header ads

Sponsor

ពិសី

បាងកកៈ អភិបាលខេត្តឈៀងរ៉ៃ លោក ណារ៉ុងស័ក្តិ អូសុតតាណាខន បាននិយាយនៅថ្ងៃអង្គារនេះថា ក្មេងប្រុស១២នាក់ និងគ្រូបង្វឹកបាល់ទាត់របស់ពួកគេ នៅរស់ក្រោយរយៈពេល១០ថ្ងៃជាប់នៅក្នុងរូងភ្នំជន់លិច ត្រូវតែអត់ទ្រាំនឹងការលំបាករបស់ខ្លួនមួយរយៈពេលយូរបន្ថែមទៀត ស្របពេលដែលក្រុមជួយសង្រ្គោះ ដោះស្រាយផែនការរកច្រកចេញរបស់ពួកគេ ។

ក្រុមអ្នកមុជទឹក បានព្យាយាមឆ្លងកាត់ច្រកតូចៗ និងស្ថានភាពទឹកងងឹតឈឹង ដើម្បីរកឃើញក្មេងៗកាលពីយប់ថ្ងៃចន្ទ ដោយពួកគេកំពុងអង្គុយ-ឈរនៅលើផ្ទាំងថ្មចោទមួយ ដែលមានចម្ងាយប្រហែល៤គីម៉ែត្រពីមាត់ច្រកចូលរូងភ្នំ ។

បច្ចុប្បន្នក្រុមជួយសង្រ្គោះ ត្រូវតែសម្រេចចិត្តថា តើធ្វើបែបណាទើបល្អបំផុត ក្នុងការរំដោះក្រុមមួយនេះចេញពីរូងភ្នំ ខណៈដែលពួកគេស្ថិតក្នុងស្ថានភាពទន់ខ្សោយនោះ ។

ការផ្គត់ផ្គង់ថ្នាំពេទ្យ និងចំណីអាហារចាំបាច់ដែលមានសារធាតុកាឡូរីខ្ពស់ និងថ្នាំប៉ារ៉ាសេតាម៉ុល  បានមកដល់ពួកគេហើយនៅថ្ងៃអង្គារនេះ ស្របពេលដែលក្រុមជួយសង្រ្គោះ ត្រៀមខ្លួនចំពោះលទ្ធភាពនៃការស្នាក់នៅទីនោះយូរថ្ងៃទៀត ។

លោក ណារ៉ុងស័ក្តិ បាននិយាយប្រាប់ក្រុមអ្នកសារព័ត៌មានថា “បើសិនជាអ្នកសួរខ្ញុំ ខណៈដែលយើងកំពុងវាយតម្លៃលើគ្រប់ស្ថានភាពទាំងអស់ នោះខ្ញុំមិនគិតពួកគេនឹងអាចវិលត្រឡប់មកផ្ទះវិញក្នុងពេលដ៏ខ្លីខាងមុខនេះនោះទេ” ។

លោកណារ៉ុងស័ក្ត បន្តថា បញ្ហាសុខភាពរបស់ក្មេងៗ ត្រូវបានវាយតម្លៃពេញមួយយប់ ដោយក្រុមគ្រូពេទ្យ ដែលនឹងបន្តពិនិត្យសុខភាពរបស់ពួកគេ ហើយក្មេងៗទាំងនោះ បានរងរបួសស្រាល ។

លោកបន្តថា យើងបានបែងចែកស្ថានភាពសុខភាពរបស់ពួកគេជា៣ផ្នែក ធ្ងន់ធ្ងរបំផុត មធ្យម និងស្រាល ហើយបច្ចុប្បន្ន ក្រុមជួយសង្រ្គោះ នឹងផ្តោតសំខាន់លើដំណាក់កាលជួយសង្រ្គោះ ហើយបន្ទាប់មកនឹងប្រគល់ជូនក្រុមគ្រូពេទ្យ ដែលរង់ចាំនៅខាងក្រៅរូងភ្នំ ។

លោកបន្តថា ក្រុមវេជ្ជបណ្ឌិត បានណែនាំឲ្យមានការពិនិត្យសុខភាព ដើម្បីការពារពួកគេពីការឆ្លងជំងឺ និងធ្លាក់ខ្លួនឈឺ ។

