header ads

Sponsor

ពិសី

(ភ្នំពេញ)៖ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី បានឲ្យដឹងថា នៅវេលាម៉ោង០៩ព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ ស្អែកនេះ នឹងធ្វើសន្និសីទសារព័ត៌មាន ដើម្បីបញ្ជាក់ឲ្យលម្អិត ជុំវិញការចាប់ខ្លួនម្ចាស់គណនី Facebook ឈ្មោះ «យមរាជ លោកីយ៍» ដែលបានបង្ហោះព័ត៌មានប៉ះពាល់ដល់កិត្តិយសកងរាជអាវុធហត្ថ។
បើតាមលោកឧត្តមសេនីយ៍ត្រី អេង ហ៊ី សន្និសីទសារព័ត៌មាននេះ នឹងត្រូវធ្វើឡើង នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ហើយសម្រាប់ព័ត៌មានលម្អិតយ៉ាងណានោះ អាចទាក់ទងទៅលេខទូរស័ព្ទរបស់លោកផ្ទាល់ គឺ 088 823 4568 និង 012 234 568។

សូមជម្រាបថា ជនសង្ស័យ ដែលជាម្ចាស់គណនី Facebook ឈ្មោះ «យមរាជ លោកីយ៍» មានឈ្មោះពិត សន សំនៀង ត្រូវបានកម្លាំងអាវុធហត្ថខេត្តកំពង់ធំ បញ្ជូនទៅសាលាដំបូងខេត្តកំពង់ធំហើយ ដើម្បីចាត់ការតាមនីតិវិធី នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨នេះ។

បុគ្គលឈ្មោះ សន សំនៀង នេះត្រូវបានឃាត់ខ្លួននៅល្ងាចថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ ដោយកងរាជអាវុធហត្ថខេត្តកំពង់ធំ មានការដឹកនាំ និងសម្របសម្រួលដោយតំណាងអយ្យការអមសាលាដំបូង ខេត្តកំពង់ធំ។

កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចេញសេចក្ដីប្រកាសព័ត៌មានថា ការបង្ហោះព័ត៌មានតាមបណ្តាញសង្គម Facebook គណនីឈ្មោះ «យមរាជ លោកីយ៍» និងការផ្សព្វផ្សាយតាមប្រព័ន្ធព័ត៌មាន មួយចំនួនតូច ដែលជាព័ត៌មានមិនពិតបានធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់កងរាជអាវុធហត្ថ។

ឈ្មោះ «យមរាជ លោកីយ៍» មានឈ្មោះ សន សំនៀង អតីតជានាយទាហានកងរាជអាវុធហត្ថខេត្តកំពង់ធំ ត្រូវលុបឈ្មោះចេញពីក្របខ័ណ្ឌ កងរាជអាវុធហត្ថ ដោយក្រុមប្រឹក្សាវិន័យកងរាជអាវុធហត្ថ លើផ្ទៃប្រទេសតាំងពីឆ្នាំ២០១៧។ ការលុបឈ្មោះនេះ ដោយសារបុគ្គលឈ្មោះ សន សំនៀង បានប្រព្រឹត្តខុសឆ្គង ជាបន្តបន្ទាប់ ម្តងហើយម្តងទៀតដូចជា៖ បង្កគ្រោះថ្នាក់ចរាចរបណ្តាលឲ្យមនុស្សស្លាប់នៅនឹងកន្លែង, បាញ់បោះសេរី និងបានប្រើហឹង្សាលើបងថ្លៃស្រីម្នាក់ បណ្តាលឲ្យសន្លប់។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post