ភ្នំពេញៈ មានប្រសាសន៍នៅក្នុងពិធីប្រគល់ម៉ូតូ ជាង១ពាន់គ្រឿង ដល់កម្លាំងនគរបាលប៉ុសិ៍តរដ្ឋបាលទូទាំងប្រទេស នៅក្រសួងមហាផ្ទៃ កាលពីព្រឹកថ្ងៃពុធ ៦កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ សម្តេចក្រឡាហោម ស ខេង បានលើកឡើងថា មន្ត្រីប៉ុសិ៍តរដ្ឋបាល គឺជាប្រតិបតិ្តករយ៉ាងសំខាន់ ក្នុងការធានាស្ថេរភាព សន្តិសុខនៅតាមមូលដ្ឋាន និងជាសេវាករ ដែលមានសក្តានុពលក្នុងការបម្រើសេវារដ្ឋបាលចំបាច់នានា របស់ប្រជាពលរដ្ឋ គឺមានន័យថា ប៉ុសិ៍តនគរបាលរដ្ឋបាល គឺជាយន្តការយ៉ាងសំខាន់ ក្នុងការអនុវត្តន៍កម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណ របស់រាជរដ្ឋាភិបាល ឲ្យទទួលបានជោគជ័យ ។
សម្តេចក្រឡាស ខេង ក៏បានបន្តឲ្យដឹងទៀតថា តាមទស្សនៈខាងលើនេះ រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងមហាផ្ទៃ បានផ្តោតការយកចិត្តទុកដាក់ឧបត្ថម្ភគាំទ្រទាំងស្មារតី ទាំងសម្ភារៈ ក៏ដូចជាការបណ្តុះបណ្តាលលើកកម្ពស់សមត្ថភាពវិជ្ជាជីវៈ ការបំពាក់ និងផ្តល់ជូននូវមធ្យោបាយប្រេងឥន្ធនៈថវិកា និងការកសាងទីស្នាក់ការសម្រាប់ធ្វើការងារឲ្យបានសមរម្យជាដើម ។
សម្តេច ក៏បានលើកឡើងនូវប្រសាសន៍ថា ដូចក្នុងរបាយការណ៍ ស្តីពីលទ្ធផលក្នុងការពង្រឹងប្រសិទ្ធភាពការងារប៉ុសិ៍តនគរបាលរដ្ឋបាល របស់អគ្គស្នការនគរបាលជាតិ ដែលបានរាយការណ៍ជូនអង្គពិធីជ្រាបនោះ គឺបានឆ្លុះបញ្ចាំងអំពីការគិតគូរ ដោះស្រាយ បង្កលក្ខណៈសម្បតិ្តជាបន្តបន្ទាប់ ដល់ការគាំទ្រដល់ប៉ុសិ៍តនគរបាលរដ្ឋបាល ទោះបីជាការផ្តល់ជូនទាំងនោះមិនទាន់បានឆ្លើយតបគ្រប់គ្រាន់តាមសំណូមពរ១០០%ក៏ដោយ ក៏ប៉ុន្តែយើងបានពិនិត្យគ្រប់លទ្ធភាពដើម្បីដោះស្រាយតាមស្ថានភាពជាក់ស្តែង ដែលអាចជំរុញដល់ប៉ុសិ៍តនគរបាលរដ្ឋបាលបំពេញការងាររបស់ខ្លួនបានសមរម្យ និងមានការរីកចម្រើនជាបន្តបន្ទាប់ ។
សម្តេចក្រឡាហោម ស ខេង ក៏បានរំលឹកថា ក្រសួងបានផ្តល់យានយន្ត ទោចក្រក្រយានយន្ត ចំនួន៤គ្រឿង ក្នុង១ប៉ុសិ៍ត ក៏ប៉ុន្តែអាចលើកលែងប៉ុសិ៍តរដ្ឋបាលខ្លះអត់មានដីដើម្បីប្រើប្រាស់ម៉ូតូ ដូចជាប៉ុសិ៍តកោះពាវាំងខាងព្រៃចាស់ ឬកន្លែងមួយចំនួនទៀត។ ប្រហែលជាអាចផ្គត់ផ្គង់តាមមធ្យោបាយផ្សេង តែទោះបីជាយ៉ាងក៏ដោយ ម៉ូតូដែលបានផ្តល់ភូមិសាស្ត្រដីគោកអាចនិងប្រើប្រាស់ម៉ូតូបាន និងឧបត្ថម្ភប្រេងដល់ទៅ១២០លីត្រ ក្នុង១ត្រីមាស សម្រាប់ក្នុងប៉ុសិ៍តនីមួយៗ ហើយក្នុងភូមិសាស្ត្ររបស់ខ្លួន ក៏មិនសូវជាធំប៉ុន្មានដែរ ហើយនៅពេលចេញប្រតិបតិ្តការម្តងៗក៏មិនអាចចេញម្តងម៉ូតូទាំង៤គ្រឿងដែរ និងថវិកា១លាន២សែនរៀល ក្នុង១ត្រីមាសដូចគ្នា ។
