កាលពីព្រឹកថ្ងៃសៅរ៍ ៩កើត ខែទុតិយាសាឍ ឆ្នាំច ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៨ ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំក្រុមគ្រូពេទ្យដោយមានការចូលរួមពីលោកប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ ចុះជួយពិនិត្យ និងព្យាបាលជំងឺ ជូនប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ និងបានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ស្ថិតក្នុងទីតាំងភូមិញរ សង្កាត់កណ្តោដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
អមដំណើរដោយឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ អភិបាលក្រុងច្បារមន និងថ្នាក់ដឹកនាំអង្គភាពនាៗជុំវិញខេត្ត។
អាជ្ញាធរមូលដ្ឋាមបានអានរបាយការណ៏សង្ខេបស្តីពីផលប៉ះពាល់បណ្តាលមកពីគ្រោះទឹកជំនន់នៅទូទាំងខេត្ត ជូនគណៈអធិបតី និងអង្គពិធីទាំងមូល។
ឆ្លៀតក្នុឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រីបានពាំនាំនៅការផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹកពីសណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងបានកោតសរសើរចំពោះអាជ្ញាធរដែនដីនិងមន្ត្រីសុខាភិបាលដែលបានយកចិត្តទុកដាក់និងអន្តរាគមន៍បានទាន់ពេលវេលា។
ម្យ៉ាងទៀត ឯកឧត្តមរដ្ឋមន្ត្រីបានផ្តល់នូវសារអប់រំសុខភាពមួយចំនួនស្តីពីការការពារបញ្ហាសុខភាពក្នុង និងក្រោយពេលទឹកជំនន់ដូចជាត្រូវរក្សាអានាម័យក្នុងការហូបចុកឱ្យបានស្អាតល្អ ហូបទឹកឆ្អិនដាំពុះ ណែនាំពីរបៀបប្រើថ្នាំក្ល័រ៉ាមីនសម្រាប់ដាក់ក្នុងទឹក ត្រូវប្រុងប្រយ័ត្ននៅពពួកសត្វអាសិរពិសចឹកឬខាំ ហើយបើមានបញ្ហាសុខភាព ត្រូវប្រញ៉ាប់ប្រញ៉ាល់បញ្ជូនមកមន្ទីរពេទ្យដើម្បីធ្វើការសង្គ្រោះបើមានករណីពស់ចឹកឬមានករណីជំងឺផ្សេងទៀត។
លើសពីនេះទៅទៀត ឯកឧត្តមរដ្ឋមន្ត្រីសាស្ត្រាចារ្យ បានអញ្ជើញបន្តក់ថ្នាំជីវជាតិអា ដល់កុមារតូចៗ ផ្តល់ថ្នាំបង្ការជំងឺដល់កុមារ និង ផ្តល់ការពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅទីនោះផងដែរ។
ចុងបញ្ចប់កម្មវិធី ឯកឧត្តមបានណែនាំឱ្យមន្ត្រីសុខាភិបាលខិតខំបន្តការយកចិត្តទុកដាក់អបរំណែនាំ តាមដានជាប្រចាំពីបញ្ហាសុខភាព ផ្តល់ការពិនិត្យព្យាបាលជំងឺរហូតដល់ពួកគាត់ត្រឡប់ទៅគេហដ្ឋានវិញ។ ឯកឧត្តមក៏បានចែកជូនឱសថមួយចំនួនជូនដល់មន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ ដើម្បីប្រើប្រាស់បន្តសកម្មភាពពិនិត្យនិងព្យាបាលជំងឺជូនដល់ប្រជាពលរដ្ឋដែលរងគ្រោះនោះ ជាពិសេសស្ត្រីមានផ្ទៃពោះ និងផ្តល់ការចាក់ថ្នាំបង្ការជាបន្តទៀត ដោយរដ្ឋជាអ្នកចេញថ្លៃជួសផងដែរ។ នេះបើយោងតាមរបាយការណ៍មន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ។