header ads

Sponsor

ពិសី

កំពង់ចាមៈ អាជ្ញាធរ​ខេត្ត​កំពង់ចាម​ ក៏ដូចជា​មន្ទីរធនធានទឹក និងឧតុនិយម ខេត្ត​កំពង់ចាម​ បានអំពាវនាវឲ្យប្រជាពលរដ្ឋ ដែលរស់នៅតាមដងទន្លេមេគង្គ និងអ្នករស់នៅតាមតំបន់ទំនាបនានា ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីការពារគ្រោះថ្នាក់ ដែលកើតមានឡើងជាយថាហេតុ ព្រោះលំហូរនៃទឹកទន្លេមេគង្គ កំពុងមានសន្ទុះហក់ឡើងយ៉ាងគំហុក ។

លោក អ៊ុម​ វិបុល​ ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ចាម​ បានបញ្ជាក់ឲ្យដឹងថា ដោយមើលឃើញពីស្ថានភាពជំនន់ទឹកទន្លេមេគង្គ មានសន្ទុះហក់ឡើងយ៉ាងគំហុក នាប៉ុន្មានថ្ងៃចុងក្រោយនេះ គួរឲ្យមានការព្រួយបារម្មណ៍ មន្ទីរ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលរស់នៅតាមដងទន្លេមេគង្គ និងអ្នករស់នៅតាមតំបន់ទំនាបនានា ក្នុងភូមិ​សាស្ត្រ​ខេត្តកំពង់ចាម​ ត្រូវបង្កើនការប្រុងប្រយ័ត្នទាំងអស់គ្នា ដើម្បីបង្ការការពារគ្រោះថ្នាក់កើតឡើងជាយថាហេតុ ព្រោះស្ថានភាពទឹកនាពេលនេះ កំពុងបន្តហក់ឡើង ។

លោកបន្តថា ដោយអនុវត្តតាមការណែនាំពីក្រសួងធនធានទឹក លើវិធានការការពារ ក៏ដូចជាការផ្សព្វផ្សាយអំពីស្ថានភាពទឹកជំនន់ទន្លេមេគង្គនេះ មន្ទីរធនធានទឹក និងឧតុនិយម​ខេត្ត​ ក៏បានជូនដំណឹងដល់អាជ្ញាធរមូលដ្ឋាន ដែលមានប្រជាជនរស់នៅតាមដងទន្លេ សុំឲ្យជួយផ្សព្វផ្សាយ​ដល់​បងប្អូនអំពីស្ថានភាពជំនន់ទឹកទន្លេមេគង្គនេះ ដើម្បីមានវិធានការការពារ ទ្រព្យសម្បត្តិ អាយុជីវិតកូន-ចៅ និងសត្វ​ពាហនៈ​បង្ការទុក​ដាក់​ជាមុន​ឲ្យ​បានទាន់ពេល​វេលា​ ។

សូមបញ្ជាក់ថា តាមសេចក្តីជូនដំណឹង ស្តីពីស្ថានភាពទឹកជំនន់ទន្លេមេគង្គ ដែលក្រសួងធនធានទឹក និងឧតុនិយម ប្រកាសកាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ​២០១៨នេះ​ ស្តីពីការ​ហក់ឡើង​ខ្លាំង​ នៃ​ទឹក​ជំនន់​ទន្លេ​មេគង្គ​លើ ដោយសារ​មាន​ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​ច្រើន​ នៅ​ក្នុង​តំបន់​អាង​ទន្លេ​មេគង្គ​ក្នុង​នៅប្រទេស​ថៃ​ និង​ឡាវ បាន​បង្ក​ឲ្យ​ទឹក​ទន្លេ​មេគង្គ​ក្នុង​ប្រទេស​កម្ពុជា​ បន្ត​កើនឡើង​ក្នុង​រយៈពេល​២-៣ថ្ងៃ​បន្ថែម​ទៀត ​។