ក្នុងនោះផងដែរ សម្តេចក្រហោម ស ខេង ក៏បានកោតសសើរ ដល់កងកម្លាំងនគរបាលប៉ុសិ៍តរដ្ឋបាលទាំងអស់ ដែលខិតខំបំពេញការងាររបស់ខ្លួន ក្នុងការការពារ និងបម្រើប្រជាពលរដ្ឋក្នុងមូលដ្ឋានភូមិ ឃុំ សង្កាត់ ដែលខ្លួនទទួលខុសត្រូវ។ និងមានការខិតខំបំពេញការងារយ៉ាងសកម្មប្រកបដោយអកប្បកិយាសមសួនរាក់ទាក់ ជាមួយប្រជាពលរដ្ឋក្នុងឋានៈជាកូនចៅរបស់ប្រជាជន ព្រមទាំងបានលុបបំបាត់នូវចំណុចខ្វះខាតទាំងឡាយ ធ្វើឲ្យប្រជាពលរដ្ឋមានភាពកក់ក្តៅស្រឡាញ់រាប់អាន និងចូលរួមថែរក្សសន្តិសុខមាតុភូមិ តាមរយៈការប្រែប្រួលរីកចម្រើននេះ បានជះឥទិ្ធពលធ្វើឲ្យស្ថានភាពបទល្មើសកាន់តែឈានទៅរកភាពល្អប្រសើរ ។
សម្តេច ក៏បានបន្តលើកឡើងនូវការកើតសសើរថា ជាក់ស្តែងក្នុងឆមាសទី១ ឆ្នាំ២០១៨នេះ បទល្មើសឧក្រិដ្ឋដែលមានឥទិ្ធពលបង្កភាពភ័យខ្លាចក្នុងសង្គម បានថយចុះចំនួន៩% គឺបានថយចុះ១១លើក ជាពិសេស បទល្មើសលួចមានស្ថានទម្ងន់ទោស គឺប្លន់បានចយចុះរហូតដល់ ចំនួន២៥% ។
យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ដែលបានអានឲ្យដឹង តាមរយៈនាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ អគ្គស្នងការស្តីទី បានឲ្យដឹងថា បច្ចុប្បន្នប៉ុសិ៍តរដ្ឋបាល មានចំនួន១.៦៤៦ប៉ុសិ៍ត មានឃុំចំនួន១.៤០៩ និង២៣៧សង្កាត់ ដែលស្ថិតក្រោមយន្តការគ្រប់គ្រងដឹកនាំដូចជា នៅថ្នាក់កណ្តាល មាននាយកដ្ឋានគ្រប់គ្រងកិច្ចការប៉ុសិ៍តរដ្ឋបាល ជាសេនាធិការក្នុងការគ្រប់គ្រងដឹកនាំការងារជំនាញ ដែលបានបង្កើតឡើង ក្នុងខែសីហា ឆ្នាំ២០១២ ។
ដោយឡែក នៅថ្នាក់ស្នងការនគរបាលរាជធានី/ខេត្ត មានការិយាល័យកិច្ចការប៉ុសិ៍តនគរបាលរដ្ឋបាល នៅតាមអធិការដ្ឋាននគរបាល ក្រុង ស្រុក ខណ្ឌ មានប៉ុសិ៍តផ្នែកកិច្ចការ ប៉ុសិ៍តនគរបាលរដ្ឋបាល ដែលដើរតួនាទីគ្រប់គ្រងដឹកនាំផ្ទាល់ ដល់ប៉ុសិ៍តនគរបាលរដ្ឋបាល ឃុំ សង្កាត់ ។
របាយការណ៍ដដែលបានឲ្យដឹងថា ចំពោះស្ថានភាព នៃអគារស្នាក់នៅប៉ុសិ៍តនគរបាលរដ្ឋបាល គិតត្រឹមចុងឆ្នាំ២០១៧ គឺមានប៉ុសិ៍តនគរបាលរដ្ឋបាល ចំនួន១៤៦៤ប៉ុសិ៍ត ដែលមានអគារស្នាក់នៅធ្វើការបច្ចុប្បន្ននេះ៕