header ads

Sponsor

រិទ្ធី

ក្នុង​រយៈពេល​ត្រឹម​ជាង​មួយ​សប្តាហ៍ ពលករ​ខ្មែរ​ប្រមាណ​ជាង​ ១ ០០០​នាក់​ដែល​បាន​ចូល​ស្នាក់នៅ និង​បម្រើ​ការងារ​ដោយ​ខុស​ច្បាប់ ត្រូវបាន​កម្លាំង​តម្រួត​អន្តោប្រវេសន៍​ថៃ​ចាប់​​បញ្ជូន​ត្រឡប់​មក​កម្ពុជា​វិញ​តាម​ច្រកអន្តរជាតិ​ប៉ោយប៉ែត​ ​ខេត្ត​បន្ទាយមានជ័យ។ នេះជាការបញ្ជាក់របស់លោកស្រី ស៊ិន ណាំយ៉ុង អនុប្រធាន​គណៈកម្មការ​សម្របសម្រួល​ទទួល​ពលករ​ពី​ប្រទេស​ថៃ​ប្រចាំ​ច្រក​ប៉ោយប៉ែត។

ការបញ្ជូលពលករខ្មែរត្រឡប់មកវិញនេះ ក្រោយពី​រដ្ឋាភិបាល​ប្រទេស​ថៃ​បាន​ប្រកាស​បិទ​ការផ្ដល់​សុពលភាព​នូវ​ឯកសារ​ការងារ និង​ធ្វើ​ដំណើរ​ស្រប​ច្បាប់​សម្រាប់​ពលករ​បរទេស​ទាំងអស់​កាលពី​ចុង​ខែ​មិថុនា​ ឆ្នាំ២០១៨។

​លោកស្រី​ ស៊ិន ណាំយ៉ុង បាន​ថ្លែង​ថា​៖ ក្នុង​ឯកសារ​បញ្ជូន​ពលករ​របស់​ក្រុម​តម្រួត​អន្តោប្រវេសន៍​ថៃ​នោះ​បាន​ព្រមាន​ថា​នឹង​ចាត់វិធានការ​តឹងរ៉ឹង​បំផុត​តាម​ផ្លូវ​ច្បាប់​ប្រឆាំង​នឹង​ពលករ​ចំណាកស្រុក​ទាំង​នោះ ប្រសិន​បើ​ពួកគេ​ត្រូវ​បាន​ចាប់​ខ្លួន​សារ​ជាថ្មី​ក្នុង​បទល្មើស​ដូច​គ្នា​នេះ​។

តំណាង​ពលករ​ខ្មែរ​ម្នាក់ដែលធ្វើការ​នៅ​ប្រទេស​ថៃ បានឱ្យដឹងថាពលករ​ធ្វើការ​ខុសច្បាប់​នៅ​ទីក្រុង​បាងកក​ជាច្រើន​នាក់ បាន​ត្រឡប់​ទៅ​ប្រទេសកម្ពុជាវិញ​យ៉ាង​ប្រញាប់ប្រញាល់តាំងពី​ថ្ងៃ​ទី​២៩ មិថុនា ដោយសារ​ខ្លាច​សមត្ថកិច្ច​ថៃ​ចាប់​ដាក់គុក មុន​នឹង​បញ្ជូន​ត្រឡប់​ទៅ​ស្រុកកំណើត។

ចំណែកឯ​ពលករ​ដែល​ធ្វើការ​ខុសច្បាប់​នៅ​តំបន់​មាត់សមុទ្រ​របស់​ថៃ​ម្នាក់ទៀត បានថ្លែង​ថាកន្លែងធ្វើការ​របស់​ពួកគាត់​មាន​ពលករ​ខ្មែរ​ប្រមាណ ៤០​នាក់ គឺ​សព្វថ្ងៃ​ពួកគាត់​ធ្វើការ​ទាំង​ភិតភ័យ ហើយ​ម្នាក់ៗ​មិន​ហ៊ាន​ចេញ​ដើរ​ទៅ​ណា​ឆ្ងាយ​ពី​កន្លែងធ្វើការ​នោះ​ទេ។

សូមបញ្ជាក់ថាច្បាប់​របស់​ក្រសួង​ការងារប្រទេស​ថៃ ដែល​បានចាប់​អនុវត្តន៍​កាលពី​ថ្ងៃ​ទី០​១ ខែកក្កដា ឆ្នាំ២០១៨ ចែងថា​ពលករ​ដែល​ធ្វើការ​មិន​មាន​ប័ណ្ណ​អនុញ្ញាត​ការងារ ឬ​ធ្វើការ​ក្រៅ​ពី​សិទ្ធិ​ដែល​អាច​ធ្វើ​បាន នឹង​ត្រូវ​ទទួល​ការ​ផាក​ពិន័យ​ពី ៥​ពាន់​ទៅ​៥​ម៉ឺន​បាត ឬ​ប្រមាណ​ពី ១៧០ ទៅ​១ ៧០០​ដុល្លារ​អាមេរិក ហើយ​ពលករ​នឹង​ត្រូវ​បញ្ជូន​ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ ហើយ​ហាមឃាត់​មិន​ឱ្យ​ធ្វើការ​នៅ​ប្រទេស​ថៃ រយៈពេល ០២​ឆ្នាំ ដោយ​គិត​ចាប់​ពី​ថ្ងៃ​ទទួលពិន័យ។

យោង​តាម​របាយការណ៍​របស់​ក្រសួង​ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថាពលករ​ខ្មែរ​ប្រមាណ​ ១​លាន​ ៧ ​ម៉ឺន​នាក់​បាន​ស្នាក់នៅ និង​បំពេញ​ការងារ​នៅក្នុង​ប្រទេស​ថៃ​។ ​នៅក្នុង​សន្និបាត​បូកសរុប​ការងារ​កាលពី​ថ្ងៃទី​១៤ ខែ​មីនា ឆ្នាំ​ ២០១៨ ក្រសួងការងារ​បាន​ឲ្យ​ដឹងថា រាជរដ្ឋាភិបាលកម្ពុជា​បាន​ផ្ដល់​សេវា​ជួយ​ស្វែងរក​ការងារ​ធ្វើ​នៅ​ក្រៅ​ប្រទេស​ជូន​ប្រជាពលរដ្ឋ​បាន​ជាង ១ ​លាន ២ ​សែន​នាក់។

បច្ចុប្បន្ន ពលករ​ខ្មែរ​ដែល​កំពុង​ធ្វើ​ការ​ងា​រ​នៅ​ប្រទេស​ថៃ​មាន​ជាង​១​លាន​នាក់ ក្នុង​នោះ​ពលករ​មួយ​ចំនួន​ធ្វើការ​ងារ​ខុសច្បាប់។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post