header ads

Sponsor

ពិសី

កំពតៈ យោងតាមសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋនៅភូមិខ្មោចចោ ឃុំបឹងទូក ស្រុកទឹកឈូ បានអោយដឹងថា មានជនខិលខូចបានយកគ្រឿងចក្រ ចូលឈូសឆាយទន្ទ្រានយកដីក្នុងដែនឧទ្យានជាតិ ព្រះមុនីវង្សបូកគោ ដែលនៅខាងត្បូងវត្តវាលពួច ភូមិខ្មោចចោ ឃុំបឹងទូក ស្រុកទឹកឈូ ខេត្តកំពត។ ចំពោះដីនៅតំបន់អភិរក្សនៅក្នុងដែនឧទ្យានជាតិ ព្រះមុនីវង្សបូកគោ ត្រូវបានហាមឃាត់មិនឲ្យមានជនណាម្នាក់ចូលមកទន្ទ្រានយកនោះទេ ប៉ុន្តែឈ្មួញហាក់ដូចជាពុំខ្លាចច្បាប់ និងអាជ្ញាធរ ដែនដីសោះឡើយ។

ប្រភពខាងលើបានបន្តអោយដឹងទៀតថា ជនដែលប្រើគ្រឿងចក្រឈូសឆាយតំបន់អភិរក្ស ត្រូវបានគេបង្ហើបឲ្យដឹងថា ឈ្មោះ ឈុន សារឿន មន្ត្រីកងរាជអាវុធហត្ថខេត្តកំពត ដែលធ្វើឲ្យប្រជាពលរដ្ឋ បានសម្តែងការមិនពេញចិត្ត ចំពោះសកម្មភាពខាងលើនេះ ហើយបានរិះគន់យ៉ាងខ្លាំងចំពោះករណីទន្ទ្រានតំបន់អភិរក្សខាងលើ។

សកម្មភាពចូលទន្ទ្រាន និងឈូសឆាយដីព្រៃលិចទឹកមិនញញើតដៃយ៉ាងដូច្នេះ ប្រជាពលរដ្ឋបានលើកឡើងថា ម្តេចបានជាមិនទាន់ឃើញមានអាជ្ញាធរ ចុះធ្វើការហាមឃាត់យ៉ាងដូច្នេះ ព្រោះសកម្មភាពនេះធ្វើឡើងជាយូណាស់មកហើយ ដែលធ្វើឲ្យឈ្មួញកាន់តែបានចិត្ត ក្នុងការចូលទន្ទ្រានកន្លែងអភិរក្សយ៉ាងអនាធិបតេយ្យបែបនេះ។ កន្លងមកតាមប្រសាសន៍របស់ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត គឺមិនឲ្យនរណាម្នាក់ធ្វើការទន្ទ្រានយកដីតំបន់ភ្នំ សមុទ្រ ជាសម្បត្តិរបស់រដ្ឋជាដាច់ខាត។

ទាក់ទិនករណីចោទប្រកាន់បែបនេះ លោក ឈុន សារឿន បានផ្តល់បទសម្ភាសជាមួយស៊ីភីអិន នាថ្ងៃទី១៩ ខែកក្កដា នេះថា ជាដីរបស់លោកអាស្រ័យផលមុនការអភិរក្សតំបន់ឧទ្យានជាតិព្រះមុនីវង្សបូកគោ ដែលមានការដាំស្វាយ តែដោយសារគ្មានផ្លូវឆ្លងកាត់ទើបលោកស្នើសុំឆ្លងកាត់តែម្តង គឺតាំងពីខែប្រាំង រហូតមកទល់ពេលនេះគឺគ្រឿងចក្រមានខូចទើបទុកនៅទីនេះ។ លោកក៏បានបញ្ជាក់ថា គ្មានអ្នកណាអនុញ្ញាតទេ តែដោយសារមនោសញ្ចេតនា ទើបគេចេះតែបណ្តោយលោកទៅ។

លោក នាក់ សុវណ្ណារី បានអភិបាលស្រុកទឹកឈូ បានប្រាប់នាល្ងាចថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨ នេះថា លោកមិនទាន់បានជ្រាបជាព័ត៌មាននោះទេ ដោយសារតែលោករវល់ដោះស្រាយបញ្ហាគ្រោះទឹកជំនន់ ហើយកន្លងមកក៏ធ្លាប់មានបញ្ហានេះផងដែរជាមួយក្រុមហ៊ុនសុខា តែធ្លាប់ធ្វើការដោះស្រាយរួចរាល់ហើយដែរ។ លោក ស៊ុយ ធា ប្រធានមន្ទីបរិស្ថានខេត្តកំពត លោកបានឆ្លើយថា គេបំភ្លឺអស់ហើយម្តេចចាំសួរទៀត រួចបិទទូរសព្ទ័តែម្តង។

ដោយឡែកលោក ជាវ តាយ អភិបាលខេត្តកំពត បានឲ្យដឹងថា ឯកឧត្តមបានឲ្យអាជ្ញាធរទប់ស្កាត់ និងបិទសិន បើសិនមានអាជ្ញាប័ណ្ណពីក្រសួង សុំត្រួតពិនិត្យសិន ប្រសិនបើអាជ្ញាប័ណ្ណក្នុងខេត្តត្រូវលុបចោល ហើយចំពោះអ្នកដែលបន្តរំលោភយកទៀត ឯកឧត្តមនឹងចាត់វិធានការណ៍យកមកណែនាំបញ្ឈប់តែម្តង៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post