header ads

Sponsor

ពិសី

ភ្នំពេញៈ ពិតជាកក្រើកវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីកំពូលតារាចម្រៀងល្បីល្បាញនៅក្នុងប្រទេសកម្ពុជា លោក ព្រាប សុវត្ថិ ស្រាប់តែបានប្រកាសចាប់ដៃជាមួយឧកញ៉ាវ័យក្មេង លោក ឡេង ណាវ៉ាតត្រា ដែលត្រូវគេស្គាល់ថា ជាអ្នកជំនួញវ័យក្មេង ដែលជោគជ័យលើវិស័យអចលនទ្រព្យទាំងលើជំនួញពុះដីឡូតិ៍លក់ និងសង់បុរីនោះ។ អ្នកទាំងពីរបានប្រកាសដាក់ទុនរួមគ្នាជាង៥លានដុល្លារ ធ្វើជំនួញពុះដីលក់លើទំហំ​ដីជាង១៣ហិកតានៅម្ដុំផ្សារព្រៃទទឹង លើផ្លូវជាតិលេខ៣ ដោយក្នុងគម្រោងបើកឆាកនេះ គ្មានអ្នកណាមិនចាប់អារម្មណ៍នោះទេ ដោយសារតែអ្នកទាំងពីរប្រកាសថែមម៉ូតូមួយគ្រឿងភ្លាមៗ សម្រាប់អ្នកទិញដីមួយឡូតិ៍ រហូតដល់១៥ថ្ងៃក្រោយ ក្រោយពីការប្រកាសនេះ។

លោក ព្រាប សុវត្ថិ ថ្លែងក្នុងវេទិកាសន្នសីទកាសែតកាលពីរសៀលថ្ងៃទី២១ កក្កដា ថា ដើម្បីអបអរមុខជំនួញរួមគ្នារបស់លោក និងលោកឧកញ៉ា ឡេង ណាវ៉ាត្រា លោកនឹងដៃគូភាគហ៊ុន បានសម្រេចថែមជូនម៉ូតូមួយគ្រឿងតែម្ដង ជូនដល់អតិថិជន ដែលទិញដីឡូតិ៍ក្នុងគម្រោងរបស់លោកនៅផ្សារព្រៃទទឹង លើផ្លូវជាតិ​លេខ៣ មួយឡូតិ៍ ខណៈដែលគម្រោងដីនោះក៏ប្រកាសលក់តែក្នុងតម្លៃចាប់ពី៣៩០០ដុល្លារក្នុងមួយឡូតិ៍ ដែលទាបជាងគម្រោងផ្សេងទៀតនៅក្នុងតំបន់ជុំវិញ ដើម្បីផ្ដល់លទ្ធភាពអោយអតិថិជនមានឱកាសបានទិញដីឡូតិ៍របស់លោក និងលោក ឡេង ណាវ៉ាត្រា ដែលបានប្រកាសចាប់ដៃគ្នា។ លោកថា ការថែមជូននេះ នឹងកំណត់រហូតដល់រយៈពេល១៥ថ្ងៃ ចាប់ពីការប្រកាសនេះតទៅ ដោយលោកបញ្ជាក់យ៉ាងខ្លីថា ទោះជាក្នុងរយៈពេលនេះ ដីឡូតិ៍ក្នុងគម្រោងរបស់លោកទាំងមូលត្រូវបានអតិថិជនទិញអស់រហូតដល់ទាំងជាងមួយពាន់ឡូតិ៍ ក៏លោក និងដៃគូភាគហ៊ុន សម្រេចខាតលើការបន្ថែមម៉ូតូមួយគ្រឿងជូនដល់អតិថិជន មិនអោយខ្វះម្នាក់នោះដែរ ដើម្បីទុកជាចំណងដៃរបស់លោក ព្រាប សុវត្ថិ និងលោក ឡេង ណាវ៉ាត្រា ដែលបានចាប់ដៃធ្វើជំនួញរួមគ្នា។ ក្រៅពីការប្រកាសជូនម៉ូតូជាកាដូសម្រាប់ការបើកគម្រោងបណ្ដាក់ទុនរួមគ្នា  លោក ព្រាប សុត្ថិ ក៏បានបញ្ជាក់អោយដឹងពីមូលហេតុដែលលោកសម្រេចចិត្តបោះទុនរួមគ្នាជាមួយលោកឧកញ៉ា ឡេង ណាវ៉ាត្រា រហូតដល់ជាង៥លានដុល្លារ លើគម្រោងអចលនទ្រព្យនៅផ្សារព្រៃទទឹងនោះដែរ។ លោកថាហេតុផលនៃការបោះទុនរួមគ្នា គឺដោយសារតែលោក ឡេង ណាវ៉ាត្រា ជាបុគ្គលមានការតស៊ូគួរអោយសរសើរ ជាបុគ្គលជោគជ័យ និងជាបុគ្គលដែលបានទទួលនូវការគោរពជាច្រើនពីសំណាក់មហាជនដោយសារតែលោកជាអ្នកជំនួញមានគុណធម៌ និងមានទឹកចិត្តសប្បុរសតាមរយៈកិច្ចការបរិច្ចាគរាប់មិនអស់។ ក្នុងនោះលោកក៏ចង់ជោគជ័យក្នុងជំនួញដីធ្លី អោយខ្លាំងដូចគ្នានឹងលោកឡេង ណាវ៉ាត្រា ផងដែរ ទើបលោកប្រើពេលសិក្សាពីការចាប់ដៃ និងបានស្វែងរកដីធ្លីយ៉ាងលំបាក ទម្រាំរកបានដីមួយប្លង់ធំទំហំជាង១៣ហិកតា នៅទីប្រជុំជនផ្សារព្រៃទទឹង លើផ្លូវជាតិលេខ៣ ដែលមានចម្ងាយតែប្រមាណជា១១គីឡូពីរង្វង់ចោមចៅ ដើម្បីបើកលក់រួមគ្នា។ លោកថាដីដែលបានប្រើទុនរួមគ្នា ហើយជាគម្រោងបើកឆាកជាមួយលោកឡេង ណាវ៉ាត្រា នេះ មិនត្រឹមតែចំប្លង់ និងជាដីល្អនៅទីប្រជុំជននោះទេប៉ុន្តែតម្លៃក៏មានត្រឹមតែ៣៩០០ដុល្លារ និងប្រកាសផ្ដល់ជូនម៉ូតូមួយគ្រឿងថែមទៀត អោយតែទិញត្រឹមរយៈពេល១៥ថ្ងៃ រាប់ពីថ្ងៃសន្និសីទនេះទៅ។

