ភ្នំពេញៈ បុរសម្នាក់ សន្លប់ស្ដូកស្ដឹង ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកទៅសង្គ្រោះភ្លាមៗ បន្ទាប់ពីជិះម៉ូតូមួយគ្រឿង ទៅបុកពីក្រោយម៉ូតូមួយគ្រឿងទៀតរបស់ប្ដីប្រពន្ធ២នាក់ ខណៈកំពុងជិះឌុបគ្នា បណ្ដាលឲ្យដួលរលាតដៃជើង និងចង្កេះ។ ចំណែកបុរសខាងលើ បានបោកក្បាលនឹងថ្នល់របួសធ្ងន់ដេកក្នុងថ្លុកឈាម។
គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើងនៅវេលាម៉ោង៩៖២០នាទីយប់ ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨នេះ លើកំណាត់ផ្លូវជាតិលេខ២ ត្រង់ចំណុចមុខវត្តចាក់អង្រែក្រោម ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ប្រជាពលរដ្ឋឃើញហេតុការណ៍ ប្រាប់ភ្នាក់ងារ ខេម ប៉ុស្តិ៍ ឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់ ជិះម៉ូតូមួយគ្រឿង តែម្នាក់ឯង ម៉ាក ហុងដា គុប ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1BJ-4129 ធ្វើដំណើរតាមផ្លូវជាតិលេខ២ ពីត្បូងទៅជើងក្នុងល្បឿនលឿនគួរសម។ លុះមកដល់កន្លែងកើតហេតុ ក៏បានជ្រុលទៅបុកពីក្រោយម៉ូតូ FINO មួយគ្រឿង ពណ៌ឈាមជ្រូក ពាក់ស្លាកលេខ ភ្នំពេញ 1AD-6361 ដែលជិះដោយប្ដីប្រពន្ធ២នាក់ កំពុងធ្វើដំណើរស្របទិសគ្នា បណ្ដាលឲ្យ២នាក់ប្ដីប្រពន្ធរងរបួសរលាត់ដៃជើង និងចង្កេះតិចតួច។ ចំណែកបុរសខាងលើ បានបោកក្បាលនឹងថ្នល់របួសធ្ងន់ដេកក្នុងថ្លុកឈាម សន្លប់ស្ដូកស្ដឹងតែម្ដង ទើបបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរឆ្លងកាត់ចោមរោមមើលយ៉ាងច្រើន តែមិនអាចជួយអ្វីបានក្រៅពីជួយទាក់ទងហៅរថយន្តសង្គ្រោះបន្ទាន់ប៉ុណ្ណោះ។
សមត្ថកិច្ចប៉ុស្តិ៍ចាក់អង្រែក្រោម ឲ្យដឹងថា ជនរងគ្រោះកំពុងរង់ចាំទាក់ទងស្វែងរកក្រុមគ្រួសារសិន ដោយនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញផ្នែកចរាចរណ៍ ចុះមកធ្វើការវាស់វែង និងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីរង់ចាំដោះស្រាយគ្នាពេលក្រោយ៕