ភ្នំពេញៈ ធនាគារជាតិ នៃកម្ពុជា មិនគាំទ្រឲ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ប្រើប្រាស់ភ្នាក់ងារសន្តិសុខប្រដាប់អាវុធ នៅក្នុងឬក្បែរបរិវេណទីស្នាក់ការរបស់ខ្លួនឡើយ ខណៈពេលដែលកម្ពុជា កំពុងមានសន្តិភាពពេញលេញ ។
យោងតាមលិខិតរបស់ធនាគារជាតិ នៃកម្ពុជា បានផ្ញើទៅកាន់ម្ចាស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទាំងអស់ កាលពីថ្ងៃទី២០ ខែកក្កដានេះ បានឲ្យដឹងថា គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ត្រូវស្នើសុំកិច្ចសហការ និងការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ក្នុងការប្រើប្រាស់ភ្នាក់ងារសន្តិសុខប្រដាប់អាវុធ ផ្អែកតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន ជាជាងប្រើប្រាស់ភ្នាក់ងារសន្តិសុខប្រដាប់អាវុធ នៅក្នុងឬក្បែរបរិវេណទីស្នាក់ការរបស់ខ្លួនឡើយ ដោយពុំមានសុំការអនុញ្ញាតពីធនាគារជាតិ ។
បើតាមលិខិតដដែលនេះ ក៏បានបញ្ជាក់ដែរថា កន្លងមក ធនាគារជាតិ បានពិនិត្យឃើញថា គ្រឹះស្ថានមួយចំនួន កំពុងប្រើប្រាស់ភ្នាក់ងារសន្តិសុខប្រដាប់អាវុធ ការពារនៅក្នុង ឬក្បែរបរិវេណទីស្នាក់ការរបស់ខ្លួន ដែលអាចបង្កហានិភ័យជាយថាហេតុ ដល់អាយុជីវិតប្រជាជន និងសណ្តាប់ធ្នាប់សាធារណៈ ជាការចាំបាច់ធនាគារជាតិ បានតម្រូវឲ្យគ្រឹះស្ថានទាំងនោះ សុំការអនុញ្ញាតពីអាជ្ញាធរពាក់ព័ន្ធជាបន្ទាន់ ព្រមទាំងរាយការណ៍ទៅអគ្គនាយកដ្ឋានត្រួតពិនិត្យ នៃធនាគារជាតិ ឲ្យបានមុនថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ អំពីបញ្ជីឈ្មោះភ្នាក់ងារសន្តិសុខ និងចំនួនអាវុធ៕
ខាងក្រោមនេះ គឺជាលិខិតដែលធនាគារជាតិ នៃកម្ពុជា ផ្ញើទៅកាន់ម្ចាស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទាំងអស់៖