
កណ្ដាលៈ បក្ខពួកចោរឆក់២នាក់ ក្នុងចំណោម៤នាក់ ត្រូវបានកម្លាំងនគរបាលក្រុងតាខ្មៅ ខេត្តកណ្ដាល ធ្វើការឃាត់ខ្លួនបន្ថែមទៀត បន្ទាប់ពីក្រុមពួកគេ បានធ្វើសកម្មភាពឆក់ទូរស័ព្ទពីនារីម្នាក់ កាលពីវេលាម៉ោង៧និង១០នាទីយប់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចភ្លើងស្តុបតាលន់ ភូមិថ្មី១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
សមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ទា លីស័ង ភេទស្រី អាយុ២៤ឆ្នាំ ទីលំនៅភូមិកណ្តាលសង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានី ភ្នំពេញ មុខរបរលក់ខោអាវ ។


សមត្ថកិច្ច បន្តថា ពេលសកម្មភាពភ្លាមៗ កម្លាំងសមត្ថកិច្ចបានជនសង្ស័យ២នាក់ ឈ្មោះ ណុប ភារ៉ា និងឈ្មោះ ហួច លាងហួរ ចំណែកឈ្មោះ មឿង សុផៃ និងឈ្មោះ ចាន់ វណ្ណី (នី) បានគេចខ្លួន។
សមត្ថកិច្ច បន្តទៀតថា លុះដល់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨ សមត្ថកិច្ចបានស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័សម្នាក់ទៀត ឈ្មោះ មឿង សុផៃ យកមកអធិការដ្ឋាន ដើម្បីធ្វើការសាកសួរ តាមចម្លើយយសារភាពរបស់ឈ្មោះ មឿង សុផៃ ទើបសមត្ថកិច្ចបានឈានទៅឃាត់ខ្លួនចនសង្ស័យម្នាក់ទៀតឈ្មោះ អំ វណ្ណឌី ហៅម៉ៅ ភេទប្រុស អាយុ២៨ឆ្នាំ ទីលំនៅភូមិតាក្តុល សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ ដែលបានលក់អាវុធឲ្យឈ្មោះមឿង សុផៃ យកទៅធ្វើសកម្មភាពប្លន់ និងទទួលទិញម៉ូតូ១គ្រឿងម៉ាកស្កុបពីពណ៌ស ដែលក្រុមសង្ស័យឈ្មោះ មឿង សុផៃ ប្លន់បាននៅឃុំស្វាយរលំ ស្រុកស្អាង។


ក្រោយឃាត់ខ្លួនជសង្ស័យទាំងពីរនាក់ កម្លាំងសមត្ថកិច្ចដកហូតវត្ថុតាងរួមមាន ៖ អាវុធខ្លី១ដើម ម៉ាកប៉េអាម៉ាប់ ពណ៌ខ្មៅ លេខAZ២៣៩០ ផលិតនៅប្រទេសសូវៀត បង់១ គ្រាប់៥គ្រាប់ សំបកផ្ទុះ២គ្រាប់ ម៉ូតូ១គ្រឿងម៉ាកស្កុបពី ពណ៌ស សេរីឆ្នាំ២០១៨ ស្លាកលេខភ្នំពេញ 1HA-5164 ស្លាកលេខចំនួន១ទៀត ភ្នំពេញ 1GQ-3495 ប័ណ្ណសំគាល់យានយន្ត១សន្លឹក កាបូបពណ៌ខ្មៅ១ ប្រាក់៧ដុល្លារ ប្រាក់រៀល ១៥.០០០រៀល កំប៉ុងជ័រ១ ថង់ក្រណាត់ពណ៌ក្រហម១ ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចក្រុងតាខ្មៅ កសាងសំណុំរឿង ដើម្បីបញ្ជូនតុលាការចាត់ការតាមនីតិវិធី៕

