header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ខ្លាំងមែន មើលតែនៅស្រុកចិនចឹង បានជាហ៊ានម្លឹងៗ! ស្រ្តីខ្មែរម្នាក់ ក្នុងចំណោមគ្នា២នាក់ ត្រូវបុរសជនជាតិចិន មានគ្នា៣នាក់ ប្រដាប់ដោយដែកគាស់ ជិះរថយន្តមួយគ្រឿងបិទស្លាកលេខ មកធ្វើសកម្មភាពវាយបណ្តាលឲ្យរងរបួសធ្ងន់ និងវាយរថយន្តជនរងគ្រោះខ្ទេច បង្កឲ្យភ្ញាក់ផ្អើលដល់ប៉ូលិសមួយចំហៀងខណ្ឌពោធិសែនជ័យ ប្រដេញតាមចាប់ផ្អើលពេញផ្លូវ កាលពីវេលាម៉ោង១១៖៤៥នាទីព្រឹក ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ មុខហាងកាហ្វេតេស្ត ផ្លូវវេងស្រេង ភូមិចោមចៅ២ សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា ស្រ្តីរងគ្រោះមានឈ្មោះ ហង់ ចាន់នី អាយុ២៦ឆ្នាំ មុខរបរ បុគ្គលិករោងចក្រស្បែកជើង មានទីលំនៅផ្ទះ165Eoz ផ្លូវ93 សង្ហាត់មនោរម្យ ខណ្ឌ៧មករា រងរបួសធ្ងន់ ត្រូវបានបញ្ជូនចូលសង្រ្គោះនៅគ្លីនិកភ្លាមៗ គ្រាន់តែដឹងថា បម្រើការងារនៅរោងចក្រស្បែកជើង។ ជនរងគ្រោះជិះរថយន្ត ១គ្រឿង ម៉ាកកាមរីបាឡែន ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AN-1659 ។ ចំណែកជនបង្កជាជនជាតិចិន មានគ្នា៣នាក់ ក្នុងនោះមានឈ្មោះ ចូ ហ្វីលីប អាយុ៤២ឆ្នាំ ធ្លាប់មានគុំនុំជាមួយជនរងគ្រោះផងដែរ។ ទាំង៣នាក់ ជិះរថយន្តមួយគ្រឿង ម៉ាកកាមរីឆ្លាម ពណ៌ស្ករ យកទឹកលុបគូសបិទស្លាកលេខបាត់ ។

តាមប្រភពបានឲ្យដឹងថា មុនកើតហេតុ ស្រ្តីរងគ្រោះបើករថយន្ត រួមដំណើរជាមួយស្រ្តីម្នាក់ទៀត បំរ៉ុងហូបបាយនៅហាងកាហ្វេតេស្ត ហើយគ្រាន់តែជនរងគ្រោះចុះពីលើរថយន្ត ស្រាប់តែក្រុមជនបង្ក ប្រដាប់ដោយដែកគាស់ ចំនួន២ដើម បើករថយន្តកាមរីឆ្លាម ទៅដល់ធ្វើសកម្មភាពវាយទៅលើស្រ្តីរងគ្រោះ បណ្តាលឲ្យដេកដួលរងរបួសធ្ងន់ ហើយវាយរថយន្តជនរងគ្រោះ បណ្តាលឲ្យបែកកញ្ចក់ខ្ទេចជុំវិញ ។

ក្រោយពីធ្វើសកម្មភាពរួចក្រុមជនដៃដល់បើករថយន្តរត់គេចផ្អើលអស់សមត្ថកិច្ច មួយចំហៀងខណ្ឌពោធិសែនជ័យ ចេញអន្តរាគមន៍ប្រដេញតាមចាប់ជនបង្ក រហូតដល់ផ្លូវសហព័ន្ធរុស្សី មុខព្រលានយន្តហោះពោធិចិនតុង ទើបសមត្ថកិច្ចចាប់ឃាត់ខ្លួនបាន៣នាក់ ដកហូតបានវត្ថុតាងដែកគាស់២ដើម ។

តាមប្រភពផ្សេងមួយទៀត បានឲ្យដឹងថា ករណីខាងលើ ជារឿងគំនុំពីមុនមក ស្រ្តីរងគ្រោះត្រូវបានថៅកែចិនរោងចក្រ ឈ្មោះ ចូ ហ្វីលីប គម្រាមកំហែងប៉ុនប៉ងចាប់រំលោភ តែមិនបានសម្រេច ត្រូវបានជនរងគ្រោះប្តឹង ហើយថៅកែចិននោះ ត្រូវបានបញ្ឈប់ពីការងារ លុះរហូតមកដល់ព្រឹកកើតហេតុនេះ គេសង្ស័យថៅកែចិនរូបនោះ នាំបក្ខពួកជនជាតិចិនដូចគ្នា សរុប៣នាក់ខាងលើ មកប៉ុនប៉ងសម្លាប់ជនរងគ្រោះចោល ទើបរៀបគម្រោងបិទស្លាកលេខរថយន្ត ជាស្រេច មកធ្វើសកម្មភាពវាយជនរងគ្រោះ និងវាយកម្ទេចរថយន្តជនរងគ្រោះខ្ទេច ។

តែទោះជាយ៉ាងណាក្តី ក្រោយពីសកម្មភាពហិង្សាខាងលើ ជនដៃដល់ត្រូវបានចាប់ខ្លួន រួមជាមួយវត្ថុតាង នាំទៅសាកសួរនៅផ្នែកជំនាញ។ ចំណែក ស្រ្តីរងគ្រោះត្រូវបានបញ្ជូនទៅសង្រ្គោះនៅគ្លីនិក សមត្ថកិច្ចបន្តធ្វើការសាកសួរ និងចំណាត់ការតាមនីតិវិធីច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post