
ភ្នំពេញៈ ស្ថាប័នប្រយុទ្ធប្រឆាំងគ្រឿងញៀនកម្ពុជា និងតំណាងស្ថានទូតរុស្ស៊ី បានជួបពិភាក្សាការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន នាថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨នេះ នៅអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលោក វ៉ាឡង់ទីន ឌីគូឈីន (Valentin Dikushin) ទីប្រឹក្សាអមស្ថានអគ្គរដ្ឋទូតរុស្ស៊ី ប្រចាំកម្ពុជា។


ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ ថ្លែងឲ្យដឹងថា កិច្ចពិភាក្សានេះ ធ្វើឡើងដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការការងារត្រួតពិនិត្យគ្រឿងញៀននៃប្រទេសទាំងពីរ ពិសេសផ្តោតសំខាន់ទៅលើអនុស្សារណយោគយល់គ្នា លើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលសំដៅទៅការលុបបំបាត់ការចរាចរគ្រឿងញៀនខុសច្បាប់។

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានបន្តថា តាមរយៈការពិភាក្សានេះ ភាគីទាំងពីរកម្ពុជា-រុស្ស៊ី បានប្តេជ្ញាពង្រឹងនូវកិច្ចសហប្រតិបត្តិការល្អជាមួយគ្នាបំពេញឲ្យគ្នាទៅវិញទៅមក ដើម្បីឲ្យការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនប្រព្រឹត្តទៅដោយរលូនជោគជ័យ៕

