ភ្នំពេញៈ ស្រ្តីជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍បឹងទំពុន១ កសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨ ក្រោយមានទំនាស់យកកាំបិតបុ័ងតោ កាប់ស្ត្រីម្នាក់ របួសធ្ងន់ កាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចបណ្តោយផ្លូវលេខ៧៩BT ភូមិចំរើនផល សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ហើយឃាត់ខ្លួននៅវេលាម៉ោង៥និង៤៥នាទីល្ងាចថ្ងៃដដែល។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ អ៊ុច សុម៉ាលី ភេទស្រី អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅផ្ទះលេខ១៨៧ ផ្លូវលេខ៧៩បេតេ ភូមិចំរើនផល សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបររត់តុក្នុងហាងផឹកស៊ី បានប្រើប្រាស់កាំបិតបុ័ងតោដងដែកកាប់លើជនរងគ្រោះឈ្មោះ ប៉ឹង គឹមហ៊ន ភេទស្រី អាយុ៥៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅផ្ទះជួល ផ្លូវលេខ៨បេតេ កែងផ្លូវលេខ៧៩បេតេ ភូមិចំរើនផល សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរនៅផ្ទះ របួសប្រអប់ដៃខាងឆ្វេង៕