កាពីទែនទាហានជើងទឹកថៃ លោក អាណាន់ ស៊ូរ៉ាវ៉ាន់ បាននិយាយថា “យើងនឹងរៀបចំបញ្ជូនចំណីអាហារបន្ថែមទៀត ដែលអាចទ្រទ្រង់រយៈពេល៤ខែ ហើយនិងបង្រៀនពួកគេទាំង១៣នាក់នោះ ឲ្យចេះមុជទឹក ខណៈដែលបន្តបូមទឹកចេញពីរូងភ្នំ” ។

រូបភាពដែលថតបានដោយក្រុមជួយសង្រ្គោះកាលពីថ្ងៃចន្ទ ឃើញភ្លើងពិលបញ្ចាំងមកលើក្មេងប្រុសទាំងអស់នោះ ដែលស្លៀកខៅខ្លីពាក់អាវក្រហម ខ្លះខៀវ ខ្លះអង្គុយខ្លះឈរនៅលើផ្ទាំងថ្មពីលើទឹក ។

យោងតាមការអះអាងរបស់លោក ប៊ីល វ៉ាយហៅ គឺជាអនុប្រធានក្រុមប្រឹក្សាសង្រ្គោះរូងភ្នំអង់គ្លេស បានឲ្យដឹងថា អ្នកមុជទឹកអង់គ្លេស២នាក់ គឺលោក ចន វ៉ូឡានថេន និងលោក រីក ស្តានតុន គឺជាមនុស្សដំបូងគេ ដែលបានធ្វើដំណើរទៅដល់ក្មេងៗមុនគេ ដោយពួកគេមានបទពិសោធន៍ច្រើនក្នុងការសង្រ្គោះក្នុងរូងភ្នំ ។

ពួកគេបានរកឃើញក្មេងៗជាប់ខ្លួនទាំងនេះ ជាមួយនឹងក្រុមមុជទឹកមកពីកងទ័ពជើងទឹកថៃ SEAL ។

ព័ត៌មាននៃការរស់រានរបស់ក្មេងប្រុសទាំងនេះ ត្រូវបានស្វាគមនជាមួយនឹងសេចក្តីសាទរនៅទូទាំងប្រទេស ពីសំណាក់ប្រជាជនថៃ កំពុងបានតាមដានរាល់មុំនៃរឿងរ៉ាវដ៏គួររន្ធត់មួយនេះ ។

គួរឲ្យដឹងថា ក្មេងៗអាយុចន្លោះពី១១ឆ្នាំ ទៅ១៦ឆ្នាំ បានបាត់ខ្លួនទៅជាមួយគ្រូបង្វឹកវ័យ២៥ឆ្នាំរបស់ពួកគេ ក្រោយហ្វឹកហាត់បាល់ទាត់ កាលពីថ្ងៃទី២៣ ខែមិថុនាកន្លងទៅ ពេលដែលពួកគេចុះស្រាវជ្រាវនៅក្នុងរូងភ្នំថាមលួង ស្ថិតនៅតំបន់ព្រំដែនភាគខាងជើងប្រទសថៃ ជាប់នឹងប្រទេសមីយ៉ាន់ម៉ា ។

ការព្យាករណ៍ពីភ្លៀងធ្លាក់ខ្លាំងនៅចុងសប្តាហ៍នេះ មានន័យថា ក្រុមជួយសង្រ្គោះត្រូវតែប្រញាប់ប្រញាល់បញ្ជូនអាហារផ្គត់ផ្គង់ទៅកាន់ក្មេងៗជាប់ខ្លួន ។

ស្ថិតនៅប្រវែង១០គីម៉ែត្រ រូងភ្នំថាមលួង ស្ថិតនៅក្នុងចំណោមរូងភ្នំវែងជាងគេបំផុតរបស់ថៃ និងជារូងភ្នំដែលមានស្ថានភាពស្មុគស្មាញជាងគេបំផុតផងដែរ ។

ស្លាកសញ្ញានៅខាងក្រៅរូងភ្នំ បានហាមឃាត់អ្នកដំណើរមិនឲ្យចូលទៅក្នុងរូងភ្នំនេះ ជាដាច់ខាតនៅអំឡុងរដូវវស្សា ចន្លោះពីខែកក្កដា និងខែវិច្ឆិកា៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post