យោងតាម​ការ​ព្យាករណ៍​ កម្ពស់​ទឹក​ទន្លេ​មេគង្គ​លើ​កម្ពុជា​ អាច​នឹង​កើនឡើង​បន្ត​ នៅ​ថ្ងៃ​ទី​៥​ ខែសីហា​ ឆ្នាំ​២០១៨​ ខាងមុខនេះ​​ ទន្លេ​មេគង្គ​ខេត្តកំពង់ចាម​ ទឹក​អាច​នឹង​កើនឡើង​ដល់​កម្ពស់​១៥,២៥ម៉ែត្រ​ ខណៈ​​ដែល​កម្រិត​កម្ពស់​ទឹក​ ត្រូវ​ប្រកាស​ឲ្យ​មាន​ការ​​ប្រុងប្រយ័ត្ន ​គឺ​១៥,២០ម៉ែត្រ​ប៉ុណ្ណោះ​​ ។

ក្រសួង​បាន​បញ្ជាក់ថា បន្ទាប់ពីតាមដានព្យាករណ៍លើស្ថានភាពអាកាសធាតុ និងស្ថានភាពទឹកជំនន់ទន្លេមេគង្គនេះរួចមក ក្រសួងក៏បានជូនដំណឹងដល់ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងប្រជាពលរដ្ឋឲ្យបានដឹង ពី​ស្ថានភាព​ទឹក​ដែលបានកើតឡើង ដោយសារ​មាន​ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​ច្រើន​ នៅ​ក្នុង​តំបន់​អាង​ទន្លេ​មេគង្គ​ក្នុង​នៅប្រទេស​ថៃ​ និង​ឡាវ​ ដែលបង្កឲ្យទឹកទន្លេមេគង្គហក់ឡើង​ជាបន្តបន្ទាប់​នោះ ។

លោក អ៊ុ វិបុល ប្រធានមន្ទីរធនធានទឹក និងឧត្តុនិយមខេត្តកំពង់ចាម​ បាន​ឲ្យ​ដឹង​ថា សម្រាប់ខេត្តកំពង់ចាម​ ចាប់​គិតត្រឹមថ្ងៃទី៣១ ខែកក្កដា​ ឆ្នាំ២០១៨នេះ ទឹកទន្លេ​មេគង្គបាន​ហក់​ឡើង​ក្នុង​មួយយប់ជិត​៣តឹក​ ធ្វើ​ឲ្យ​កម្ពស់​ទឹកក្នុងខេត្តកំពង់ចាម កើនឡើង​កម្ពស់​១៤,​៦០ម៉ែត្រ​ ធៀបនឹងថ្ងៃម្សិលមិញឡើង០,២៤ម៉ែត្រ​ គឺ​ប្រហាក់ប្រហែល​នឹង​ឆ្នាំមុន​ ដែល​មាន​កម្ពស់​ទឹក​​១៤,៥៤ម៉ែត្រ ​។

លោក​ប្រធាន​មន្ទីរ​ធនធានទឹក​ បាន​បញ្ជាក់​​ថា​ កម្ពស់​ទឹកទន្លេមេគង្គ​ ត្រឹម​រយៈពេល​២៤ម៉ោង ហក់ឡើង ០,២៤ម៉ែត្រ​ ដែលធ្វើ​ឲ្យ​ទឹក​ហូរ​ចូលកន្លែងទំនាប និងព្រែក ​ចំនួន​៣៩លើ៣៩ព្រែក​ ដែលរួមមាន​ ​​ស្រុក​កោះសូទិន​ ស្រុក​ស្រីសន្ធរ​ ស្រុក​កងមាស​ ស្រុកកំពង់សៀម និង​ស្រុក​ស្ទឹងត្រង់​ ខណៈ​​ដែល​កម្រិត​កម្ពស់​ទឹក​ត្រូវ​ប្រកាស​ឲ្យ​មាន​ការ​​ប្រុងប្រយ័ត្ន ​គឺ​១៥,២០ម៉ែត្រ​៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post