header ads

Sponsor

ពិសី

កំពង់ស្ពឺៈ ថ្មីៗនេះនៅក្នុងខេត្តកំពង់ស្ពឺទាំងមូល មានការបែកធ្លាយរឿងប្រជាពលរដ្ឋរិះគន់នគរបាលស្រុកសំរោងទង នគរបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្ត និងលោកស្នងការនគរបាលខេត្តកំពង់ស្ពឺឡើងចាស់ដៃតែម្តងថា ចុះបង្ក្រាបមនុស្សលេងល្បែងភ្នាល់មាន់ជល់តាមកញ្ចក់ទូរទស្សន៍ចំនួន១៩នាក់ កាលពីពេលកន្លងទៅទាំងអ្នកលេង និងទាំងអ្នកមិនលេងផងដែរ ដោយយកទៅឃុំខ្លួនមួយយប់ហើយជំរិតយកលុយម្នាក់ចំនួន២០០ដុល្លារជាថ្នូរនឹងការដោះលែងឲ្យ​មានសេរីភាពវិញ ក្រៅប្រពន្ធ័តុលាការ។

បើតាមការលើកឡើងរបស់លោក កៅ សុខហៀង អាយុ៤១ឆ្នាំ បានចេញមុខបកស្រាយថាកាលពីរសៀលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៨កន្លងទៅ កម្លាំងនគរបាលស្រុកសំរោងទង សហការជាមួយកម្លាំងនគរបាលខេត្តកំពង់ស្ពឺ បានចុះបង្ក្រាបហាងលក់កាហ្វេមួយកន្លែង ស្ថិតនៅក្នុងភូមិត្រពាំអំពិល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដោយនគរបាលអះអាងថា មានការភ្នាល់លុយជល់មាន់តាមទូរទស្សន៍ ទើបបង្ក្រាបបែបនេះ។

លោកបានបន្តទៀតថា លោកមិនថាអីទេ បើសមត្ថកិច្ចបង្ក្រាបអ្នកលេងល្បែងនោះ ប៉ុន្តែអ្នកដែលមិនលេងផងអស់លោកចាប់យកទៅឃុំខ្លួនក្នុងបន្ទប់ងងឹត ធុំក្លិនស្អុយ ដូចអ្នកទោសឧក្រឹត្តទៅវិញ ហើយនិយាយពីមន្ត្រីនគរបាលថ្មីៗនៅក្នុងស្រុកសំរោងទង ប្រើពាក្យអសុរសមកលើលោកនិងមនុស្សចាស់ៗជាច្រើនអ្នកទៀតដោយថា (ចង់ជាប់គុកយូរ ឬក៏ចង់ជាប់ឆាប់) បើឆាប់យកលុយមកលោះ ហើយទង្វើរបស់មន្ត្រីនគរបាលស្រុកសំរោងទងមួយចំនួនប្រមាថដល់មនុស្សចាស់ៗច្រើនណាស់ ដែលរូបលោកមិនអាចទទួលយកបាននោះទេ។ ហើយអ្វីដែលធ្វើអោយលោកមានការចាប់អារម្មណ៍នោះត្រង់ថា ល្បែងជល់មាន់ កន្ទុយលេខ បៀរ អាប៉ោង ជាច្រើនកន្លែងក្នុងស្រុកសំរោងទង មិនចាប់បង្ក្រាប បែរជាមកចាប់អ្នកមើលមាន់ជល់ក្នុងទូរទស្សន៍ទៅវិញ បើចាប់មាន់ជល់ក្នុងទូរទស្សន៍អស់លោកចាប់អ្នកភ្នាល់លុយប្រដាល់តាមកញ្ចក់ទូរទស្សន៍ផងទៅ ហើយលោក​ហួសចិត្តមួយទៀត រូបលោកនិងពូចាស់ៗ៣ទៅ៤នាក់ទៀតគ្រាន់តែទៅហូបកាហ្វេសោះ ក៏អស់លោកចាប់ដោយមកជាមួយ ដែលជំរិតទារលុយចំនួន២០០ដុល្លារអាមេរិកជាថ្នូរនិងការដោះលែងអោយមានសេរីភាពវិញ ទង្វើរបស់លោកនគរបាលស្រុកសំរោងទង និងនគរបាលស្នងការខេត្តធ្វើរបៀបនេះ បានជាសន្លឹកឆ្នោតមានការធ្លាក់ចុះនោះ។

