header ads

Sponsor

ពិសី

កំពតៈ សំណង់អត់ច្បាប់មួយកន្លែង ស្ថិតក្នុងភូមិកំពង់កណ្តាល ឃុំជុំជ្រៀល ស្រុកទឹកឈូ ខេត្តកំពត ដែលបានសង់រំលោភបំពានទៅលើមាត់ព្រែកកំពត ដែលជាទ្រព្យសម្បត្តិរបស់រដ្ឋ ត្រូវបានប្រជាពលរដ្ឋចោទប្រកាន់ថា ជាការបើកភ្លើងខៀវពីសំណាក់អាជ្ញាធរមូលដ្ឋាន និងលោក យិន រ៉ាវុធ ប្រធានមន្ទីរសូរិយោដីខេត្ត ទើបសំណង់អត់ច្បាប់មួយកន្លែងនេះ ហានសាងសង់បំពានច្បាប់បែបនេះ។

ប្រភពពីពលរដ្ឋបានលើកឡើងថា ម្ចាស់សំណង់អត់ច្បាប់ខាងលើនេះ ត្រូវបានគេស្គាល់ថា ជាអ្នកមានលុយ និងមានអំណាច ហើយទើបគេហានធ្វើអ្វីៗបានទៅតាមអំពើចិត្តរបស់គេ បើសិនជាពលរដ្ឋក្រីក្រគ្មានខ្សែ គ្មានខ្នងនោះ ពិតជាមិនអាចសាងសង់បំពានទៅលើច្បាប់បែបនេះបានទេ។ នេះហើយជាការឃុបឃិតគ្នាជាប្រព័ន្ធពុករលួយរបស់ក្រុមមន្ត្រីខិលខូចមួយចំនួននៅខេត្តកំពត។

ប្រភពដដែលបានបន្តថា កន្លងមកសំណង់អត់ច្បាប់នៅខេត្តកំពតមិនដែលឃើញអាជ្ញាធរ និងជំនាញចុះបង្ក្រាបបានដូចបំណងទេ គ្រាន់តែមកហាមឃាត់ធ្វើជាលេសបំភ័នភ្នែកប្រជាពលរដ្ឋតែប៉ុណ្ណោះ ហើយមិនដែលហាមឃាត់បានម្តងសោះ ធ្វើឲ្យប្រជាពលរដ្ឋរិះគន់យ៉ាងខ្លាំង ទៅលើអាជ្ញាធរថា គ្មានចំណាត់ការសោះទៅសំណង់ដែលអត់ច្បាប់របស់អ្នកមានលុយ និងមានអំណាចនៅក្នុងខេត្តកំពតនេះ។

អភិបាលស្រុកទឹកឈូ លោក នាក់ សុវណ្ណារី បានប្រាប់អ្នកយកព័ត៌មានថា បើចង់ដឹងមកជួបក្រុមការងាររបស់លោកនៅសាលាស្រុក តែពេលដែលអ្នកកាសែតមកដល់សាលាស្រុក គឺមិនបានឃើញមនុស្សណាម្នាក់សោះ មិនគួលោកអភិបាលស្រុកនិយាយយករួចតែខ្លួនសោះ នេះហើយដែលធ្វើឲ្យប្រជាពលរដ្ឋមិនសូវជឿជាក់ទៅលើអាជ្ញាធរមូលដ្ឋាន។

ចំណែកលោក យិន រ៉ាវុធ ប្រធានមន្ទីរសូរិយោដីខេត្ត ខាងសារព័តមានមិនអាចសុំការបំភ្លឺបានទេ ដោយសារតែលោកមិនលើកទូរស័ព្ទ។ រីឯអភិបាលខេត្តកំពត លោក ជាវ តាយ បានប្រាប់អ្នកយកព័ត៌មានតាមទូរសព្វ័ថា រូបលោកអរគុណណាស់ដែលបានផ្តល់ព័ត៌មានមកលោក ហើយលោកក៏បានឲ្យអភិបាលរងចុះទៅមើល និងហាមឃាត់មិនឲ្យនរណាទៅសាងសង់រំលោភយកដីរដ្ឋធ្វើជាកម្មសិទ្ធិនោះទេ។

ទាក់ទិននឹងករណីនេះ ប្រជាពលរដ្ឋនៅខេត្តកំពត សូមអំពាវនាវទៅលោកអភិបាលខេត្ត មេត្តាជួយចាត់វិធានការទៅលើអ្នកដែលមានលុយ និងមានអំណាចមួយចំនួននៅខេត្តកំពត ដែលកំពុងរំលោភយកដីរដ្ឋធ្វើជាកម្មសិទ្ធិនាពេលបច្ចុប្បន្ននេះផង៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post