយយកជនរងគ្រោះអង្គុយក្នុងបន្ទប់ម៉ាស៊ីន ត្រជាក់ម៉ាតស្ថានីយ៍ប្រេង)។

ពេលនោះ សមត្ថកិច្ចឈ្លៀតសាកសួរបឋម អំពីក្រុមគ្រួសារសាច់ញាតិ ដើម្បីធ្វើការទំនាក់ទំនងជូនដំណឹង អំពីគ្រោះថ្នាក់របស់ជនរងគ្រោះ ថ្មីៗនេះតាមរយៈបណ្ដាញសង្គម ក៏ដូចជាសារព័ត៌មានមួយចំនួន បានចុះផ្សាយចោទប្រកាន់ដោយខ្វះប្រភពព័ត៌មានពិតថា សមត្ថកិច្ចធ្វើកំណត់ហេតុជនរងគ្រោះ និងពន្យាពេលការបញ្ជូន ជនរងគ្រោះទៅកាន់មន្ទីរពេទ្យ ទើបបណ្ដាលឲ្យជនរងគ្រោះទទួលមរណៈភាព។

ក្នុងនាមស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ សូមចូលរួមសោកស្ដាយជាមួយក្រុមគ្រួសារសាច់ញាតិជនរងគ្រោះ និងសូមធ្វើការបដិសេធ និងមិនទទួលយកចំណុចរិះគន់ទាំងឡាយណា ដែលខ្វះព័ត៌មានពិត ចំណែកក្រុម គ្រួសារជនរងគ្រោះ បានសម្ដែងការអរគុណចំពោះសមត្ថកិច្ចនគរបាលខេត្តកំពង់ស្ពឺ ដែលបានខិតខំជួយខ្នះខ្នែង បញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យ នៅរាជធានីភ្នំពេញ និងបានជួយសម្របសម្រួលនីតិវិធីមួយចំនួនទៀត។

ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ សូមអំពាវនាវដល់គ្រប់បណ្ដាញសារព័ត៌មាន និងអ្នកលេងបណ្ដាញសង្គម Facebook មេត្ដាកុំចុះផ្សាយនូវព័ត៌មានដែលមិនពិត និងខ្វះប្រភពព័ត៌មាន នាំឲ្យមានការយល់ច្រឡំ ប៉ះពាល់ដល់កិត្ដិយស ស្ថាប័នសមត្ថកិច្ចដែលកំពុងបំពេញភារកិច្ច ជូនប្រជាពលរដ្ឋ និងសង្គមជាតិ៕
 

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post