លោក កៅ សុខហៀងបានបន្តទៀតថា ដូចជាអ្នករត់ម៉ូតូឌុបអីតើគាត់បានលុយពីណាមកចំនួន២០០ដុល្លារអាមេរិកនោះ បើគិតជាលុយខ្មែរស្មើ និង៨០ម៉ឺនរៀលទៅហើយនោះ ហើយមនុស្សទាំង១៩នាក់នោះនគរបាលមិនអោយបាយហូប សូម្បីទូរសព្ទ័ទៅជួបសាច់ញាតិប្រពន្ធកូនក៏មិនបានដែរ ដោយលោកនគរបាលនិយាយថា កន្លែងនេះមិនមែនជាកន្លែងនិយាយទូរសព្ទ័ទេ។ លោកមិនថាអ្វីទេប្រសិនបើចាប់អ្នកលេងល្បែងមែននោះ កុំចាប់រើសកន្លែងអីចឹង ចុះកន្ទុយលេខ និងល្បែងម៉ាគគោកម៉េចមិនចាប់ផង លោកសំណូមពរអោយអស់លោកនគរបាលស្រុកសំរោងទង នគរបាលខេត្តកំពង់ស្ពឺ ជាពិសេសលោកស្នងការខេត្តតែម្តង មុននិងធ្វើអ្វីត្រូវគិតផង គ្រាន់ត្រឹមតែជាអ្នកលេងល្បែងទេ មិនមែនមានទោសឧក្រឹត្តកម្មឡើយ ហើយបើឈប់បានឈប់ទៅជំរិតទារលុយពីប្រជាពលរដ្ឋក្រណាស់ ឬមួយលោកចង់អោយប្រជាពលរដ្ឋលក់ដីស្រែ លក់ផ្ទះយកលុយបង់អោយពួកអស់លោក។

តាមមជ្ឈដ្ឋានប្រជាពលរដ្ឋអ្នកដឹងហេតុការណ៍ខាងលើបានលើកឡើងថា ទង្វើខាងលើរបស់នគរបាលស្រុកសំរោងទង និងនគរបាលខេត្តកំពង់ស្ពឺ ដែលគេដឹងថា មានលោក ជា វណ្ណា នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្ត កន្លងមកតែងតែ កែសំណុំរឿងពីសទៅជាខ្មៅ ហើយពីខ្មៅក្លាយទៅជាសវិញ ដោយសារតែលាភសក្ការៈនោះច្បាស់ជាថ្ងៃណាមួយថ្នាក់លើ និងជ្រាបទង្វើទាំងអស់នេះជាក់ជាមិនខានឡើយ ជាក់ស្តែងដូចលោក កៅ សុខហៀង បានលើកឡើងខាងលើមនុស្សចំនួន១៩នាក់ ហើយនគរបាលជំរិតយកលុយម្នាក់ចំនួន២០០ដុល្លារ ចុះ១៩ស្មើនិង៣៨០០ដុល្លារអាមេរិកបាត់ទៅហើយ ជាថ្នូរនិងការដោះលែងក្រៅប្រពន្ធ័តុលាការពីសំណាក់អស់លោកនគរបាលខេត្តកំពង់ស្ពឺ ទង្វើរបស់នគរបាលបាលខេត្តកំពង់ស្ពឺខាងលើ សបញ្ជាក់ឲ្យ​ឃើញថា កំពុងតែប្រើប្រាស់នូវឥទ្ធិពលលោកស្នងការ ហើយកំពុងតែប្រព្រឹត្តអំពើពុករលួយចាប់មនុស្សជំរិតយកលុយស្របច្បាប់ហើយ សូមអោយលោកប្រធានអង្គភាពប្រឆាំងអំពើពុករលួយមេត្តាជួយពិនិត្យមើលទង្វើរបស់នគរបាលបាលស្រុកសំរោងទង ដែលមានលោក ឃុត សុផល ជាអធិការនគរបាលស្រុក និងទង្វើរបស់នគរបាលខេត្តកំពង់ស្ពឺផង ដែលមានលោក ជា វណ្ណា ជានាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាល ពូកែណាស់ខាងកែសំណុំរឿងផងទាន បើបណ្តែតបណ្តោយតទៅទៀតខ្លាចក្រែងប៉ះពាល់ដល់កិត្តិយសនគរបាលដែលគេគោរពច្បាប់បានល្អផង។

ពាក់ពន្ធ័និងការលើកឡើងរបស់ប្រជាពលរដ្ឋខាងលើនេះ អ្នកយកព័ត៌មានយើងព្យាយាមទាក់ទងទៅលោក សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺដែរ ប៉ុន្តែទូរសព្ទ័មិនអាចធ្វើការទំនាក់ទំនងបានទេ។ ភ្នាក់ងារយើងខ្ញុំរង់ចាំការបកស្រាយបំភ្លឺណាមួយពីអស់លោកកម្លាំងមានសមត្ថកិច្ចរាល់ម៉ោងធ្វើការ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post