header ads

Sponsor

ពិសី

ភ្នំពេញៈ លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ រួមជាមួយមន្ត្រីពាក់ព័ន្ធ អាជ្ញាធរដែនដី នៅ​ព្រឹកថ្ងៃទី២០ កក្កដា នេះ បានចុះទៅពិនិត្យមើលស្ថានភាពទឹកជំនន់ទឹកភ្លៀង នៅក្នុងតំបន់មួយចំនួន នៅប៉ែកខាងលិច រាជធានីភ្នំពេញ ក្នុងខណ្ឌពោធិ៍សែនជ័យ ខណៈដែលជំនន់ទឹកភ្លៀងកំពុងតែកើនឡើង ដែលធ្វើឲ្យលំនៅដ្ឋានរបស់ប្រជាពលរដ្ឋមួយ​ចំនួន ទទួលរងនូវការលិចលង់ ពិសេសប្រជាពលរដ្ឋ ដែលរស់នៅប្របដងស្ទឹងព្រែកត្នោត។

​លោកអភិបាលបានធ្វើដំណើរតាមទូក ដើម្បីពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងតាមទីតាំងដែលលិចលង់ និងស្វែងយល់ពីតំរូវការចាំបាច់នឹងដោះស្រាយជូនពលរដ្ឋរងគ្រោះភ្លាមៗ។ នៅពេលនេះ តាមការពិនិត្យជាក់ស្តែង មានភូមិចំនួន៧ក្នុងសង្កាត់បឹងធំ ក្នុងខណ្ឌពោធិ៍សែនជ័យ ដែលមានភូមិសាស្ត្រនៅប្របមាត់ស្ទឹងព្រែកត្នោត ពិសេសមានភូមិដូនកុក ដែលទទួលរងការលិចខ្លាំងជាងគេ។

លោកអភិបាលបានណែនាំឲ្យមន្ត្រីជំនាញពាក់ព័ន្ធ អាជ្ញាធរដែនដីត្រូវរួមគ្នាគិតគូរ និងដោះស្រាយ ហើយ​ដាក់ចេញវិធានការចាំបាច់ឲ្យបានទាន់ពេលវេលាជូនប្រជាពលរដ្ឋយើង ដែលរងគ្រោះក្នុងនោះមានការរៀបចំអូប័រចំនួន១០គ្រឿងសម្រាប់​ជួយចម្លងប្រជាពលរដ្ឋ រៀបចំទីទួលសុវត្ថិភាព និងរៀបចំទីតាំងស្នាក់ការកាកបាទក្រហមដែលអាចដាំស្លររួមគ្នាបានដើម្បីសំរួលការលំបាកដល់បងប្អូននៅពេលទឹកលិចផ្ទះសម្បែងរបស់ខ្លួន,រៀបចំឲ្យមានពេទ្យប្រចាំការនៅទីតាំងរងគ្រោះដើម្បីផ្តល់សេវាសុខាភិបាលជូនបងប្អូន។

​លោក ឃួង ស្រេង បានអំពាវនាវឲ្យបងប្អូនមានការប្រុងប្រយ័ត្នលើផ្នែកសុខភាព និងកុំបណ្តោយឲ្យកូនចៅលេងទឹកដែលកំពុងជន់ឡើងនេះព្រោះអាច  បណ្តាលឲ្យគ្រោះថ្នាក់បាន។គិតត្រឹមព្រឹកថ្ងៃទី២០កក្កដានេះ កំពស់ទឹកស្ទឹងព្រែកត្នោតមិនទាន់មានការគំរាមកំហែងដល់រាជធានីភ្នំពេញនោះទេ។ ប៉ុន្តែបើសិនជាទឹកនៅតែបន្តឡើងទៀតនោះ ខណ្ឌដង្កោនឹងប្រឈមមុខខ្លាំងជាងគេជាជំនន់ទឹកភ្លៀងធ្លាក់មកពីខេត្តប៉ែកខាងលិចរាជធានីភ្នំពេញដូចជាខេត្តកំពង់ស្ពឺជាដើម។

ដោយឡែកទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូនលោក ស៊ុន ចាន់ថុល ក្នុងឧិកាសចុះពិនិត្យស្ថានភាពទឹកលិចកំណាត់ផ្លូវជាតិលេខ៤នាព្រឹកថ្ងៃទី២០កក្កដានេះ បានឲ្យដឹងថា ជំនន់ទឹកភ្លៀងនៅដើមរដូវវស្សានេះ បណ្តាលឲ្យផ្លូវជាតិនៅទូទាំងប្រទេសមានការខូចខាតប្រវែងសរុបប្រមាណ៨៩គីឡូម៉ែត្រ។ នៅថ្ងៃទី១៩ កក្កដា រាជរដ្ឋាភិបាល ក៏បានចេញសេចក្តីណែនាំស្តីពីការត្រៀមបង្ការដើម្បីកាត់បន្ថយហានីភ័យគ្រោះមហន្តរាយទឹកជំនន់មានដូចជាខេត្តកំពត,ព្រះសីហនុ,កោះកុង,កំពង់ស្ពឺ,បាត់ដំបង,និងប៉ៃលិនជាដើម៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post