
ព្រះវិហារៈ យ៉ាងហោចណាស់ក្មេងប្រុស២នាក់ បានលង់ទឹកស្រះស្លាប់គួរឲ្យអាណោចអធ័ម ខណៈដែលម្តាយរបស់ពួកគេជាប់រវល់ស្ទូងស្រូវ។
ហេតុការណ៍នេះ បានកើតឡើងវេលានៅម៉ោង៣រសៀល ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨នេះ ស្ថិតក្នុងភូមិក្របៅ ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ។

វរសេនីយ៍ទោ ឡាញ់ លីស៊ីវឡេង អធិការនគរបាលស្រុកគូលែន បានប្រាប់ campost ឲ្យដឹងថា មុនពេលកើតហេតុ ម្តាយរបស់ក្មេងប្រុសរងគ្រោះទាំង២នាក់ បាននាំគ្នាចេញទៅស្រែដើម្បីស្ទូងស្រូវ ដោយពួកគាត់បាននាំកូនៗទៅជាមួយផងដែរ។ ស្របពេលដែលកំពុងស្ទូងស្រូវ ដោយមិនបានចាប់អារម្មណ៍ ក៏ស្ងាត់មាត់ក្មេងទាំង២នាក់នោះ ហើយពួកគាត់ខំស្រែកហៅ តែគ្មានការឆ្លើយតប រួចក៏នាំគ្នាដើរទៅរកនៅស្រះទឹកនៅជិតនោះ ស្រាប់តែប្រទះឃើញសាកសពកូនៗរបស់ពួកគាត់ទាំង២នាក់ អណ្តែតក្នុងទឹកក៏បង្កការភ្ញាក់ផ្អើលឡើងតែម្តង។
មន្ត្រីខាងលើបន្តថា ក្មេងប្រុសរងគ្រោះទី១.ឈ្មោះ ផា ផាត់ អាយុ៤ឆ្នាំ និងទី២.ឈ្មោះ ឆូយ រ៉ាឆាត អាយុ៤ឆ្នាំ រស់នៅភូមិឃុំខាងលើ។
ក្រោយពិនិត្យសាកសពរួច សមត្ថកិច្ចបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យរៀងៗ ខ្លួនតាមប្រពៃណី៕

