កំពង់ឆ្នាំងៈ នារីវ័យក្មេងម្នាក់ ជាកម្មការិនីរោងចក្រកាត់ដេរ មិនដឹងជាតូចចិត្តរឿងអី បានជាជ្រើសរើសយកផ្លូវស្លាប់ ដោយលេបថ្នាំ។
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១២និង៣០នាទីថ្ងៃទី៣០ កក្កដា ២០១៨ នៅចំណុចផ្ទញជួលមួយកន្លែង ស្ថិតក្នុងភូមិអន្លុងត្នោត ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
យោងតាមប្រភពពីសមត្ថកិច្ច ដែលចុះដល់លន្លែងកើតហេតុ បានឲ្យដឹងថា នារីរងគ្រោះឈ្មោះ ចន្ថា រស់នៅភូមិអន្លុងត្នោត ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
ប្រភពពីសមត្ថកិច្ចខាងលើ បានឲ្យដឹងថា គេមិនដឹងពីមូលហេតុច្បាស់លាស់ថា នារីរងគ្រោះខាងលើជ្រើសរើសយកការលេបថ្នាំសម្លាប់ខ្លួនឯង នៅក្នុងបន្ទប់ជួលម្នាក់ឯងទៅវិញ។ តែអ្វីដែលជាសំណាងល្អបានមិត្តភក្តិ និងអ្នកជិតខាងដឹងមើលឃើញទាន់ក៏បាននាំគ្នាផ្អើលឆោឡោនាំគ្នាជួយ និងដឹងយកទៅកាន់មន្ទីរពេទ្យបង្អែក ស្រុកកំពង់ត្រឡាច ដើម្បីជួយសង្រ្គោះទាន់ពេលវេលាកុំអីចប់បាត់ហើយ។
តែទោះជាយ៉ាងណានារីរងគ្រោះ ត្រូវបានក្រុមគ្រួពេទ្យជួយសង្គ្រោះបានផុតពីសេចក្តីស្លាប់ហើយ ខណៈគេនៅតែមិនដឹងពីមូលហេតុនៃការប៉ងលេបថ្នាំសម្លាប់ខ្លួននោះឡើយ ព្រោះនារីរងគ្រោះមិនបានប្រាប់ពីមូលហេតុ៕