លោករំពឹងយ៉ាងខ្លាំងថាជំនួញដីធ្លីរួមគ្នាជាមួយលោក ឡេង ណាវ៉ាត្រា នឹងទទួលជោគជ័យ ខណៈដែលលោកប្រកាសថា អ្នកទិញដីឡូតិ៍ក្នុងគម្រោងរបស់លោកមិនបាច់ភ័យបារម្ភពីភាពច្បាស់លាស់ ព្រោះតែលោកមិនធ្វើជំនួញលក់ឈ្មោះដែលខំសាងអស់ជាង២០ឆ្នាំ ក្នុងនាមជាតារាចម្រៀងម្នាក់។ 

លោកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ថា ការពិតតម្លៃដែលបានប្រកាសលក់ក្នុងគម្រោងដីឡូតិ៍នៅតំបន់ព្រៃទទឹងនោះគឺទាបណាស់ទៅហើយ ប៉ុន្តែដោយសារតែលោកចង់អោយមានការចាប់អារម្មណ៍ពីគម្រោងបណ្ដាក់ទុនរួមគ្នាលើកដំបូងរវាងលោក និងលោក ព្រាប សុវត្ថិ ទើបលោកសម្រេចបន្ថែមម៉ូតូមួយគ្រឿងទៅទៀត ដែលអាចនិយាយបានថាគម្រោងដីឡូតិ៍មួយនេះ គឺលោក និងលោកព្រាប សុវត្ថិ នឹងលក់អោយទាបបំផុត ដើម្បីអបអរការចាប់ដៃរបស់លោក ព្រាប សុវត្ថិ ក្នុងគម្រោងអចនទ្រព្យជាមួយខ្លួន។

លោកថា គម្រោងបោះទុនរួមគ្នានេះ មិនមែនដោយសារតែលោកខ្វះដើមទុនក្នុងគម្រោងដីឡូតិ៍នៅផ្សារព្រៃទទឹងផ្លូវជាតិលេខ៣នោះទេ ប៉ុន្តែបណ្ដាលមកពីលោក ព្រាប សុវត្ថិ គឺជាអាយដលរបស់លោក ហើយ ដោយសារតែលោកយល់ថាវត្តមានរបស់ លោកព្រាប សុវត្ថិ ជាភាគហ៊ុន នឹងធ្វើអោយជំនួញដីឡូតិ៍របស់លោកនឹងកាន់តែមានទំនុកចិត្ត និងកាន់តែមានទីផ្សារជាងមុន ទើបលោកសម្រេចចិត្តចាប់ដៃ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post